តាំងពីបានក្ដោបតំណែងក្នុងកម្មវិធី The Voice Kids រដូវកាលទី២ តារាចម្រៀង កញ្ញា សួស វីហ្សា មិនត្រឹមតែមិនរងការរិះគន់ ដូចគ្នានឹង តារាចម្រៀង សុគន្ធ និសា ដែលកាន់តំណែងនេះកាលពីរដូវកាលមុនប៉ុណ្ណោះទេ តែក៏ត្រូវគេកត់សម្គាល់ថាទទួលបានការសរសើរពី សមត្ថភាពក្នុងការកាត់ក្ដីសំឡេងរបស់កុមារាកុមារី ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះនោះផង។ បេក្ខជនបេក្ខនារីច្រើននាក់ដែលមានសមត្ថភាព បានសម្រេចចិត្តជ្រើសជាគ្រូបង្វឹក បើទោះជាត្រូវប្រជែងនឹងគ្រូបង្វឹកលោក ព្រាប សុវត្ថិ និង អោក សុគន្ធកញ្ញា ដែលជាតារារៀមច្បង និងមានប្រជាប្រិយភាពខ្លាំង។
សន្ទុះគាំទ្ររបស់នាងធ្វើអោយតារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវគេលើកមកវិភាគជាថ្មីភ្លាមៗ។
អ្នកតាមដានកម្មវិធី The Voice Kids រដូវកាលទី២ច្រើននាក់ សុទ្ធតែបានលាន់មាត់សរសើរពីសមត្ថភាពរបស់ សួស វីហ្សា ក្នុងការជ្រើសយកសំឡេងបេក្ខជនបេក្ខនារីបានល្អៗ ខណៈដែលកូនក្រុមរបស់នាង ក៏សុទ្ធតែមានសមត្ថភាព។ សូម្បីតែក្នុងវគ្គ Steal ដែលនាង និងអោក សុគន្ធកញ្ញា ដណ្ដើមគ្នាយកកូនក្រុមរបស់លោក ព្រាប សុវត្ថិ ក៏គេឃើញបេក្ខជនតុលាជ្រើសយក សួស វីហ្សា ដែលមានន័យថានាងគឺជាគ្រូបង្វឹកដែលមានប្រជាប្រិយ ខុសឆ្ងាយពីពេលដែល សុគន្ធ និសា កាន់កាប់កម្មវិធីនេះ។ មនុស្សច្រើននាក់សុទ្ធតែបានសរសើរ ថា សួស វីហ្សា ធ្វើបានល្អក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក តែក៏ធ្វើអោយគេវិភាគទៅដល់តារាចម្រៀងអ្នកនាង សុគន្ធ និសា ជុំវិញការរិះគន់ដែលបានកើតឡើង ស្ទើរតែគ្រប់ពេលដែលអ្នកនាងជម្រើសយកបេក្ខជនបេក្ខនារីជាក្មេងៗអោយទៅកាន់វគ្គបន្ត ដោយគ្មានអ្នកគាំទ្រនាពេលនោះផងដែរ។
កំណើនគាំទ្រចំពោះ សួស វីហ្សា យ៉ាងហោចជាងពាក់កណ្ដាលដែលទស្សនាកម្មវិធីនេះ បានប្រដូចសមត្ថភាព និងប្រជាប្រិយភាពរបស់នាងក្នុងការកាត់ក្ដី និងធ្វើជាគ្រូបង្វឹក ទៅនឹង សុគន្ធ និសា តែក៏អ្នកខ្លះក៏បានព្រលយថាហេតុផលដែល សួស វីហ្សា បង្ហាញមុខក្នុងកម្មវិធី The Voice Kids បានល្អ ក៏ព្រោះតែបានមើលពីបទពិសោធន៍ក្នុងការរៀបចំកាលពីរដូវកាលទី១ ដែលផ្ទុយពីសុគន្ធ និសា ដែលធ្វើកម្មវិធីនេះបើកឆាកប៉ុណ្ណោះ៕