ផលិតកម្ម B&S Good Day បោះទុនផលិតរឿង«វិញ្ញាណស្នេហ៍»

0

កាលពីព្រឹកថ្ងៃទី២៤ តុលាមុននេះ ផលិតកម្ម B&S Goodday បានប្រកាសពីការបោះទុនរបស់ខ្លួនដើម្បីផលិតភាពយន្តភាគមួយក្រោមចំណងជើងថា«វិញ្ញាណស្នេហ៍»អោយប៉ុស្ដិ៍លេខ៥ ដោយអះអាងថាភាពយន្តភាគមួយនេះ នឹងចំណាយទុនរហូតដល់ជាង១០ម៉ឺនដុល្លារ បើទោះជាការផលិតរបស់ខ្លួនមិនចំណេញពីការប្រឹងប្រែង។ លោកបានទាំងរំពឹងថានឹងទទួលជោគជ័យទៀតផង ដោយសារតែស្នាដៃនេះមានរសជាតិថ្មី ពោលគឺមានទាំងកំប្លែង ឈុតឆាកប្លែកភ្នែក និងភ័យរន្ធត់។

លោក ប៊ុន ស៊ា ផលិតករភាពយន្តនិយាយថា លោកមិនខ្វល់ពីការខាត ឬចំណេញក្នុងការផលិតភាពយន្តភាគរឿង«វិញ្ញាណស្នេហ៍»នេះទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺមានភាពយន្តខ្មែរមួយ ដែលមានគុណភាព ហើយមានសាច់រឿងល្អ ដែលអាចប្រកួតប្រជែងបាន។ លោកថាការផលិតភាពយន្តខ្មែរ បើចង់អោយមានបាន គឺមិនអាចនោះទេ គឺលុះត្រាតែដាក់ចិត្តរួមគ្នាផលិតអោយល្អ ទើបស្នាដៃដែលបានផលិតឡើងមានការគាំទ្រ។

អ្វីដែលលោកបានរួមចំណែកអោយខុសប្លែកពីផលិតករដទៃទៀតនោះ គឺលោកបានរំលេចតារាសម្ដែងថ្មីៗ អោយសម្ដែងជាតួឯក និងជាតួសំខាន់ ខណៈដែលផលិតករភាគច្រើនផ្ដោតជ្រើសតែតួដដែលៗ។ លោកថ្លែងបញ្ជាក់ថា លោកចង់ផ្ដល់ឱកាសអោយតារាសម្ដែងវ័យក្មេង និងទើបឡើងកូដ បានសម្ដែងជាតួអង្គលេចធ្លោវិញម្ដង ទើបលោកសម្រេចអោយតួឯកប្រុសនៅក្នុងភាពយន្តនេះ បានសម្ដែងជាមួយកញ្ញា ផប់ រចនា អោយប្លែកភ្នែកម្ដង។

យ៉ាងណាមិញ លោកថាមុនការសម្រេចជ្រើសអោយសម្ដែង ក៏បានធ្វើតេស្ដសមត្ថភាព និងមានការប្រឹក្សាពីអ្នកជំនាញៗផងដែរ ដើម្បីអោយភាពយន្តទាំងមូលទទួលជោគជ័យ។

លោក ប៊ុន ស៊ា បន្តថា ភាពយន្តមួយនេះ នឹងចំណាយការផលិតអោយហើយក្នុងរយៈពេល៤ខែ ដោយគម្រោងក្នុងការដាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥ គឺនៅដើមឆ្នាំ២០១៩ខាងមុខ។ លោកទទូចអោយគាំទ្រស្នាដៃខ្មែរ ដើម្បីអោយក្រុមផលិតករនៅតែមានកម្លាំងចិត្តបន្តអាជីពមួយនេះ លើកស្ទួយវិស័យភាពយន្តខ្មែរ ដែលកំពុងបោកបក់ដោយភាពយន្តនៃប្រទេសជិតខាងយ៉ាងគំហ៊ុក។ នៅក្នុងពិធីក្រុងពាលីនោះ លោកថាតារាដែលមានឈ្មោះត្រូវសម្ដែង បង្ហាញវត្តមានមិនទាន់អស់នោះទេ ដោយសូម្បីតែលោក ទេព រិន្ទដារ៉ូ ក៏អវត្តមានមិនបានមកចូលរួមដែរ ព្រោះតែលោកជាប់រវល់៕