គ្រប់បណ្ដាខេត្តក្រុង នៅថ្ងៃទី១ កក្កដា ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការហែរបក្សយ៉ាងកក្រើកតែម្ដង ជាពិសេសនៅរាជធានីភ្នំពេញ។ ជាក់ស្ដែងក្បួនដង្ហែរពេលល្ងាច ដែលមានផែនសហគ្រិនវ័យក្មេងជាច្រើនពាន់នាក់ចូលរួម គឺស្ទើរតែងងឹតដងផ្លូវតែម្ដង ដោយសារតែក្បួនដង្ហែរដ៏ធំមួយនេះ មានអ្នកចូលរួមយ៉ាងកុះករ ជាពិសេសគឺម្ចាស់អាជីវកម្មតូចធំតែម្ដង។
លោក ផាត់ តារារដ្ឋ អនុប្រធានសាខាកិត្តិយស ក្នុងផែនសហគ្រិនវ័យក្មេង នៃជួរគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រធានក្រុម និង សមាជិកចូលរួមដង្ហែរបក្សក្នុងក្បួននោះ ប្រមាណជិត២០០នាក់ បានអះអាងថា បរិយាកាសឃោសនាបក្សរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អណ្ណត្តិនេះ គឺពិតជាមានការគាំទ្រខ្លាំងមែនទែន ដោយអ្នកស្ម័គ្រចិត្តចូលរួម គឺមានចំនួនកកកុញ និង ចូលរួមដោយឆន្ទៈ ដែលបង្ហាញកាន់តែច្បាស់ពីការគាំទ្រគណបក្សកាន់អំណាច គឺលេខរៀងទី១៨ ដែលខុសពីការយល់ឃើញថា ចំនួនដ៏ច្រើនដែលបានដង្ហែរក្បួននេះ អាចមានការបង្ខិតបង្ខំ ឬ សម្ពាធ។
លោកថា អណត្តិនេះ គណបក្សប្រជាជនកម្ពុជា បានស្រូបទាញការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង ហើយលោកហ៊ានអះអាងថា ប្រជាប្រិយភាពដែលបានស្ដែងឡើងនេះ នឹងធ្វើអោយគណបក្សប្រជាជនមានសំលេងឈ្នះដាច់ ដោយមិនពិបាក។ ក្នុងនោះលោកក៏សរសើរពីបរិយាកាសនៃការហែរក្បួនផងដែរ ដែលទោះជាមានអ្នកចូលរួមច្រើនម៉ឺននាក់ក៏ពិតមែន តែមិនបានបង្កអោយមានការកកស្ទះ ឬ មានបរិយាកាសមិនល្អណាមួយ ក្នុងពេលដង្ហែរក្បួន។
ក្នុងនោះ ពាក្យជ័យឃោស ដែលបានបន្លឺឡើង ក៏បង្កប់នូវភាពរីករាយ និង ធ្វើអោយអ្នកចូលរួម សប្បាយរីករាយ ដោយមិនមានសារនយោបាយណា ដែលបង្កប់ខ្លឹមសារឌឺដងដល់គណបក្សណាមួយនោះផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ទទូចអោយពលរដ្ឋ ចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយលោកថា មានតែបោះជូនគណបក្ស ដែលមានលេខរៀងទី១៨ប៉ុណ្ណោះ ដែលនឹងបន្តនយោបាយអភិវឌ្ឍន៍ជាតិ និង រក្សាសន្តិសុខប្រកបដោយភាពយូរអង្វែងជាងគេ សម្រាប់ការដឹកនាំជាតិ។