ខណៈដែលបណ្ដាសប្បុរសជន កាន់តែកញ្ជ្រោលធ្វើការបរិច្ចាគថវិកាជួយដល់រដ្ឋាភិបាល ក្នុងគម្រោងត្រៀមទិញវ៉ាក់សាំងការពារជម្ងឺកូវីត១៩នោះ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន ដែលជានាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិក៏បានប្រកាសបរិច្ចាគចំនួន១៥ម៉ឺនដុល្លារផងដែរ។ ការប្រកាសរបស់តារាអនឡាញរូបនេះ បានធ្វើអោយមានការសរសើរយ៉ាងខ្លាំង ដោយសារតែអ្នកនាងបរិច្ចាគក្នុងចំនួនច្រើន ក្នុងចំណោមអ្នកលក់អនឡាញល្បីៗ ក្នុងគម្រោងមួយនេះ។
អ្នកនាងបានបង្ហោះសារនៅទំព័រហ្វេសប៊ុកថា”នាងខ្ញុំ ស្រីអូន និងស្វាមី បរិច្ចាគថវិកាចំនួន 600,000,000 រៀល (15 ម៉ឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។ នេះជាការចូលរួមចំណែកមួយដែលខ្ញុំ និងគ្រួសារបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។ នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដែលនាងខ្ញុំមាន។សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ។
ក្រោយពីអានសំណេរដ៏មានអត្ថន័យនេះហើយ ធ្វើឲ្យមហាជនជាច្រើនបាន សម្ដែង អារម្មណ៍រំភើបជាខ្លាំងតែម្ដង។ គួររម្លឹកផងដែរថា មិនមែនជាលើកទីមួយនោះទេដែល ស្រីអូន និងស្វាមី តែងតែយកចិត្តទុកដាក់ក្នុងការជួយសង្គមជាតិ នាពេលកន្លងមក។ លើសពីនេះទៅទៀតនោះ លោក ឈាង រ័ត្ន និងស្រីអូន បានធ្វើការប្តេជ្ញាថាពួកគាត់នឹងបន្តការងារសប្បុរសធម៌ រហូតដង្ហើមចុងក្រោយ ថែមទៀតផង៕