លី ច័ន្ទសីហា យកថ្ងៃខួបកំណើតផ្គួបថ្ងៃភ្ជាប់ពាក្យស្វាគមន៍គូរជីវិតថ្មី

0

អត្ថបទ៖ Neath

កាលពីថ្ងៃទី 25 ខែ សីហា ឆ្នាំ 2022 ថ្មីៗនេះតារាសម្ដែងទឹកភ្នែក និង ជាអ្នកមេម៉ាយរូបស្រស់សាច់ទ្រលុកទ្រលន់អ្នកនាង លី ច័ន្ទសីហា បានបើកបង្ហាញមុខគូស្នេហ៍ថ្មីក្នុងពិធីខួបកំណើតគម្រប់29ឆ្នាំរបស់ខ្លួន រួមជាមួយពិធីភ្ជាប់ពាក្យជាមួយគូដណ្ដឹងយ៉ាងស្ងប់ស្ងាត់នៅក្នុងភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក។ កម្មវិធីនេះផងដែរអ្នកនាងរៀបចំឡើងមិនបានធំដុំ និង គគ្រឹកគ្រេងនោះទេដោយសម្រេចរៀបចំចំនួន 17តុ ហើយមានមិត្តសិល្បៈជិតស្និទ និង ផលិតករជើងចាស់ចូលរួមមួយចំនួនតូច ដោយសារកម្មវិធីមានភាពប្រថុចញ៉ុច អ្នកនាងមានពេលគិត និង រៀបចំឡើងត្រឹមតែកន្លះខែតែប៉ុណ្នោះ។

គូដណ្ដឹងរបស់អ្នកនាងមានឈ្មោះ ទិត្យ ចន្ថា គឺជាអ្នកជំនួញមួយរូបមានវ័យ 39ឆ្នាំ ដែលអ្នកទាំងពីរស្គាល់គ្នាជាង20 ឆ្នាំមកម្លេះតាំងពីអ្នកនាងនៅរៀនថ្នាក់វិទ្យាល័យ។ ទើបតែ2ឆ្នាំចុងក្រោយទើបអ្នកទាំងពីរផ្សារភ្ជាប់ទំនាក់ទំនងជាថ្មីរហូតឈានដល់ថ្ងៃដឹកដៃគ្នាធ្វើពិធីតាមប្រពៃណីលើកមុខលើកមាត់ក្រុមគ្រួសារពិសារស្លាដកកន្សែងនេះឡើង។ នៅក្នុងថ្ងៃពិធីនេះដែរគូដណ្ដឹងរបស់អ្នកនាង លី ច័ន្ទសីហា បានជូនគ្រឿងពេជ្រ1ឈុតជាកាដូរក្នុងថ្ងៃភ្ជាប់ពាក្យ ក៏ដូចជាក្នុងឱកាសខួបកំណើតដ៏ពិសេសរបស់អនាគតភរិយារបស់ខ្លួនផងដែរ ។

អ្នកនាងបញ្ជាក់ថា នឹងពុំទាន់សម្រេចចូលរោងការនៅពេលណានោះទេដោយរង់ចាំឱ្យបរិបទកូវីដស្រាលបន្តិច ហើយក៏កំពុងពង្រឹងផ្នែកមុខជំនួញជាមួយនឹងអនាគតស្វាមីឱ្យកាន់តែរឹងមាំជាងនេះ ទើបសម្រេចថារៀបគម្រោងរៀបការនៅពេលនោះតែម្ដង។ អ្នកនាងថាបើទោះជាអនាគតស្វាមីមិនអនុញ្ញាតិឱ្យខ្លួនចូលប្រឡូកសិល្បៈស៊ប់ដូចមុន តែអ្នកនាងក៏នៅតែទទួលនូវការងារណាដែលចំណាយពេលថតមិនយូរ ក៏ដូចជាស្ពតខ្លីៗដដែលព្រោះទោះជារវល់នឹងមុខជំនួញយ៉ាងណាក៏អ្នកនាងមិនបោះបង់ចោលសិល្បៈទាំងស្រុងនោះឡើយ។

ចាត់ទុកថានេះជាការបើកបង្ហាញឱ្យហ្វេនៗអ្នកគាំទ្រអ្នកនាងបានដឹង និង ចូលរួមអបអរសាទរក្រោយតារាក្នុងដួងចិត្តរបស់ខ្លួន ក្រោយរកបាននូវគូជីវិតថ្មីបន្ទាប់ពីអ្នកនាងជួបស្នេហ៍ខកបំណងពីរលើកទៅហើយក្ដី។ ផ្ទះតារា ក៏សូមជូនពរដល់អនាគតគូស្វាមីភរិយាថ្មី ឱ្យជួបតែសំណាងល្អ និង សុខសុភមង្គលពេញមួយជីវិត។
រូបភាព៖ ផ្ទះតារា

LEAVE A REPLY

Please enter your comment!
Please enter your name here