ផ្ដើមពីការធ្វើ Business family សួស វីសា វិវត្តន៍ខ្លួនមកជា CEO ថ្មោងថ្មីរបស់ក្រុមហ៊ុន TSJ Brand លំដាប់ស្តង់ដារ

0

អត្ថបទ៖ Neath

កាលពីថ្ងៃទី 09.កញ្ញា ឆ្នាំ 2022 មុននេះ តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សួស វីសា និង ស្វាមី បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់មានការចម្លែកចិត្ត និង ភ្ញាក់ផ្អើលមិនធម្មតានៅក្នុងកម្មវិធីជួបជុំតំណាងចែកចាយ និង បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន TSJ Brand ដែលជាវេទិកាមួយបើកមុខឱ្យមហាជនបានស្គាល់កាន់តែច្បាស់ថាអ្នកនាងគឺជា CEO ពេញមុខរបស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់លំដាប់ស្តង់ដារមួយនេះ។

នៅក្នុងកម្មវិធីនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់2 ក្រោមវត្តមាន លោកវេជ្ជបណ្ឌិតផ្នែកគ្រឿងសម្អាងលោក CHEE GUAN និង ជាដុកទ័រផលិតនូវផលិតផលផ្ទាល់សម្រាប់ក្រុមហ៊ុន , វាគ្មិនកិត្តិយសល្បីៗដែលមានចំណេះដឹងផ្នែកអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញុវត្ថុ មកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម និង វត្តមានតំណាងចែកចាយឆ្នើមៗបានចូលរួមពិសារអាហារបុហ្វេរដ៏ប្រណីតនៅក្នុងកម្មវិធីជួបជុំមហាគ្រួសារ TSJ Brand មួយនេះយ៉ាងសប្បាយរីករាយ។

អ្នកនាង សួស វីសា ដែលជា CEO របស់ក្រុមហ៊ុន TSJ Brand បានមានប្រសាសន៍ថា វត្តមាន TSJ Brand បានឈរជើងនៅលើទីផ្សារកម្ពុជាប្រមាណជិតមួយឆ្នាំមកហើយ ដោយក្រុមហ៊ុនក៏ក្ដោបបានតំណាងចែកចាយទូទាំង25ខេត្តក្រុងត្រឹមតែរយៈពេលខ្លីតែប៉ុណ្នោះ។ ខណៈផលិតផលប្រកបដោយស្តង់ដារ និង កំពុងពេញនិយមចំពោះអ្នកប្រើប្រាស់ អ្នកនាងក៏សម្រេចនាំយកនូវផលិតផលចំបាច់2ប្រភេទទៀតមកបើកសម្ភោធដាក់លក់នៅលើទីផ្សារបន្ថែមក្នុងនោះរួមមាន ទឹកអនាម័យសម្រាប់ការពារតំបន់ពិសេសរបស់ស្ត្រី និង បុរស ព្រមទាំង ម៉ាស់បិទមុខ Honey Collagen ដែលមានមុខងារដ៏សំខាន់ចំពោះស្បែកមុខ និងឆ្លងកាត់ការពិសោធន៍ផ្ទាល់មកលើស្បែកមុខអ្នកនាងផ្ទាល់អស់មួយរយៈធំទើបក្រុមហ៊ុនសម្រេចនាំយកមក បន្ថែមពីលើផលិតផលដែលក្រុមហ៊ុនមានដូចជា៖ សាប៊ូកក់សក់សម្រាប់មនុស្សចាស់ ព្រមទាំង កូនក្មេង និងប្រភេទសេរ៉ូមបណ្ដុះសក់ដែលកំពុងផ្ទុះការគាំទ្រខ្លាំងនៅលើទីផ្សារ។

ដោយសង្កេតឃើញថាបងប្អូននារីៗរបស់យើងនៅមានភាពអៀនខ្មាស់ និង មិនហ៊ានប្រឹក្សាពីបញ្ហាសុខភាពនៅតំបន់ពិសេសរបស់ខ្លួនជាចំហរ ទើបក្រុមហ៊ុនសម្រេចនាំយកនូវប្រភេទទឹកអនាម័យកម្ចាត់មេរោគ និងបាក់តេរីមកជួយដោះស្រាយនូវវិបត្តិដែលនារីៗកំពុងជួបប្រទះ។ អ្នកនាងបន្តថា ក្រុមហ៊ុនកំពុងសិក្សា និង ស្វែងរកនូវរូបមន្តល្អៗ បន្ថែមទៀតដើម្បីផលិតនូវប្រភេទផលិតផលថែរក្សាសម្រស់ពីចុងសក់ដល់ចុងជើងឱ្យបានគ្រប់មុខតែម្ដង នឹងនាំមកនូវផលិតផលស្តង់ដារប្រកបដោយប្រសិទ្ធិភាព និង ទំនុកចិត្ត មិនប៉ះពាល់សុខភាពជូនដល់អតិថិជនបានប្រើប្រាស់ប្រកបដោយសុវត្តិភាពជាបន្តបន្ទាប់ផងដែរ។

លោក Tommy ត្រូវជាស្វាមីបានបន្ថែមថា ថ្វីត្បិត TSJ Brand ទើបតែបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែលោកពិតជាមានមោទនភាពចំពោះ Brand មួយនេះខណៈដើមដំបូងគឺលោក និង ភរិយា បង្កើតប្រេននេះឡើងមកគ្រាន់តែជា Business លក្ខណៈគ្រួសារតូចមួយតែប៉ុណ្នោះ ដោយមិននឹកស្មានថាទទួលបានការគាំទ្រឆាប់រហ័សបែបនេះពីសំណាក់បងប្អូនអ្នកប្រើប្រាស់ ក៏ដូចជាទទួលបានអ្នកចូលរួមជាតំណាងចែកចាយសឹងគ្រប់ 25 ខេត្តក្រុង រហូតអាចវិវត្តន៍ខ្លួនក្លាយទៅជាក្រុមហ៊ុនស្តង់ដារដែលមានការទទួលស្គាល់ពីក្រសួងទាំងក្នុង និង ក្រៅស្រុកបែបនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោក និង ភរិយា ក៏បានរៀបចំពិធីប្រគល់នូវប័ណ្ណសរសើរ ក៏ដូចជាការលើកទឹកចិត្ត និង ថ្លែងអំណរគុណចំពោះអ្នកគាំទ្រ អតិថិជដែលបានប្រើប្រាស់ ក៏ដូចជាតំណាងចែកចាយតូចធំទាំងអស់ដែលមានភាពជឿជាក់ និង ទំនុកចិត្តខ្ពស់មកកាន់ក្រុមហ៊ុន តាំងពីចាប់ផ្ដើមដំបូងនាពេលកន្លងមករហូតមកទល់សព្វថ្ងៃ។ ហើយក្រុមហ៊ុនរបស់លោក និង ភរិយា ប្ដេជ្ញា នឹងនាំយកនូវផលិតផលល្អៗសមស្របជាមួយនឹងតម្រូវការអ្នកប្រើប្រាស់ ហើយក៏រីករាយនឹងបើកទទួលស្វាគមន៍តំណាងចែកចាយថ្មីបន្តទៀតជាមួយនឹងតម្លៃពិសេសៗចាប់ពីថ្ងៃនេះតទៅផងដែរ។