នៅ សូនីតា បណ្ដើរ ទិត្យ ថាវរិទ្ធ បើកចំហរ

0

ក្នុងពិធីមង្គលការមួយ គេឃើញតារាសម្ដែងកញ្ញា នៅ សូនីតា និងផលិតករល្បីឈ្មោះ លោក ទិត្យ ថាវរិទ្ធិ បណ្ដើរគ្នាយ៉ាងបើកចំហរតែម្ដង បន្ទាប់ពីអ្នកទាំងពីរត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកសរសេរបានស្រឡាញ់ពេញចិត្តគ្នាជាគូស្នេហ៍។ យ៉ាងណាមិញ អ្នកទាំងពីរនៅមិនទាន់ស្វាគមន៍ចំពោះការប្រមាញ់ដោយកាមេរ៉ានៅឡើយទេ ដែលខុសពីអ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី គឺបើកចំហរស្នេហាទាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជន រហូតទទួលបានការសរសើរទៅវិញនោះ។

សកម្មភាពបណ្ដើរគ្នារបស់អ្នកទាំងពីរមិនមែនជាលើកទី១នោះទេ ប៉ុន្តែអាចចាត់ទុកថាការបើកចំហរមួយថ្មី ដោយសារតែមានព័ត៌មានពីចង្កោមអ្នកសិល្បៈថាស្រឡាញ់គ្នាយ៉ាងផុសផុលទៅហើយ ស្រាប់តែអ្នកទាំងពីរបណ្ដើរគ្នាជាលក្ខណៈឯកជន ក្នុងកម្មវិធីមួយចំនួន។

រាល់កម្មវិធីដែលរៀបចំដោយផលិតករប៉ុស្ដិ៍បាយ័ន លោក ទិត្យ ថាវរិទ្ធិ រមែងជ្រើសយកតារាសម្ដែង កញ្ញា នៅ សូនីតា ធ្វើជាតួឯកផង តួយ៉ាងដូចជាក្នុងព្រឹត្តិការណ៍សម្ដែងរឿងអច្ឆរិយអង្គរកាលមុនជាដើម។ យ៉ាងណាមិញ អ្នកទាំងពីរ ជាពិសេសកញ្ញា នៅ សូនីតា មិនដែលទទួលស្គាល់ថានាង និងផលិតកររូបនេះ ពិតជាស្រឡាញ់ពេញចិត្តគ្នានៅឡើយទេ បើទោះជាសកម្មភាព និងទង្វើររបស់នាង និងលោក ទិត្យ ថាវរិទ្ធិ មិនអាចគេចក្រសែភ្នែកមហាជន និងអ្នកសិល្បៈបាន។

អ្នកតាមដានជីវិតឯកជនរបស់អ្នកទាំងពីរបានសរសើរថា លោកទិត្យ ថាវរិទ្ធិ គឺជាបុរសសំណាង និងសំបូរស្នេហ៍ ដោយសារតែលោកក្រោយមានព័ត៌មានបាក់បែកជាមួយតារាស្រីមួយចំនួន រួមទាំងអ្នកនាង លី ម៉ារីណា និង អ្នកនាង ស៊ឹម សូលីកា ស្រាប់តែមកជំពប់ព័ត៌មានស្នេហាជាមួយស្រីស្អាត នៅ សូនីតា ដែលជាតារាសិល្បៈសំបូរបុរសមានទ្រព្យប្រជែងស្នេហ៍ តែបែរជានាងសម្រេចចិត្តទទួលយកលោកជាគូស្នេហ៍ដោយហ៊ានទាំំងបណ្ដើរមិនខ្វល់ពីការតាមប្រមាញ់នោះ។ អ្នកទាំងពីរត្រូវគេអះអាងថា បើហ៊ានបើកចំហរស្នេហាដោយឈប់លក់បាំង ពិតជាគូស្នេហ៍ដែលទទួលបាននូវការសរសើរមិនអន់នោះទេ ដោយសារតែនាងក៏ជាតារាល្បី ហើយលោកទិត្យ ថាវរិទ្ធិ ក៏ជាផលិតករសំបូរស្នាដៃ។ អ៊ីចឹងហើយទើបដំណឹងស្នេហារបស់អ្នកទាំងពីរ ប្រសិនបើគ្មានការក្លែងក្លាយមែន នោះពិតជាល្អបំផុតសម្រាប់គូស្នេហ៍មួយគូនេះ៕