យ៉ុង ច័ន្ទកណ្ណិកា បង្ហើបតម្លៃចំណាយលើ MV Short Film ក្នុងបទ « បងធ្លាក់ដល់សូន្យ ក៏អូននៅក្បែរ »

0

សម្រួលអត្ថបទ៖ Neath

ត្រឹមរយៈពេល 6ថ្ងៃ ពិតជាមិនធម្មតា ដែលតារាចម្រៀងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានសម្ងំផលិតសាច់រឿងក្នុងបទ « បងធ្លាក់ដល់សូន្យ ក៏អូននៅក្បែរ » ខណៈខ្លឹមសារនៃរឿងនេះ ក៏រំពឹងថានឹងមានអត្ថន័យចាក់ដោតជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីក្ដីស្នេហ៍ស្ម័គ្រស្មោះគួរឱ្យសរសើរ ហើយអ្នកនាងរំពឹងថាក្រោយពេលMV ចេញជាផ្លូវការនឹងទទួលបានការគាំទ្រពីអ្នកទស្សនា។ អ្នកនាង និង លោក ញឹម ចំរើន ដែលជាដៃគូចម្រៀងក្នុងបទនេះ ក៏ត្រូវគេឃើញ សម្ដែងជាតួគូស្នេហ៍ឈរច្រៀងសាសងគ្នានៅក្នុងបរិវេណគម្រោងវីឡាស្កឹមស្កៃរបស់បុរី ML Villa ដែលជាផ្ទាំងទស្សនីយភាពមួយយ៉ាងត្រជាក់ភ្នែក ថែមទាំងកាន់តែធ្វើបទចម្រៀងមួយបទនេះ មានភាពប្រណីត និង គួរឱ្យចាប់អារម្មណ៍មួយកម្រិតទៀតផងដែរ។

អ្នកនាងបង្ហើបប្រាប់ ផ្ទះតារា ថា សាច់រឿងដែលអ្នកនាង និង ក្រុមការងារ រួមទាំងក្រុមបច្ចេកទេសកំពុងសម្ងំថតនេះ គឺជាការចំណាយរហូតដល់ 80% ពីសំណាក់ម្ចាស់គម្រោងបុរី ML ហើយ 20% បន្ថែមទៀតនោះគឺជាការចំណាយដោយរូបអ្នកនាងផ្ទាល់តែម្ដង។ ខណៈដែលចម្រៀងមួយបទនេះ គឺចំណាយការផលិតទាំងស្រុងអស់រហូតទៅដល់ជាង 3 ម៉ឺនដុល្លារ។ អ្នកនាងបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងខណៈ Official MV របស់ចម្រៀងមួយបទនេះក៏ទទួលបានការចូលទស្សនារហូតដល់ទៅ 1.5M រួចមកហើយនៅក្នុង Channel YouTube របស់ខ្លួនក្រោយការបង្ហោះ។ ហើយអ្នកនាងសង្ឃឹមថារសជាតិនៃ Short Film របស់បទនេះនឹងទទួលបានការគាំទ្របន្តទៀតពីទស្សនិកជនដែលគាំទ្របទ Original Song មួយនេះ។

អ្នកនាងបន្តលើកឡើងថា សាច់រឿងដែលបង្ហាញពីការតស៊ូរបស់គូស្នេហ៍ស្ម័គ្រស្មោះនេះ អ្នកនាង និង ម្ចាស់គម្រោងបុរី ML Villa បានសម្រេចផ្ដុំគំនិតគ្នា ដោយនឹងគម្រោងផលិតអាចឈានទៅដល់40នាទី ដោយត្រូវការចំណាយពេលថត និង កាត់តល្មមគួរសម ដើម្បីសម្រាំងយកតែប្លង់ណាដែលមានគុណភាពយកទៅបង្ហាញជូនអ្នកទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្វីត្បិតតែ MV Short Film ក្នុងបទ « បងធ្លាក់ដល់សូន្យ ក៏អូននៅក្បែរ » មួយនេះផលិតឡើងក្នុងរូបភាពស្នេហា ប៉ុន្តែសាច់រឿងក្នុងចម្រៀងខាងលើ ក៏ជាសារមួយដាស់តឿន ហើយនឹងអាចក្លាយជាគម្រូដ៏ល្អ និង កម្រមួយអាចជួយលើកទឹកចិត្ត និង ធ្វើជាមេរៀនជីវិត ដើម្បីឱ្យគូស្នេហ៍ទាំងឡាយ ដែលកំពុងជួបវិបត្តិជម្ងឺឆ្លងកូវីត19 រួមទាំងបញ្ហាផ្សេងៗកំពុងចាក់ស្រេះក្នុងសង្គមគ្រួសារ ជាកត្តាបូកផ្សំធ្វើឱ្យបាត់បង់នូវសុភមង្គល ក្នុងជីវិតគូ ឱ្យងាកមកផ្ដល់ការយកចិត្តទុកដាក់ជូនគ្នាទៅវិញទៅមក ផ្ដល់តម្លៃឱ្យគ្នា និង ងាកមកផ្ដើមស្រលាញ់ ហើយយល់ចិត្តគ្នាដូចដើមទើបធ្វើឱ្យជីវិតគូកាន់តែមានភាពរឹងមាំផងដែរ។

https://fb.watch/euPU2uEbS_/


LEAVE A REPLY

Please enter your comment!
Please enter your name here