ជាង២០ប្រទេស បើកកិច្ចប្រជុំ ស្ដីពីរបេងនៅសៀមរាប ប្រទេសកម្ពុជា

0

ជាការឆ្លើយតប នឹងកិច្ចប្រជុំជាលក្ខណៈប្រវត្តិសាស្ត្រមួយ ស្ដីពីកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ ចំនួន៣រួមគ្នាតែមួយ ក្រោមប្រធានបទ “តំបន់មួយ និង ចក្ខុវិស័យរួមគ្នាតែមួយ” ដែលប្រព្រឹត្តិឡើងនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែមីនា ឆ្នាំ២០២៣ នោះ នៅថ្ងៃ១៩ មិថុនា ឆ្នាំ២០២៤នេះ កម្ពុជាក៏ត្រូវបានជ្រើសជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំមួយ ដើម្បីធ្វើការចែករំលែកអំពីការអភិវឌ្ឍន៍ ក្រោយកិច្ចប្រជុំរបស់អង្គការសហប្រជាតិខាងលើ ដើម្បីធ្វើការកំណត់គន្លឹះ និង ពេលវេលាសមស្រប សម្រាប់ស្វែងរកការគាំទ្រពីវិស័យពាក់ព័ន្ធ ដែលមានទំនាក់ទំនង និង ទំនួលខុសត្រូវ និង ដើម្បីបង្កើននូវការគាំទ្រ ដើម្បីជំរុញអោយមានរបៀបវារៈនៃកិច្ចប្រជុំកម្រិតខ្ពស់ ស្ដីពីសុខភាព។

កិច្ចប្រជុំដែលកំពុងធ្វើឡើងនៅកម្ពុជា ក្នុងខេត្តសៀមរាបនេះ គ្រោងរៀបចំរយៈពេលពេញ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ មិថុនា និង មានការចូលរួមដោយជាង៨០រូប មកពី២៥ប្រទេស នៅលើពិភពលោក។ ខ្លឹមសារចម្បងនៃកិច្ចប្រជុំនេះ ក្នុងថ្ងៃទី១ គឺបង្ហាញពីបញ្ហា និង ដំណោះស្រាយនៃបណ្ដាប្រទេសនីមួយៗ ដែលបានចូលរួម ដើម្បីផ្លាស់ប្ដូរយោបល់គ្នាបែបណា អោយមានការលុបបំបាត់ជម្ងឺរបេងជារួម។

លោក ជួប សុខចំរើន ប្រធានអង្គការ KHANA បានលើកឡើងថា របេងគឺនៅតែជាបញ្ហារបស់ពិភពលោក ទើបបណ្ដាប្រទេសភាគច្រើន នៅតែបង្កើនការយកចិត្តទុកដាក់ ហើយតែងតែរៀបចំកិច្ចប្រជុំ ដើម្បីរួមគ្នាលុបបំបាត់ និង ចែករំលែកបទពិសោធន៍គ្នា។

ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា លោកថា ជម្ងឺរបេងនៅតែមានជាមធ្យមជាង៥ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលមានន័យថា បើទោះជាមានតួលេខអ្នកជាក្រោយការព្យាបាល តែក៏មានតួលេខអ្នកកើតថ្មីជាប្រចាំ ដែលធ្វើអោយក្នុងមួយឆ្នាំនៅតែមានចំនួនជាង៥ម៉ឺននាក់។

លោកទទូចអោយបង្កើនការផ្សព្វផ្សាយ និង ចូលរួមការពារខ្លួន កុំអោយបន្តឆ្លង ដើម្បីឈានដល់គោលដៅ ដែលគ្មានជម្ងឺរបេងរីករាលដាល ដូចការចង់បាន។ លោកក៏ចាត់ទុកថា កិច្ចប្រជុំជាអន្តរជាតិនេះ បានផ្ដល់នូវសារប្រយោជន៍ដ៏ច្រើនផងដែរ ពោលគឺធ្វើអោយមានការយល់ដឹងពីបញ្ហារបេងកាន់តែខ្លាំងនៅកម្ពុជា។

គួរបញ្ជាក់ផងដែរ ក្នុងកិច្ចប្រជុំដែលមានតំណាងប្រទេសនានាចូលរួមជាង២០ប្រទេសនេះ ក៏មានវត្តមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង លោក រុន ណាកូ ដែលជាពិធីករមួយរូបរបស់កម្ពុជា ចូលរួមផងដែរ។

លោក ជួប សុខចំរើន ប្រធានអង្គការ KHANA បានលើកឡើងថា វត្តមានតារាសិល្បៈ និង ជាប្រធានអ្នកសិល្បៈចូលរួម គឺនឹងធ្វើអោយចំណេះដឹងស្ដីពីជម្ងឺរបេង ដែលកំពុងបញ្ជ្រាបក្នុងកិច្ចប្រជុំនេះ នឹងងាយត្រូវបាបនចែកចាយទៅកាន់មហាជន ដោយសារលោក ផាត់ តារារដ្ឋ និង តារាសិល្បៈ សុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ។

កិច្ចប្រជុំនេះ គឺជាការសហការរៀបចំដោយ APCASO Foundation, អង្គការ KHANA, TAG, ACTI, CSEM, CENAT StopTBPartnership, ក្រសួងសុខាភិបាល និង ស្ថាប័នមួយចំនួនទៀត។ វេទិកានេះ ក៏ជួយអោយតំណាងមកពីប្រទេសនានា បានស្គាល់ទឹកដីអង្គរ និង ប្រាសាទអង្គរដ៏ល្បីរបស់កម្ពុជាផងដែរ។