កម្សត់ហួស! ផ្ទះសម្បែងដីធ្លី របស់ លាង ឧត្តម ត្រូវគេរំលោភយក ស្របពេលឪពុកទទួលមរណភាព

0

យោងតាមការប្រកាសរបស់លោកលាង ឧត្តម លោកបានបង្ហាញអោយដឹងនូវការឈឺចាប់យ៉ាងខ្លាំង ដោយសារតែសាច់ញាតិរបស់គ្រួសារលោកម្នាក់បានធ្វើបាបឪពុកលោក និងគ្រួសារ ដោយធ្វើទុក្ខបុកម្នេញ រហូតធ្វើអោយគ្រួសាររបស់លោកគ្មានដីគ្មានធ្លី ដែលលោកប្រកាសថានោះក៏ជាមូលហេតុធ្វើអោយឪពុករបស់លោកគិតច្រើន ហើយឈានដល់កើតជំងឺដាច់សរសៃឈាមខួរក្បាល និងទទួលមរណភាពកាលពីពេលថ្មីៗ។

លោកមិនទាន់ទម្លាយព័ត៌មានលម្អិតអោយដឹងនៅឡើយទេ ដោយគ្រាន់តែបានប្រកាសថាសាច់ញាតិម្នាក់នោះគ្មានការយោគយល់ចំពោះឪពុកខ្លួន និងគ្រួសារនោះទេ ទើបធ្វើអោយគ្រួសារលោកមិនមានដីធ្លីផ្ទាល់ខ្លួនជាកម្មសិទ្ធិសូម្បីតែបន្តិចមកទល់នឹងពេលឪពុកទទួលមរណភាព។

តារាសម្ដែង លោក លាង ឧត្តម បានថ្លែងបញ្ជាក់ថា សាច់ញាតិរបស់ឪពុកលោកម្នាក់បានប្រើគ្រប់ឧបបាយកលហ៍ ដើម្បីយកផ្ទះយកសម្បែង និងដីធ្លីរបស់គ្រួសារលោក ស្ថិតនៅខេត្តកំពង់ចាម ដោយមិនយោគយល់នោះទេ អ៉ីចឹងហើយទើបពេលឪពុកលោកទទួលមរណភាព គឺទទួលមរណភាពទាំងអារម្មណ៍មិនស្ងប់ដោយសារតែដីធ្លី ផ្ទះសម្បែង ត្រូវបានសាច់ញាតិម្នាក់នោះប្រើល្បិចយក ធ្វើអោយអោយគ្រួសាររបស់លោកមិនមានដីជាកម្មសិទ្ធិរបស់ខ្លួនឡើយ បើទោះជាផ្ទះសម្បែង និងដីធ្លីនោះ គ្រួសារលោក ឪពុកលោករស់នៅតាំងពីណាពីណី។ ការលើកឡើងរបស់លោក គឺជារឿងមហាកម្សត់ តែមិនមានជាករណីមិនធ្លាប់កើតឡើងចំពោះបងប្អូន និងបងប្អូន ព្រោះតែជម្លោះទ្រព្យសម្បត្តិនោះទេ ដោយគ្រាន់តែគេមិននឹកស្មានថាជារឿងដែលកើតមានឡើងចំពោះតារាសម្ដែងលោក លាង ឧត្តម ក្នុងពេលដែលឪពុករបស់លោកដែលទទួលនូវការឈឺចាប់ ក៏បានទទួលមរណភាពដោយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង បន្ថែមពីលើការឈឺចាប់ដែលកើតចេញពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់សាច់ញាតិរបស់លោកនោះ។

មកទល់ពេលនេះពិធីបុណ្យបញ្ចុះសពរបស់ឪពុកលោក លាង ឧត្តម ត្រូវបានបញ្ចប់ហើយ នៅភូមិបាធាយ ស្រុកបាធាយខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ឧសភា ដោយលោកនឹងបន្តផ្អាកសម្ដែងដើម្បីត្រៀមធ្វើបុណ្យ៧ថ្ងៃអោយចប់សព្វគ្រប់ទៀត ក្នុងពេលដែលលោកកំពុងរែកទុក្ខពីរឿងឪពុកស្លាប់ក្នុងវ័យ៦៨ឆ្នាំដែលពិបាកទទួលយកហើយ គឺត្រូវរែកទុក្ខនឹងរឿងផ្ទះសម្បែងត្រូវគេធ្វើបាបកេងប្រវ័ញ្ចយក ដោយសារសាច់ញាតិឪពុកទៀត។

អ្នកសិល្បៈភាគច្រើនបានបង្ហាញពីការកោតសរសើរចំពោះតារារូបនេះ ដែលមានទុក្ខប៉ិនភ្នំជាយូរមកហើយ ប៉ុន្តែលោកមិនដែលបានទម្លាយអោយដឹងនោះទេ ដោយសារតែលោករមែងភ័យបារម្ភពីការសើចយំថាលោកត្អូញត្អែរដើម្បីសុំជំនួយ បូករួមទាំំងស្ថានភាពឪពុកលោកឈឺជាយូរមកហើយផង ដោយទើបតែប្រកាសអោយដឹងពីដំណឹងដង្ហើមចង្រិតរបស់ឪពុក មុនពេលទទួលមរណភាព៕