លោក ចាប តូ ជនមានពិការភាពដំបូងគេ ក្លាយជាអនុរដ្ឋលេខាធិការ និង មានងារជាឯកឧត្តម

0

យោងតាមព្រះរាជក្រឹត លោក ចាប តូ ដែលងងឹតភ្នែកទាំងសងខាង និង ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ជា អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីយុទ្ធជន និង យុវនិតិសម្បទា កាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ មុននេះ។

ផ្អែកតាមព្រះរាជក្រឹត្យ បានធ្វើអោយលោក ចាប តូ ក្លាយជាជនងងឹតភ្នែក ដែលមើលមិនឃើញទាំងសងខាងដំបូងគេ ដែលមានតំណែងជាមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល។ យ៉ាងណាក៏ដោយ មានការអបអរសាទរយ៉ាងខ្លាំង ដោយសារលោក ត្បិតថាមើលមិនឃើញក៏ពិតមែន តែលោកមានសមត្ថភាពពិសេស អាចស្ទាបអក្សរ ហើយអាន និង យល់ខ្លឹមសារបានរហ័ស។

លោកក៏មានសមត្ថភាពអាចលេងកីឡា មានទឹកដមសំលេងល្អ និង មានការចងចាំខុសពីបុគ្គលធម្មតា ហើយលោកក៏ជាប្រធានសមាគមជនពិការភ្នែក ដែលអាចរៀបចំកម្មវិធីធំៗ និង ចេះរៀបចំឯកសារផ្លូវការជូនថ្នាក់ដឹកនាំ ដូចមនុស្សមិនពិការភ្នែកផងដែរ។ តំណែងរបស់លោក ក៏ចាត់ទុកថាគឺជា ការលើកកម្ពស់ចំពោះជនពិការទាំងឡាយ ដែលត្រូវបានគេមើលរំលងផងដែរ។

ក្រោយការប្រកាសនេះ គេជឿថា លោក ចាប តូ នឹងកាន់តែបានរួមចំណែកជួយសង្គមច្រើនឡើង ជាពិសេសសកម្មភាពជាប្រយោជន៍របស់ជនពិការភ្នែក បន្ថែមពីលើសកម្មភាពដែលលោកធ្លាប់បានធ្វើយ៉ាងសកម្មកន្លងមកហើយនោះ។