យុទ្ធនាការបោះឆ្នោត បញ្ចប់ដោយសេរី និងប្រកបដោយក្រមសីលធម៌មិនធ្លាប់មាន

0

ខុសពីយុទ្ធនាការឃោសនាបោះឆ្នោតអណ្ណត្តិមុនៗ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត នាឆ្នាំនេះ គឺប្រកបដោយបរិយាកាសរីករាយ និង ប្រកបដោយក្របសីលធម៌ គួរអោយសរសើរ ដោយគេមិនឃើញសកម្មជន និង តំណាងគណបក្សនីមួយៗ ធ្វើសកម្មភាពឃោសនា ដោយប្រើពាក្យសម្ដីជេរប្រមាថគ្នា ឬ វៃប្រហារគ្នាជាពាក្យសម្ដី ដើម្បីស្វែងរកការគាំទ្រនោះទេ។ ធៀបនឹងអណ្ណត្តិកន្លងទៅ យុទ្ធនាការឃោសនាបោះឆ្នោត ដែលទើបបញ្ចប់នារាត្រីថ្ងៃទី២១ កក្កដា នេះ គឺថាបណ្ដាគណបក្សនីមួយៗ ប្រកាសតែពីគោលនយោបាយល្អៗរបស់ខ្លួនប៉ុណ្ណោះ ដោយមិនឃើញមានការបណ្ដុះបង្អាប់ ឬ ជេរប្រមាថគ្នាឡើយ។ អ្នកចូលរួមដង្ហែរក្បួនទៀតសោត ក៏មិនមានសកម្មភាពពាក់មុខយក្សដាក់គ្នា ឬ ឌឺដងដាក់គ្នា ដែលធ្វើអោយគេមើលឃើញពីមូលហេតុដែលនាំបង្កើតជាហិង្សា ឬ ជារូបភាពអសីលធម៌ ដូចដែលគេធ្លាប់ឃើញពីមុន។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអនុប្រធានសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ដោយសារបរិយាកាសក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្មោត នៅក្នុងឆ្នាំនេះ មានការគោរពសិទ្ធិនយោបាយគ្នាទៅវិញទៅមក និង គ្មានការឌឺដងគ្នា រវាងអ្នកស្រលាញ់គណបក្សផ្សេងៗគ្នានឹងហើយ ទើបធ្វើអោយតារាសិល្បៈ និង អ្នកជំនួញកាន់តែច្រើន ហ៊ានបញ្ចេញមុខក្នុងការចូលរួមគាំទ្រគណបក្សដែលខ្លួនស្រលាញ់ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានការគាំទ្រពីបុគ្គលដែលមានមុខមាត់នៅលើបណ្ដាញសង្គមបែបនេះ កាន់តែច្រើន។ លោកថា តារាសិល្បៈ នៅក្នុងអណ្ណត្តិនេះ ពួកគាត់កាន់តែក្លាហានក្នុងការចូលរួមយុទ្ធនាការឃោសនាបក្សស្ទើរតែគ្រប់ៗគ្នា ខុសប្លែកពីមុន បន្ទាប់ពីអ្នកលេងបណ្ដាញសង្គម និង ក្រុមអ្នកគាំទ្របក្សផ្សេងៗគ្នា ចាប់ផ្ដើមយល់ពីសិទ្ធិចូលរួមក្នុងឆាកនយោបាយ ហើយមិនវ៉ៃប្រហារគ្នា ដែលធ្វើអោយតារាសិល្បៈ មិនខ្លាចក្នុងការគាំទ្រ គណបក្សដែលពួកគេស្រលាញ់ និង មានឆន្ទៈក្នុងការចូលរួម។

ជាមួយនឹងបរិយាកាស ដែលកាន់តែល្អខុសពីអណ្ណត្តិកន្លងមកនេះហើយ ដែលលោក ក្នុងនាមជាស្ថាបនិកគ្រួសារតារាកម្ពុជា បានសម្រេចចិត្តចូលឆាកនយោបាយ ដោយបានចូលគាំទ្រនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ហើយបានទាំងដឹកនាំ តារាសិល្បៈ និង សមាជិកក្នុងមួយលើកៗប្រមាណជាង១០០នាក់ អោយចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃទី១ និង ចូលរួមក្នុងសកម្មភាពជួបជុំអ្នកនយោបាយផ្សេងៗ ហើយឃើញថា មហាជនមិនមានសកម្មភាពយកអ្នកសិល្បៈទៅរិះគន់ ធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាពដូចការចូលរួមរបស់អ្នកសិល្បៈ ក្នុងអណ្ណត្តិមុនៗទេ ផ្ទុយទៅវិញមានតែការសរសើរ ពិសេសចំពោះសិល្បករណា ដែលទទួលបានមុខតំណែង ក្នុងជួរគណបក្ស។

ជាមួយនឹងបរិបទដែលកម្រឃើញនេះហើយ ដែលលោក ផាត់ តារារដ្ឋ ដែលជាប្រធានក្រុមអ្នកសិល្បៈមួយរូប និង ជាអនុប្រធានសាខាកិត្តិយស កោតសរសើរថា យុទ្ធនាការឃោសនាបោះឆ្នោតក្នុងអណ្ណត្តិនេះ គឺពីដើមដល់ចប់ គឺល្អជាងអណ្ណត្តិមុនៗដាច់ ហើយបើនិយាយពីបរិយាកាសរីករាយ និង ក្រមសីលធម៌ ក្នុងការឃោសនា គឺក្នុងអណ្ណត្តិនេះ កំពុងក្លាយជាគំរូជាប្រវត្តិសាស្ត្រ បើរាប់ពីពេលដែលកម្ពុជា មានការបោះឆ្នោតដោយស្របច្បាប់មកនោះ។ លោក បញ្ជាក់ថា ពលរដ្ឋគ្រប់រូបគួរមានសិទ្ធិ និង សេរីភាពបែបនេះ ក្នុងការចូលរួមជាមួយគណបក្សដែលខ្លួនស្រលាញ់ ដោយមិនគួរមានសម្ពាធគេរិះគន់ ឬ ទទួលរងនូវបរិយាកាសណាមួយ ដែលជាការបំបិទសិទ្ធិ ចំពោះការសម្រេចចិត្ត និង ចូលរួមរបស់ខ្លួនឡើយ៕