កាលពីថ្ងៃទី១៤ សីហា ការប្រកួតប្រជែងចំអិនម្ហូបអាហារដ៏ធំបំផុត ដែលជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ត្រូវបានប្រកាសឡើង ដោយកម្មវិធីនេះសម្រេចចាក់ផ្សាយជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីនៅថ្ងៃអាទិត្យទី១៩ សីហា ឆ្នាំ២០១៨តទៅ នៅវេលាម៉ោង៨យប់។
បេក្ខជនបេក្ខនារី ដែលជាចុងភៅចំណាន២៥រូប ដែលត្រូវបានជ្រើសចេញពីការប្រកួតជាច្រើនដំណាក់កាល នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីបញ្ចេញថ្វីដៃរៀងរាល់សប្តាហ៍ ហើយធ្វើការជម្រុះអោយហាលអាវម្ដងម្នាក់ៗរហូតនៅសល់តែម្នាក់ អោយធ្វើជាចុងភៅឯក និងឈ្នះទឹកប្រាក់៥ម៉ឺនដុល្លារ។
នេះមិនមែនជាកម្មវិធីទើបតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ដោយកម្មវិធីត្រូវបានពេញនិយម និងល្បីល្បាញរួចមកហើយនៅក្នុងប្រទេសសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង និងបណ្ដាប្រទេសធំៗនៅអាស៊ីមួយចំនួន។ ដោយឡែកកម្ពុជា ក៏ត្រូវបានចាត់ទុកថាជាប្រទេសដែលមានការចាប់អារម្មណ៍ផងដែរ ដែលបានទទួលកិត្តិយសរៀបចំការប្រកួតដ៏អស្ចារ្យនេះឡើង ដោយគណកម្មការរៀបចំបានដាក់ឈ្មោះកម្មវិធីនេះថា Master Chef Khmer ដើម្បីស្វែងរកអ្នកឯកទេសផ្នែកចម្អិនម្ហូបដែលមានកម្រិតពិភពម្នាក់តំណាងប្រទេសកម្ពុជា។ ការប្រកួតមួយនេះ នឹងតម្រូវអោយបេក្ខជនបេក្ខនារីដែលសល់ពីជម្រុះដ៏ច្រើនទាំង២នាក់ បញ្ចេញថ្វីដៃធ្វើម្ហូបរៀងរាល់សប្ដាហ៍ ក្រោមការវាយតម្លៃ ដោយចៅក្រម ដែលជាមេចុងភៅល្បីៗដូចជា Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav, លោក Nara មេចុងភៅប្រចាំសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy មេចុងភៅប្រចាំភោជនីយដ្ឋាន One More។ ក្នុងរដូវកាលទី១នេះ នឹងមានឈុតពិសេសៗចំនួន២៥ឈុត ត្រូវបានដាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ នៅវេលាម៉ោង៨យប់ បន្ទាប់ពីកម្មវិធីប្រកាសដំណើរការចាក់ផ្សាយចាប់ពីថ្ងៃអាទិត្យទី១៩ សីហា តទៅ នៅCTN។ អ្នកចូលរួមប្រកួតប្រជែងទាំង២៥រូប ត្រូវបែងចែកជាក្រុម ឬ កំណត់អោយប្រកួតជាទោល អាស្រ័យទៅតាមវិញ្ញាសារ ដែលគណកម្មការ ឬ Judge កំណត់ឲ្យ។ បេក្ខជន ឬបេក្ខនារីដែលមានចំណុចខ្វះខាតមួយរូប នឹងជម្រុះអោយធ្លាក់ចេញពីកម្មវិធីនៅរាល់មួយអាទិត្យម្ដង ដែលការកំណត់នេះ នឹងធ្វើអោយអ្នកទស្សនាកាន់តែមើលឃើញពីចំណុចខ្លាំងរបស់អ្នកបានឈានឡើងទៅវគ្គបន្តនៅក្នុងកម្មវិធី។ អ្នកដែលមានថ្វីដៃ ហើយនៅសល់តែម្នាក់ក្រោយគេ នឹងក្លាយជាម្ចាស់ពានចុងភៅឯក ដែលល្អបំផុតប្រចាំនៅកម្ពុជា ហើយមានការទទួលស្គាល់ជាកម្រិតអន្តរជាតិ។
អ្នករៀបចំកម្មវិធីបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងមូល នឹងទទួលបានអារម្មណ៍រំភើបមិនតិចនោះទេ ជាមួយនឹងការប្រកួតចុងភៅកម្រិតពិភពលោកមួយនេះ ជាក់ស្ដែងបេក្ខជនបេក្ខនារីមានចិត្តរំភើបមិនតិចទេ ចាប់តាំងពីមានការប្រកាសថា អ្នកណាជាបេក្ខជនបេក្ខនារីបានជាប់កាលពីខែឧសភា ឆ្នាំមុន ដែលម្នាក់ៗរង់ចាំលទ្ធផលដោយអន្ទះសារនោះ។ អ្នកទាំង២៥ដែលនឹងបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍CTN នេះ ត្រូវបានជម្រុះចេញពីការប្រកួតប្រជែងពីសំណាក់អ្នកមានថ្វីដៃខាងផ្នែកម្ហូបរហូតដល់ជាង១០០០នាក់ ដែលបានដាក់ពាក្យ ទើបមិនមែនជារឿងងាយទេ ដើម្បីអាចបន្តជាមួយកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះបាន។
ចង់ដឹងថាបេក្ខជនបេក្ខនារីទាំង២៥ នឹងមានថ្វីកម្រិតណាដើម្បីកាន់តំណែងជើងឯក«Master Chef Khmer»លំដាប់ពិភពលោក សូមកំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅវេលាម៉ោង៨យប់ រៀងរាល់នារាត្រីថ្ងៃអាទិត្យ ចាប់ពីថ្ងៃអាទិត្យទី១៩ សីហាតទៅ ដើម្បីចង់ដឹងថាតើអ្នកឈ្នះទឹកប្រាក់៥ម៉ឺនដុល្លារ ពិតជាមានថ្វីដៃកម្រិតណា?