យោងតាមការប្រកាសនៅលើគណនីហ្វេសប៊ុករបស់ ឧកញ៉ា យ៉ន សេងហាន កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ បានលើកឡើងទាំងក្ដុកក្ដួលថា៖ «ខ្ញុំទើបបានស្តាប់ប្រវត្តិលំអិតរបស់អតីតកីឡាករ បឺត សំរេច ដែលជាដំណក់ឈាម អធិរាជសំលេងមាស លោកតា ស៊ិន ស៊ីសាម៉ុត កាលពីយប់មិញនេះ គឺពិតជាកំសត់ខ្លាំងណាស់ ហើយទប់ទឹកភ្នែកមិនចង់បានទេ! »។
« ក្រៅពីជីវិតជាកូនកំព្រាអត់ខាន់ស្លា គឺគាត់រស់នៅជាមួយម្តាយចិញ្ចឹម(អ៊ុំស្រី) ក្រលំបាក ត្រូវឪពុកចិញ្ចឹមធ្វើបាប ហើយពិសេសម្តាយគាត់មានប្តីថ្មី បានផ្តាំម្តាយចិញ្ចឹមថាមិនឱ្យ បង បឺត សំរេច ទៅជួប ទៅស្គាល់ឡើយ»។
« ដោយខ្ញុំមានការគោរពដឹងគុណចំពោះ លោកតា ស៊ិន ស៊ីសាម៉ុត ដែលបម្រើអារម្មណ៍ ខ្ញុំនិងបងប្អូនខ្មែរទូទាំងពិភពលោក រាប់សិបឆ្នាំកន្លង មក និងរួមផ្សំបង បឺត សំរេច ជាដំណក់ឈាមគាត់ ហើយគាត់ជាមនុស្សស្លូតត្រង់ គួរអោយអាណិត គោរពស្រលាញ់ ជាទឹកចិត្តតិចតួច ខ្ញុំជួយឧបត្ថម្ភដីឡូតិ៍ មួយឡូតិ៍ ដល់គាត់តម្លៃខ្ទង់ ៨០០០ដុល្លារ ហើយនិងជូនផលិតសុខភាពព្យាបាលជំងឺដល់ម្តាយចិញ្ជឹមគាត់១ឈុតផងដែរ ព្រោះឥលូវឮថាគាត់កំពុងឈឺនៅពេទ្យ»។
សូមជម្រាបជូនថា ការឧបត្ថម្ភដល់លោក បឺត សំរេច នាពេលនេះ ក្រោយពីរឿងរ៉ាវគ្រួសាររបស់អតីតកីឡាករប្រដាល់រូបនេះ ដែលប្រកាសជាកូនឥតខាន់ស្លារបស់ អធិរាជសម្លេងមាស ស៊ីន ស៊ីសាម៉ុត បានលាតត្រដាងឡើង ពេលលោកឡើងច្រៀងក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕