កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៣ គណៈកម្មការស្ត្រី និងកីឡា ដែលភាគច្រើនរួមមាន ដោយកីឡាការិនីទាំងស៊ីហ្គេម និង ប៉ារ៉ាហ្គេម បានទៅទស្សនកិច្ច និង ធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយមានសមាសភាពរហូតដល់ ២០៦នាក់ ចូលរួម។
ដំណើរទស្សនកិច្ចនេះ បានដឹកនាំដោយ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៌ សមាជិកប្រតិបត្តុិគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានគណកម្មការស្ត្រី និង កីឡា និង ថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ពិធីនេះក៏មានការចូលរួមដោយ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រធានសហព័ន្ធកីឡារាំ, លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ និង តំណាងគ្រួសារតារាកម្ពុជា៣រូបផងដែរ គឺ អ្នកនាង ស្វែង សុជាតា តារាសម្ដែង, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង និង លោកជំទាវ រីយ៉ា ត្រាណេ សមាជិកគ្រួសារតារាកម្ពុជា ដោយផ្ទាល់។
ឯកឧត្តម គួច ចំរើន គណៈអភិបាល និង ជាអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ក្រុមប្រតិភូកីឡា ទាំងអ្នកមិនពិការ និង មានពិការភាព ដោយឯកឧត្តម បានចាត់ទុកថា វត្តមានម្ចាស់មេដាយទាំងអស់នេះ គឺជាមុខមាត់ដ៏ធំរបស់ជាតិមាតុភូមិ។ លោកជំទាវ កុយ ពិសី និង លោកជំទាវ ញ៉ែម មរកត ក៏បានថ្លែងអំណរគុណសិល្បការិនីទាំង៣រូប តំណាងគ្រួសារតារាកម្ពុជា ដែលបានចូលរួមដោយផ្ទាល់ផងដែរ ដោយលោកជំទាវទាំង២បញ្ជាក់ថា វត្តមានតារាសិល្បៈ ក្នុងសកម្មភាពកីឡា គឺសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយ និង លើកទឹកចិត្ត ដល់កីឡាករកីឡាការិនី និង ជាការជំរុញ និង លើកទឹកចិត្តដ៏សំខាន់ ជាពិសេស កីឡាករកីឡាការិនី ជាជនពិការ។
អ្នកនាង ស្វែង សុជាតា និង អ្នកស្រី រ៉េតរ៉ូស តំណាងគ្រួសារតារាកម្ពុជា ដែលបានចូលរួម និង ជំនួសមុខអោយក្រុមទាំងមូល ក៏បានថ្លែងកោតសរសើរដល់ប្រតិភូកីឡា ដែលបានរៀបចំកម្មវិធីនេះ និង បានលើកឡើងថា បរិយាកាសសន្តិភាពនាពេលបច្ចុប្បន្ន បានបង្ហាញពីការរីកចំរើន និង ការឈានឡើងលើគ្រប់វិស័យ ជាពិសេសគឺវិស័យកីឡាដែលធ្លាប់តែអន់ខ្សោយក្នុងតំបន់ និងបង្ហាញពីការឈានឡើងស្ទើរមិនគួរអោយជឿ ក្រោមនយោបាយឈ្នះ សម្ដេចតេជោរ ដែលធ្វើអោយកម្ពុជាកាន់តែស្មើមុខស្មើមាត់នឹងប្រទេសរីកចំរើនក្នុងតំបន់។