ខេម បង្ហើបពីការតស៊ូរហូតក្លាយជាតារាចម្រៀង ជៀសផុតពីជម្រើសធ្វើអ្នករត់ម៉ូតូឌុប

0

ពិតណាស់ ឆាកជីវិតរបស់ តារាចម្រៀងម្នាក់ៗ ជួបប្រទះទៅដោយរឿងរ៉ាវតស៊ូផ្សេងៗគ្នា មុនពេលបានល្បីឈ្មោះ ហើយនេះក៏ជាការបង្ហាញ នូវគម្រូដ៏ល្អមួយផងដែរ របស់ រៀមច្បងជូនទៅដល់ប្អូនៗ រលកក្រោយ ដែលស្រឡាញ់ និងចង់ប្រឡូកនៅក្នុងវិស័យសិល្បៈ។ តួយ៉ាង លោកខេម ក៏បានចេញមុខ បង្ហាញរឿងខ្លះទាក់ទិន ទៅនឹងដំណើរនៃការឈានជើងចូលប្រឡងនៅក្នុងកម្មវិធី និង បទពិសោធន៍នៃការតាំងចិត្តមិនបោះបង់ជាច្រើនទម្រាំលោកបានក្លាយជាបុគ្គលដែលអាចឱ្យគេឮសម្លេង និង ចាំឈ្មោះលោកបាន ព្រមទាំងមានមហាជនជាច្រើនទទួលស្គាល់សម្ថភាពរបស់លោកថា ជាតារាចម្រៀងមកទល់សព្វថ្ងៃ។

ខេម បានរំលឹកឡើងវិញថា ខ្លួនធ្លាប់ បរាជ័យរឿង ប្រឡងចម្រៀងរហូត ដល់ទៅ២ដង ដែលជាហេតុធ្វើអោយលោកបាក់ទឹកចិត្តយ៉ាងខ្លាំង និង សឹងតែគ្មានកម្លាំងចិត្តដើម្បីឈានជើងប្រឡូកនៅក្នុងកម្មវិធីប្រឡងណាមួយម្ដងទៀត។ ជំហានដំបូងឡើយលោកបានទៅប្រឡង នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដោយលទ្ធផលទទួលបានត្រឹមបរាជ័យ ហើយលោកក៏បន្តទៅប្រឡងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាថ្មីម្ដងទៀត ប៉ុន្តែលទ្ធផលដែលលោកទទួលគឺបានត្រឹមតែខកចិត្តដូចពេលមុន។ លុះក្រោយមកលោកក៏រអាលែងចង់មកប្រឡងអ្វីទៀតនោះឡើយហើយថែមទាំងសម្រេចចិត្ត ចង់ត្រឡប់ទៅស្រុកវិញរករបររត់ម៉ូតូឌុបដើម្បីបម្រើឱ្យជីវភាពប្រចាំថ្ងៃវិញ។ ប៉ុន្តែដោយបានមិត្តម្នាក់របស់លោកជួយជម្រុញ និង លើកទឹកចិត្តឱ្យលោកខំតស៊ូ និង អត់ធ្មត់ ព្រមទាំងជម្រុញឱ្យលោកកុំបោះបង់ ទើបលោកសម្រេចចិត្តជាថ្មីទៅទិញពាក្យប្រឡងចម្រៀងនៅទូរទស្សន៍ CTN ម្ដងទៀត។

នៅគ្រានោះផងដែរការប្រឡងលោកក៏ទទួលបានលទ្ធល្អប្រសើរ និងទទួលបានឱកាសចេញច្រៀង ប៉ុន្តែក៏ជាឧបសគ្គធំមួយចំពោះលោកដែលត្រូវបន្តរស់នៅក្នុងជីវភាពខ្វះមុខខ្វះក្រោយ ទៅលើការចាយវាយប្រចាំថ្ងៃនៅក្នុងជីវិតរស់នៅលើទឹកដីទីក្រុង។

ក្រោយមកលោកក៏តតាំងបាន ក្លាយជាតារានៅក្នុងផលិតកម្មថោន ហើយទទួលបានឱកាសចេញនូវបទចម្រៀងល្អៗផ្ទាល់ខ្លួនជាច្រើន ពិសេសគឺបទ « បេះដូងអើយ » ដែលជាចលករធ្វើអោយលោកកាន់តែមានអ្នកស្គាល់ និងផ្ទុះកេរ្តិ៍ឈ្មោះ និង វិវឌ្ឍន៍ខ្លួនមកជាតារាល្បីនៅក្នុងវិស័យចម្រៀងមកទល់បច្ចុប្បន្ននេះ។ ងាកមកមើលសព្វថ្ងៃ ខេម ក៏បានក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្មហ្គាឡាក់សុី ដែលជាផលិតកម្មថ្មីប៉ុន្តែសក្ដានុពលក៏មិនចាញ់ផលិតកម្មឈានមុខនៅក្នុងស្រុកខ្មែរនោះឡើយ ហើយខ្លួនលោក ក៏ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនដើម្បីទប់ទល់ជីវភាព ក្រៅពីអាជីពចម្រៀងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here