កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋ និង គណកម្មការអាចារ្យវត្ត ក្នុងស្រុកកំចាយមារ បានរៀបចំពិធីបុណ្យសាមគ្គី ផ្កាប្រាក់រស្មីមហាសាមគ្គី និង បុណ្យកម្សាន្តភូមិ យ៉ាងអធឹកអធម នៅភូមិខ្លុងកោង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយគោលបំណងធំនៅក្នុងបុណ្យនេះ គឺដើម្បីអង្គាសបច្ច័យកសាងសាលាឆទានធំមួយ ដើម្បីជាប្រយោជន៍ក្នុងភូមិ។ សាលាឆទាន ដែលបានបញ្ចុះធម្មសាលាកសាងនេះ បានប្រសិទ្ធិនាមថា សាលាឆទានព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដោយមានវត្តមានលោកជំទាវ ឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ជាគណៈអធិបតី និង ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកលោកស្រីជាច្រើនអង្គ និង អ្នកទៀត។ នៅក្នុងពិធីនោះពិធីទេសនា៧គ្រែ ពីសំណាក់ព្រះតេជគុណ ជាចៅអធិការវត្ត និង ជាគណសង្ឃ ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង នៅក្នុងវិស័យទេសនា។
អ្នកអង្គក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលជាអ្នកផ្ដើមកសាងមានព្រះសុវណ្ណីយថា ពិធីបុណ្យដែលបានផ្ដើមឡើងនេះ គឺកើតឡើងដោយសារតែលោកប្អូនមួយអង្គដែលបានទៅសិក្សានៅក្នុងប្រទេសថៃ បានស្គាល់រាប់អាន ហើយបានស្នើអោយអ្នកអង្គម្ចាស់ក្សត្រីយ៍ជួយកសាងសមិទ្ធិផលមួយ ជាសាលាឆទាននៅក្នុងភូមិកំណើតរបស់ព្រះអង្គក្រោយបញ្ចប់ការសិក្សានៅប្រទេសថៃ ទើបអ្នកអង្គម្ចាស់ក្សត្រីយ៍ទទួលសាងសង់ ហើយបានទាំងគៀងគរបណ្ដាសប្បុរសជនផ្សេងទៀត ដើម្បីអោយចូលចាប់មគ្គផល។ ដូច្នោះហើយទើបនៅថ្ងៃបញ្ចុះធម្មសាលា ដើម្បីសាងសង់នោះ ក៏មានវត្តមានគណធិបតី ដែលជាថ្នាក់ដឹកនាំ និង អ្នកមានមុខមាត់នៅក្នុងសង្គមចូលរួម និង ធ្វើជាគណអធិបតី។ សាលាឆាទាននេះ នឹងក្លាយជាប្រយោជន៍ធំមួយសម្រាប់អោយពលរដ្ឋទុកធ្វើជាកន្លែងធ្វើបុណ្យ និង ជាប្រយោជន៍សម្រាប់អ្នកដំណើរជិតឆ្ងាយ ដែលឆ្លងកាត់ភូមិខ្លុងកោង ផងដែរ នៅស្រុកកំចាយមារ។
អ្នកអង្គម្ចាស់ក្សត្រីយ៍ ដែលជារាជវង្សខ្មែរមួយអង្គ កំពុងរស់នៅក្នុងខេត្តសុរិន្ទប្រទេសថៃ បានបន្តព្រះសុវណ្ណីយ៍ថា បើទោះជាអ្នកអង្គម្ចាស់ក្សត្រីយ៍ បានកសាងគ្រួសារនៅលើទឹកដីប្រទេសថៃ តែអ្នកអង្គម្ចាស់ក្សត្រីយ៍ តែងតែដឹកនាំធ្វើបុណ្យធ្វើទាន នៅក្នុងវត្តខ្មែរនៅប្រទេសថៃ និង នៅកម្ពុជាជាហូរហែរ ដើម្បីបានភ្ជាប់បុណ្យកុសល និង ដើម្បីរួមចំណែកជួយដល់វិស័យព្រះពុទ្ធសាសនាទាំងនៅកម្ពុជា និង នៅប្រទេសថៃ ដែលអ្នកអង្គម្ចាស់ក្សត្រីយ៍រស់នៅ។ នៅក្នុងពិធីនោះ លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន មិនត្រឹមតែផ្ដល់កិត្តិយសធ្វើជាគណអធិបតីតែប៉ុណ្ណោះទេ តែក៏បានបរិច្ចាគថវិកាដ៏ច្រើន ជួយក្នុងគម្រោងសាងសង់ សាលាឆទានអ្នកអង្គម្ចាស់ក្សត្រិ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ផងដែរ។
ក្រោយបញ្ចប់ពិធីផ្លូវការ គេក៏ឃើញមានកម្មវិធីបុណ្យកម្សាន្ត ដែលហៅថាបុណ្យភូមិ ដោយមានល្បែងកម្សាន្ត និង ល្ខោនបាសាក់លេងកំដរយ៉ាងអឺងកង។ នៅក្នុងពិធីនោះ ក៏មានវត្តមានព្រះរាជវង្សសានុវង្សជាច្រើនអង្គ ចូលរួមមផងដែរឋ។ ក្រោយបញ្ចប់ពិធី បច្ច័យដែលបានកម្លាំងសាមគ្គី ក៏ត្រូវបានចាត់ចែងធ្វើសាលាឆាទានធំមួយ ដោយសាលាឆាទាននេះ ក៏ចាត់ទុកថាគឺជាស្នាព្រះហស្ថមួយរបស់អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា និង កម្លាំងសប្បុរសជន ដែលអ្នកម្ចាស់ក្សត្រីយ៍បានគៀងគរមក ដើម្បីអោយកើតជាសមិទ្ធិផលមួយក្នុងពេលដ៏ខ្លី៕