ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ ជាមួយក្រសួងទេសចរណ៍ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ និង ជានាយខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពចិញ្ចឹមដំរី របស់សមាគមអភិរក្សដំរីអៃរ៉ាវត្តា ដោយឯកឧត្តម និង ថ្នាក់ដឹកនាំក្រសួងអះអាងថា ក្រសួងជួយនូវផ្នែកមួយចំនួន ដែលសមាគមចង់បាន។ កិច្ចសំណេះសំណាងប្រកបដោយភាពកក់ក្ដៅនោះ លោកស្រី ចិន្តា ក្លេ-ខៃប្រធានសមាគម ក៏បានអញ្ជើញថ្នាក់ដឹកនាំក្រសួង អោយទៅលេងដោយផ្ទាល់ជាមួយសត្វដំរី ដែលកំពុងអភិរក្សនៅខេត្តរតនៈគីរីផង ដើម្បីជួយបំផុស និង ជួយផ្សព្វផ្សាយអោយកាន់តែមានការស្រលាញ់ និង យកចិត្តទុកដាក់ចំពោះសត្វដំរី។
នៅក្នុងឱកាសសម្ដែងការគួរនោះ លោកស្រីប្រធាន និង ថ្នាក់ដឹកនាំសមាគម បានដឹកនាំទូតសុឆន្ទៈអមដំណើរទីជាមួយ៣រូប រួមមាន អ្នកនាង ស្វែង សុជាតា តារាសម្ដែង, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង និង ខ្ញុំបាទ ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដោយទូតសុឆន្ទៈទាំង៣រូប ក៏ត្រូវបានថ្នាក់ដឹកនាំក្រសួងកោតសរសើរពីការលះបង់ និង ការស្ម័គ្រចិត្ត ដើម្បីជួយដល់សត្វដំរី និង ថានេះគឺជាចលករដ៏សំខាន់ ដើម្បីអោយសកម្មភាពទាំងអស់របស់សមាគម កាន់តែមានការដឹងឮ និង ទទួលបានការយកចិត្តទុកដាក់ ជាពិសេដលើការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ ជាប្រយោជន៍ដល់សមាគម៕