កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ គេឃើញមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា អ្នកជំនួញ និង អ្នកមានមុខមាត់នៅក្នុងប្រទេសកម្ពុជា រហូតដល់ជាង៣០រូប ឡើងទៅទទួលពានឆ្នើម និង សញ្ញាប័ត្របណ្ឌិត និង បណ្ឌិតកិត្តិយស នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្នុងចំណោម បញ្ញាវ័ន្តខ្មែរ ដែលទទួលបានកិត្តិយសនៅក្នុងថ្ងៃនោះ គេក៏ឃើញមានវត្តមាន ឯកឧត្តម បណ្ឌិត មាន សុខន្តី មួយរូបផងដែរ ដែលឯកឧត្តម ត្រូវបានគេស្គាល់ថាមានតួជាឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយកក្រុមហ៊ុន ខន្តី ខេអេនធី គ្រុប និងជាទីប្រឹក្សាជាន់ខ្ពស់ សារព័ត៌មាន ខេម អេស៊ា ញូវស៍ ផងដែរ។
សញ្ញាបត្របណ្ឌិតកិត្តិយស ដែលឯកឧត្តមទទួលបាន គឺជាសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងទូទៅ ខណៈដែលអ្នករៀបចំកម្មវិធីបញ្ជាក់ថា ការផ្ដល់ពានឆ្នើម និង សញ្ញាប័ត្របណ្ឌិតកិត្តិយស ជូនដល់ឯកឧត្តមនេះ គឺបន្ទាប់ពីមានការវាយតម្លៃលើស្នាដៃការងារ លើសកម្មភាពលះបង់ជួយសង្គម និង ក្នុងវិស័យសាសនាកន្លងមករបស់ឯកឧត្តម មុននឹងឈានដល់ការសម្រេចប្រគល់ជូន។
នៅលើបណ្ដាញសង្គម ក៏ឃើញមានការបង្ហោះជូនពរ និង ស្ងើចសរសើរចំពោះឯកឧត្តម បណ្ឌិតជាហូរហែរផងដែរ ក្រោយពីឯកឧត្តមបណ្ឌិត បង្ហោះពីសកម្មភាពទទួលពាន និង សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ។
ឯកឧត្តម បណ្ឌិត មាន សុខន្តី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលឯកឧត្តម ក្នុងនាមជាកូនខ្មែរ តែទទួលបាននូវកិត្តិយសនេះ នៅក្នុងប្រទេសថៃ ដោយពិធីប្រគល់ពាន និង សញ្ញាប័ត្របណ្ឌិតនេះ ក៏ផ្ដល់ព្រះវត្តមានដោយព្រះអង្គម្ចាស់មួយអង្គ ក្នុងសែព្រះរាជវង្សថៃ។
ឯកឧត្តម កាន់តែមានមោទនភាពថែមមួយកម្រិតទៀត នៅពេលបុគ្គលឆ្នើមៗ ដែលទទួលពាន និង សញ្ញាប័ត្របណ្ឌិតភាគច្រើននៅក្នុងថ្ងៃនោះ ក៏មានថ្នាក់ដឹកនាំ ឧកញ៉ាៗ និង បុគ្គលល្បីៗ ដែលឯកឧត្តមយល់ថា នេះគឺជាសមិទ្ធផលមួយដ៏ធំសម្រាប់ជីវិតការងារ បន្ទាប់ពីឯកឧត្តម សកម្មរាប់មិនអស់ នឹងការងារសាសនា ការងារសង្គមសប្បុរសធម៌ និង ការងារមុខជំនួញមួយចំនួន ដើម្បីពង្រឹងសមត្ថភាពគ្រប់គង។
ឯកឧត្តម បណ្ឌិត មាន សុខន្តី ក៏ប្រកាសពីកជំហបន្តនូវការងារជួយសង្គម ដូចដែលឯកឧត្តម ធ្លាប់បានធ្វើផងដែរ ក្រោយពីត្រូវបានប្រទេសថៃ ផ្ដល់អោយនូវកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងចំណោមសុទ្ធសឹងតែជាឥស្សរជនឆ្នើមៗពីកម្ពុជា មួយនេះ៕