គ្រាន់តែបញ្ចាំងថ្ងៃសម្ពោធ ឃើញថារឿង«កូនអើយម្ដាយខ្មោច» ពិតជាមិនអន់

0

ក្នុងការដាក់បញ្ចាំងទទួលភ្ញៀវអោយទស្សនាក្នុងពិធីបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៤ តុលា ភាពយន្តរឿង«កូនអើយម្ដាយខ្មោច»បានទទួលការកោតសរសើរយ៉ាងខ្លាំងទាំងប្លង់ ទាំងសំឡេង ជាពិសេសគឺសាច់រឿងតែម្ដង ដោយសារតែអ្នកនិពន្ធមិនត្រឹមតែច្នៃរឿងនិទានខ្មែរដែលធ្លាប់អានក្នុងសៀវភៅមកធ្វើជាដំណើររឿងប៉ុណ្ណោះទេ តែក៏បានរំលេចខ្លឹមសារអប់រំដោយពាក្យកាព្យមួយចំនួន និងបង្កើតនូវរសជាតិគួរអោយទាក់ទាញក្នុងរឿងទាំងមូលផងដែរ។

ភាពយន្តនេះត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រខ្លាំង ជាពិសេសសម្រាប់អ្នកត្រូវការភាពយន្តមួយដែលមានគុនភាព ហើយមានគំនិតចង់លើកស្ទួយវិស័យភាពយន្ត។

អ្នកទស្សនាដោយផ្ទាល់ក្នុងរោងជាច្រើនបានលាន់មាត់ថាភាពយន្តរឿង«កូនអើយម្ដាយខ្មោច»មានរសជាតិថ្មី និងទាក់ភ្នែកច្រើនជាងចំណុចឆ្គាំឆ្គង បើទោះជាភាពយន្តមួយនេះត្រូវវគេកត់សម្គាល់ថាបានសម្ដែងដោយតារាថ្មីៗ ច្រើនជាងតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។

ភាពយន្តមួយនេះសំដៅពីសង្គមខ្មែរមួយក្នុងអំឡុងឆ្នាំ១៩៨០ ដោយស្វាមីត្រូវស្លាប់ក្នុងពេលដែលចេញប្រយុទ្ធជាមួយក្រុមចោរ ដែលមកអុកឡុកភូមិស្រុក ហើយភរិយាត្រូវតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង ប៉ុន្តែជាអកុសលភរិយាដែលស្រីស្អាតប្រចាំភូមិ ក៏ត្រូវសេដ្ឋីចិត្តពាលប្រើល្បិចចាប់រំលោភ ហើយត្រូវស្លាប់ក្នុងពេលតតាំងគ្នា។ ក្រោយទទួលមរណភាពតួឯកស្រី ក៏ត្រូវបានគ្រូអាគមចិត្តបុណ្យដុំដែកគោលអោយរស់ឡើងវិញ ប៉ុន្តែតម្រូវអោយនាងចេញពីផ្ទះតែពេលយប់ និងកុំអោយអ្នកណាដកដែលគោលលើក្បាលនាងមុនកំណត់។ យ៉ាងណាមិញ នាងត្រូវក្រុមសេដ្ឋីដដែល ដែលដឹងថានាងគឺជាខ្មោចតាមយាយីរហូតធ្វើអោយនាងត្រូវកូនស្រីដកដែកគោលដោយអចេតនា ទើបធ្វើអោយនាងក្លាយជាខ្មោចស្រីកាចសហាវ។

អ្នកទស្សនាក្នុងរោងភាគច្រើន សរសើរថាភាពយន្តនេះ មានកម្រិតសាច់រឿងល្អ និងកម្រិតប្រកួតប្រជែងខ្ពស់ ប៉ុន្តែក៏មានការភ័យបារម្ភពីការផ្សព្វផ្សាយផងដែរ ដោយសារតែបទពិសោធន៍ភាពយន្តដែលល្អហើយមានគុណភាពបែបនេះ បើការផ្សព្វផ្សាយអោយទូលំទូលាយជាងនេះ គឺពិតជាទទួលបានការជោគជ័យខ្ពស់។

លោក ហេង តុលា ម្ចាស់ផលិតកម្មឯកភ្នំ ដែលជាអ្នកបោះទុនផលិតរឿង«កូនអើយម្ដាយខ្មោច»បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ប៉ុណ្ណោះ ដែលលោកចំណាយលុយផលិតរឿងដោយសារតែលោកចង់ចូលប្រឡូកនៅក្នុងវិស័យភាពយន្ត។ លោកថាភាពយន្តមួយនេះ លោកចំណាយដើមទុនអស់ច្រើនគួរសម តែលោកមិនចង់បង្ហាញតួលេខនោះទេ ដោយសារតែលោកសម្រេចចិត្តថា គឺទោះជាខាត ឬចំណេញ ក៏ពេញចិត្តទទួលយក។

កញ្ញា គង់ ស្រីពៅ ហៅ កញ្ញា រ៉ូស្សា ដែលជាតួឯកស្រីបានថ្លែងបញ្ជាក់ថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងដែលលើកទី១ក្រោយប្រលងជាប់ក្នុងកម្មវិធី Cambodia Super Model កាលពីឆ្នាំ២០១៦ ហើយមិនធ្លាប់ទទួលបានឱកាសសម្ដែងរឿងទាល់តែសោះ ស្រាប់ផលិតរឿង«កូនអើយម្ដាយខ្មោច» អោយនាងសម្ដែងតួឯក។

កញ្ញាមានឈុតពិបាកច្រើនក្នុងរឿងទាំងមូល ជាពិសេសឈុតកម្សត់ ឈុតត្រូវគេរំលោភ និងឈុតត្រូវសម្ដែងជាមួយក្របី ដែលនាងខ្លាចមិនហ៊ានក្បែរតែម្ដង។

នាងរំពឹងថាភាពយន្តនេះនឹងទទួលជោគជ័យ ខណៈដែលថ្ងៃទី២៥ តុលា ដែលជាថ្ងៃលក់សំបុត្រគ្រប់រោង មានការកក់សំបុត្រច្រើនគួរសម បើយោងតាមអ្វីដែលនាងបានដឹង៕