ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

0

(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំគណៈកម្មការរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» ដើម្បីបង្កឱកាសដល់យុវជនជាមន្រ្តីរាជការ ក្រឡាបញ្ជី និងអាជ្ញាសាលាកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ បានបញ្ចេញនូវទេពកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងចំណេះដឹង និងសមត្ថភាពពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នេះ បានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នឹងធ្វើការជ្រើសរើសបានបេក្ខជនជាប់ Short List ចំនួន៤៨រូប ដើម្បីចូលរួមប្រកួតជម្រុះ។ កម្មវិធី បានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដែលលើកទី១-ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វគ្គសម្ភាសន៍ ដែលគណៈកម្មការបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន២២រូប (ស្ត្រី៩រូប) និងលើកទី២-ត្រូវបានរៀបចំនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វគ្គបង្ហាញសមត្ថភាពលើវេទិកា ដែលគណៈកម្មការបានធ្វើការជ្រើសរើសបានបេក្ខជន បេក្ខនារី ចំនួន១០រូប (ស្ត្រី ៥ រូប) ដើម្បីឈានមកប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជ័យលាភី ចំនួន៣រូប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានបេក្ខជន បេក្ខនារី ចុងក្រោយ ចំនួន១០រូប (ស្ត្រី៥រូប) ចូលរួម និងត្រូវជ្រើសរើសដោយអង្គបោះឆ្នោតដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី រួមជាមួយពិន្ទុនៃការ Share, Like និង Comment នៅលើ Facebook Page ក្រសួងយុត្តិធម៌ ចំពោះបេក្ខជន បេក្ខនារី នីមួយៗ ពីសំណាក់សាធារណជន៕