នៅទីបំផុត កុមារា ឃុន អែនឌី ដែលត្រូវគេស្គាល់ថាជាកូនប្រុសពីរបស់អតីតតារាចម្រៀងអ្នកនាង ឃុន វណ្ណា និងបានល្បីឈ្មោះព្រោះតែបានប្រលងជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្ររបស់កម្មវិធី The Voice Kids នៅប្រទេសកាណាដា កាលពីឆ្នាំ២០១៦នោះ បានត្រលប់មកដល់ប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី ២៥ តុលា ដោយដំណើរមកដល់របស់ប្អូន ក៏អមដោយម្ដាយ និងសាច់ញាតិមកជាមួយដែរ។
អ្វីដែលគួរអោយកត់សម្គាល់គឺបប្អូនប្រកាសថានាងប្រើពេលមួយខែផលិតបទចម្រៀងអោយបានមួយចំនួន នៅក្នុងប្រទេសកម្ពុជា មុនពេលត្រលប់ទៅវិញ។
កុមារា ឃុន អែនឌី ដែលអាចនិយាយភាសាខ្មែរបានមិនសូវស្ទាត់បានអះអាងថា ដោយសារតែប្អូនមានការជំរុញពីបងប្រុស និងមិត្តភ័ក្រ្ត ទើបប្អូនចូលប្រលងក្នុងកម្មវិធី The Voice Kids Canada កាលពីឆ្នាំ២០១៦។ ប្អូនកាន់តែមានមោទនភាព ដោយសារតែការប្រលងនៅក្នុងពេលនោះ បានជួយអោយប្អូនចេះតែបន្តជាប់ពីវគ្គទៅវគ្គមួយរហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលប្អូនបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាជនជាតិខ្មែរ និងបានបកស្រាយបទចម្រៀងជាភាសាខ្មែរលើឆាកលំដាប់ពិភពលោកនោះ។
ទោះមិនបានទទួលពានជាម្ចាស់ជើងឯក តែប្អូនសប្បាយចិត្តយ៉ាងខ្លាំង ដែលកម្មវិធី The Voice Kids Canada បានជួយអោយប្អូនមានទីផ្សារឡើងឆាកជាហូរហែរចាប់តាំងពីបានប្រលងចប់ និងមានអ្នកស្គាល់ច្រើនឡើងថា លោកប្អូនគឺជាកូនខ្មែរតែម្នាក់ ដែលបានល្បីឈ្មោះនៅក្នុងប្រទេសកាណាដា ពីកម្មវិធីនេះ។ អ៊ីចឹងហើយទើបប្អូនសម្រេចចិត្តចុះមកកម្ពុជានៅក្នុងពេលនេះ បន្ទាប់ពីបានទំនាក់ទំនងស្ទីឌីយោអោយផលិតចម្រៀងមួយចំនួនរួចរាល់ដើម្បីថតជាភាសាខ្មែរផង និងអង់គ្លេសផង ត្រលប់ទៅវិញ។
អ្នកស្រី ឃុន វណ្ណា ដែលត្រូវគេស្គាល់ថាជាអតីតតារាចម្រៀងជើងចាស់ជំនាន់អ្នកស្រី ឆោម ឆវិន និងលោក នូស៊ិប ជាដើម បានអះអាងថា អ្នកស្រីបានចេញពីប្រទេសកម្ពុជាទៅរស់នៅកាណាដាតាំងពីឆ្នាំ១៩៩៥ ដោយក្នុងចំណោមកូនប្រុសស្រីរបស់អ្នកស្រីទាំង៤ សុទ្ធតែមាននិស្ស័យសិល្បៈ ដោយគ្រាន់តែមានតែកូនពៅ គឺ ឃុន អែនឌី ម្នាក់ដែលបានប្រឡូកអាជីពចម្រៀង។
អ្នកស្រីថាខ្លួនចង់ជំរុញអោយកូនប្រុសកក្លាយជាតារាអាជីពទើបសម្រេចចិត្តចុះមកផលិតចម្រៀង ដោយអ្នកស្រីបញ្ជាក់ថាដំណើរចុះមករយៈពេលមួយខែមុនកូនប្រុសចូលកងវិញនេះ គឺនាងផលិតចម្រៀងអោយបានច្រើនបទ បន្ថែមពីលើការបង្ហាញខ្លួនឡើងឆាកហង្សមាស ដែលបានទាក់ទងរួចហើយ និងឆាកតន្ត្រីផ្សេងទៀតបើមានការអញ្ជើញ៕