កវីហង្សមាស ទ្រី សក្កដា ធ្វើខួបកំណើតធំ ក្រោយជោគជ័យសិល្បៈ៣ផ្លូវ

0

គ្មានអ្នកណាមិនដឹងនោះទេថា លោក ទ្រី សក្កដា គឺជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដោយលោកក៏បានវិវត្តន៍ខ្លួនក្លាយជាអ្នកដឹកនាំការសម្ដែង និងក្លាយជាអ្នកចម្រៀង Original Song នាពេលចុងក្រោយ។ ជោគជ័យលើវិថីសិល្បៈទាំង៣ផ្លូវនេះ ទើបធ្វើអោយលោកសម្រេចចិត្តធ្វើខួបកំណើតធំដុំ កាលពីថ្ងៃទី១៩ តុលា នៅភោជនីយដ្ឋានរស្មីសាច់អាំងទួលគោក ដោយលោកប្រកាសថានោះជាខួបកំណើតធំលើកទី២។

លោក ទ្រី សក្កដា និយាយថា ខួបលោកដែលបានធ្វើឡើងនោះ គឺលោកមានបំណងចង់អោយមានការជួបជុំ និងមានការស្គាល់លោកកាន់តែច្រើន បន្ទាប់ពីលោកក៏សាងស្នាដៃក្នុងវិស័យនិពន្ធ វិស័យដឹកនាំសម្ដែង និងច្រៀងបាន។ លោកថារយៈពេលជាង២ឆ្នាំនៅហង្សមាស លោកបាននិពន្ធបទចម្រៀងអោយហង្សមាសបានប្រមាណជាង៣០០បទមកហើយ ដោយភាគច្រើនសុទ្ធតែជាបទនិពន្ធថ្មី និងជាបទផ្តោតលើយុវវ័យ ដោយក្នុងចំណោមបទទាំងនោះក៏មានការដឹកនាំសម្ដែងដោយផ្ទាល់របស់លោកផងដែរ។ ដោយឡែកសម្រាប់អាជីពចម្រៀង លោកបានចេញបទ Original បានចំនួន៩បទហើយ ដោយបទ«ខ្មាស់គេ» និងបទចម្រៀងមួយចំនួនគឺមានការគាំទ្រគួរអោយកត់សម្គាល់នៅលើយូធូប។

លោក ទ្រី សក្កដា បញ្ជាក់ថា លោកមិនមានគម្រោងដើរចេញពីការនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសនោះទេ បើទោះជាលោកបានក្លាយជាតារាចម្រៀងឯករាជ្យ ដែលត្រូវគេមើលឃើញថាចាប់ផ្ដើមជោគជ័យនៅក្នុងពេលនេះ។

លោកក៏មិនមានគម្រោងហក់ចូលផលិតកម្មហង្សមាសនោះដែរ ដោយលោកយល់ថានៅក្នុងទ្រនំមួយនេះ លោកមានតំណែងជាអ្នកនិពន្ធរួចហើយ មិនចង់ឡុកឡាក់ក្នុងតំណែងជាអ្នកចម្រៀងមួយទៀត ដែលនាំអោយតារាចម្រៀងដែលរង់ចាំច្រៀងបទចម្រៀងរបស់លោកមានអារម្មណ៍ខកចិត្តនោះទេ។

លោកក៏បានថ្លែងបញ្ជាក់អោយដឹងពីមូលហេតុដែលលោកសម្រេចចិត្តធ្វើខួបកំណើតក្នុងភោជនីយដ្ឋាន«រស្មីសាច់អាំង»គឺដោយសារតែលោកក៏មានតំណែងជាបុគ្គលិកនៅក្នុងភោជនីយដ្ឋាននេះ ក្រៅពីអាជីពសិល្បៈ។ លោកកាន់តែមានអារម្មណ៍សប្បាយចិត្ត ដែលក្នុងថ្ងៃខួបគឺទោះជាមានរំខានដោយភ្លៀង និងមានកម្មវិធីសិល្បៈមួយផ្សេងទៀតជាន់គ្នា ក៏នៅតែមានភ្ញៀវចូលរួមកុះករ។ ក្រៅពីតារាចម្រៀង អ្នកនិពន្ធ ផលិតករនៅក្នុងផលិតកម្មផ្សេង និងភ្ញៀវកិត្តិយសជាអ្នកមានមុខមានមាត់ក៏បង្ហាញវត្តមានញាំងអោយពិធីរបស់លោកគគ្រឹកកគ្រេង នៅ«រស្មីសាច់អាំង»នោះ៕