នីតា វរវង្ស ទម្លាយរឿងឪពុកមិនអើពើ ចំថ្ងៃពិសេសក្នុងជីវិត

0

ក្រោយជីវិតបាក់បែក តារាស្រីកញ្ញា នីតា វរវង្ស បានអះអាងថា ទំនាក់ទំនងរវាងនាង រវាងប្អូនៗ និងឪពុកស្ទើរតែមិនមានតែម្ដង បើទោះចាឪពុកនាងត្រូវបានគេស្គាល់ថាគឺជាផលិតករល្បីឈ្មោះម្នាក់ ហើយរូបនាងក៏បានតស៊ូក្លាយជាតារាដែលជានិច្ចកាល គឺត្រូវធ្វើការជួបគ្នា។

អ្វីដែលគួរអោយចាប់អារម្មណ៍ គឺនាងល្បីដល់ថ្នាក់មានអ្នកគាំទ្រប៉ុណ្ណឹងហើយ ក៏ឪពុកនាងមិនដែលនឹកនានោះដែរ ដោយសូម្បីតែក្នុងពិធីខួបកំណើតនាងក៏គ្មានពាក្យជូនពរបង្ហើតាមខ្យល់មួយម៉ាត់ ជាការលើកទឹកចិត្ត។

កញ្ញា នីតា វរវង្ស និយាយថា ម្ដាយ និងឪពុករបស់នាង បានលះលែងគ្នាប្រមាណជាង៣ឆ្នាំមកហើយ ដោយនាង និងម្ដាយតស៊ូចិញ្ចឹមប្អូនៗយ៉ាងលំបាកបំផុត ព្រោះតែបាត់បង់បង្អែកដែលធ្លាប់រកចំណូលផ្គត់ផ្គង់គ្រួសារ។ នាងថាឪពុករបស់នាងគឺជាផលិតករល្បីឈ្មោះម្នាក់ តែនាងមិនដែលទទួលបានឱកាសថតកុនពីចាត់ចែងរបស់ឪពុក ឬសូម្បីតែមើលមុខនាងពេលនាងជម្រាបសួរនោះទេ ទើបនាងចាត់ទុកថាខ្លួនគ្មានឪពុក ហើយនាងសម្រេចចិត្តមិនជម្រាបដំណឹងពីពិធីខួបកំណើតដែលនាងបានធ្វើឡើងយ៉ាងធំដុំ កាលពីយប់ថ្ងៃទី១៧ តុលា។ យ៉ាងណាមិញ គេនៅតែឃើញនាងបញ្ចេញស្នាមញញឹម ដោយក្នុងថ្ងៃនោះភ្ញៀវដែលនាងអញ្ជើញមក គឺទោះជារវល់យ៉ាងណាក៏មិនបាត់មុខដែរ។

នាងថារយៈពេលប្រឡូកសិល្បៈ៥ឆ្នាំ នាងសម្ដែងភាពយន្តបានច្រើនរឿងណាស់ ហើយក៏ទទួលមោទនភាពមិនតិចនោះដែរ ព្រោះបានសម្ដែងជាតួធំដុំ និងមានគេស្គាល់មិនចាញ់តារាល្បីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ យ៉ាងណាមិញ នាងថាបើនាងទទួលបានការជ្រោមជ្រែងពីឪពុកបន្ថែមដែលជាផលិតករមួយរូប គឺនាងប្រហែលជាដើរបានលឿនជាងនេះ។

អ្នកស្រី ថាវី ម្ដាយរបស់នាងបានអះអាងថា រយៈពេលជាង៣ឆ្នាំ ក្រោយពេលស្វាមីដែលជាឪពុក របស់នីតា វរវង្ស សម្រេចចិត្តចែកផ្លូវ អ្នកស្រីមិនដែលឃើញអតីតស្វាមីរបស់ខ្លួន នឹករលឹកដល់កូនទាំំង៣ដែលជាដំណក់ឈាមរបស់ខ្លួនទាល់តែសោះ ដោយអ្នកស្រីឆ្អែតចិត្តបំផុត គឺពេល នីតា វរវង្ស ជួបក្នុងពេលថតរឿង ហើយជម្រាបសួរ គឺអតីតស្វាមីរបស់ខ្លួនមិនមើលមុខកូនស្រីទាល់តែសោះ។ អ្នកស្រីថា នីតា វរវង្ស សព្វថ្ងៃ មិនខុសពីឪពុកផងម្ដាយផង និងជារៀមច្បងផងនោះទេ ដោយសារតែនាងមិនត្រឹមតែថតរឿងរកលុយដើម្បីខ្លួនឯង និងម្ដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្គត់ផ្គង់ប្អូនៗទាំំង២ បន្តពីឪពុក។ អ៊ីចឹងហើយ ទើបអ្នកស្រីមិនអញ្ជើញអតីតស្វាមីអោយមកអបអរខួបកំណើតកូនស្រីគម្រប់២២ឆ្នាំ កាលពីថ្ងៃទី១៧ តុលាមុននេះ ដោយអ្នកស្រីប្រាប់ថា មិនមែនលោកមិនដឹងនោះទេ តែសូម្បីតែពាក្យជូនពរកូនស្រីផ្ដាំផ្ញើតាមតារាដូចគ្នា ក៏លោកមិនមានទាល់តែសោះ។ អ្នកស្រីថា អតីតស្វាមីបានដកខ្លួនពីការគ្រប់គ្រងគ្រួសារច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានភាពលែងទាក់ទងគ្នាគឺទើបតែជាង៣ឆ្នាំចុងក្រោយប៉ុណ្ណោះ ទើបអ្នកស្រីថាជារឿងដាច់ចិត្តខ្លាំងណាស់ ដែលកូនស្រីប្រឹងប្រែងតស៊ូក្នុងសិល្បៈឡើងមានឈ្មោះបានប៉ុណ្ណឹងហើយ នៅតែមិនគ្មានការអើពើចំពោះនាងទៀត។

នៅថ្ងៃពិធីខួបកំណើតនោះ គេឃើញកញ្ញា នីតា វរវង្ស តែងខ្លួនស្រស់ស្អាតយ៉ាងខ្លាំង ខណៈដែលនាងប្រកាសយ៉ាងក្ដែងៗថា ខ្លួនមិនទាន់មានអ្នកចែចូវ ឬតាមស្រឡាញ់នោះទេ ដោយសារតែនាងអត់មានពេលគិត និងមិនមានពេលវេលាបើកបេះដូងអោយបុរសណាម្នាក់ក្រៅពីប្រឹងរកលុយដើម្បីគ្រួសារជំនួសតួនាទីរបស់ឪពុក។

នៅក្នុងថ្ងៃនោះគេឃើញនាងមានភ្ញៀវអញ្ជើញជាកិត្តិយសច្រើននាក់ ដ្បិតថាតារាសិល្បៈមានចំនួនតិចតួច ព្រោះតែនាងមិនហ៊ានរំខានច្រើន៕