(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី110យ៉ាងអធឹកអធម កាលពីថ្ងៃទី11 ខែមិថុនា ឆ្នាំ2024។
ថ្លែងក្នុងអង្គប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានថ្លែងការកោតសរសើរដ៏ស្មោះ ជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែង និងកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជំរុញ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបានទទួលលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្ត។
ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំបន្ថែមទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តបេសកកម្មដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន សមស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានត្រូវរៀបចំឡើងជាឧបករណ៍ដ៏មុតស្រួច ក្នុងការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបីគឺ ទី១) ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់, ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍បីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ។
លើសពីនេះ គោលនយោបាយជាតិក៏បានចង្អុលទិស ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យលុបបំបាត់ជំងឺអេដស៍ ដើម្បីធានានូវការឆ្លើយតបមួយឱ្យបានសមស្របទៅ នឹងសេចក្តីត្រូវការជាអាទិភាពក្នុងចំណោមក្រុមគោលដៅ រួមជាមួយនឹងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធផល និងប្រសិទ្ធភាពឈានទៅសម្រេចបាននូវគោលដៅតាមកាលកំណត់។
អង្គប្រជុំទាំងមូល បានធ្វើការគោរពអបអរសាទរ រួមជាមួយនូវការថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។