បន្ទាប់ពីបានចូលប្រឡូកជាភ្នាក់ងារលក់ និងផ្សព្វផ្សាយរបស់ក្រុមហ៊ុនធានារ៉ាប់រងមេនញូឡាយ តារាសម្ដែងមុខកាច លោក សឿន វីតា ត្រូវគេអះអាងថាទទួលបានជោគជ័យគួរអោយកត់សម្គាល់ ដោយមានដំណឹងថាលោកអាចស្រូបទាញប្រាក់ចំណូលដល់ពាន់ដុល្លារក្នុងមួយខែៗ ដោយគ្រាន់តែប្រើប្រជាប្រិយភាពដែលមានស្រាប់ និងថ្វីមាត់ក្នុងការប្រឹក្សាយ៉ាងងាយៗនោះផង។ ប៉ុន្តែទន្ទឹមនឹងមានការទម្លាយថា លោកប្រហែលជានឹងបោះបង់សិល្បៈព្រោះតែលែងមានពេលវេលាដូចមុននោះ លោកបែរជាចេញមុខបដិសេធ។
លោក សឿន វីតា បានថ្លែងបញ្ជាក់ថា ក្រោយពីលោកចូលប្រឡូកការងារជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនញូឡាយ លោកពិតជាទទួលបានឱកាសរកចំណូលបានខ្ពស់ពីមួយខែទៅមួយខែជាប្រចាំ បើធៀបនឹងពេលនៅសម្ដែងប្រាកដមែន ដោយក្នុងរយៈពេលចុងក្រោយ លោកអាចកើបបានយ៉ាងហោច២ពាន់ដុល្លារ ពីការងារពន្យល់ណែនាំ ដោយសូម្បីតែកូនក្រុមរបស់លោកទាក់ទងអ្នកទិញកញ្ចប់ធានារ៉ាប់រងបានក៏លោកទទួលចំណូលនោះដែរ។ ជាក់ស្ដែងចាប់តាំងពីលោកត្រូវបានតែងតាំងជាង Unit Manager ឬប្រធានក្រុមទីប្រឹក្សា ដែលក្រៅពីស្វែងរកអតិថិជនខ្លួនឯង ក៏មាននាទីជួយកូនក្រុមក្នុងការផ្ដល់ប្រឹក្សាក្នុងការជជែកជាមួយអតិថិជន។
លោកថាក្នុងមួយខែលោកពិតជាអាចរកចំណូលបានច្រើនពាន់ដុល្លារ ដោយទឹកប្រាក់យ៉ាងតិច២ពាន់ដុល្លារដែលលោករកបានជាប្រចាំនោះ នៅមិនទាន់គិតពីភាគរយដែលលោកបានពីកូនក្រុមនោះផង។ យ៉ាងណាមិញ លោកបដិសេធថា ខ្លួនមិនមាននគម្រោងបោះបង់សិល្បៈដូចការលើកឡើងនោះទេ គឺគ្រាន់តែរយាលមិនសូវថតច្រើនព្រោះមិនសូវមានពេលប៉ុណ្ណោះ។ លោកនិយាយថា«អត់ទេ អត់មានឈប់ពីសិល្បៈទេគឺនៅតែទទួលថតចឹង ជាក់ស្ដែងខ្ញុំរាល់ថ្ងៃខ្ញុំនៅថតអោយ LD និងផលិតកម្មដែលអាចឆ្លៀតបានមួយរឿងពីររឿងតើ!»។ លោកថាខ្លួននៅតែទទួលការងារសិល្បៈ ជាពិសេសជាមួយផលិតករដែលបន្តផ្ដល់ឱកាសអោយលោកបានថតនៅពេលទំនេរពីការងារ ដែលធ្វើអោយលោកមិនមានបញ្ហាជាមួយការងារក្នុងក្រុមហ៊ុនធានារ៉ាប់រងនោះ។ លោកថាខ្លួនមិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនដែលខ្លួនបម្រើការទេ តែជាភ្នាក់ងារផ្សព្វផ្សាយ និងប្រឹក្សាយោបល់ ដោយឆ្លងកាត់ពីការងារជាកូនក្រុមគេ បានក្លាយជាប្រធានក្រុមទីប្រឹក្សា ដែលអាចអោយលោកទទួលប្រាក់កម្រៃបានច្រើនជាងមុន៕