សូ អែនណា រំលឹកពីជោគជ័យតារាខ្មែរ លើអន្តរជាតិនៅកូរ៉េ

0

ក្រោយពីបានដឹកនាំតារាពីកម្ពុជាចំនួន៣រូបអោយចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Model Festival 2018 ដោយក្នុងកម្មវិធីនោះក៏មានប្រកួត Asian Model Star Award 2018 ភ្ជាប់ជាមួយផង ឃើញតារាខ្មែរក្រោមការដឹកនាំរបស់កញ្ញា សូ អែនណា ប្រធានក្រុមបង្ហាញម៉ូដ«តារារះថ្មី»ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយលោក អែតវីន តំណាងអោយតារាខ្មែរពីប្រទេសកម្ពុជាទទួលបានពានក្នុងកម្មវិធី Asian Model Star Award 2018 កាលពីថ្ងៃទី៦ ខែឧសភា ហើយតារាប្រុសមួយរូបទៀតគឺលោក ប្រាជ្ញ ឆវ័ន្ត ក៏ទទួលបានរង្វាន់ពីក្រុមហ៊ុនអន្តរជាតិមួយពីកម្មវិធីប្រកួតម៉ូដែល Asian Model Festival 2018 កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

កញ្ញា សូ អែនណា និយាយថា កញ្ញាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងចំណោមតារាៗមកពីបណ្ដាប្រទេសជាច្រើនចូលរួមប្រកួតប្រជែង និងបង្ហាញខ្លួននៅក្នុងកម្មវិធីធំទាំង២នោះ ស្រាប់តែតារាខ្មែរបានទទួលជោគជ័យនៅក្នុងប្រទេសកូរ៉េ ខណៈដែលប្រកួតជាច្រើនមិនបានជាប់អ្វីត្រឡប់មកវិញ។ កញ្ញាថា ក្នុងការប្រកួត Asian Model Festival 2018 តារាម៉ូដែលដែលក្រុម«តារារះថ្មី»បញ្ជូនទៅ លោកប្រាជ្ញ ឆវ័ន្ត ទទួលបានរង្វាន់ឧបត្ថម្ភពីក្រុមហ៊ុន JMA ដែលជាក្រុមហ៊ុនធំក្នុងនាមជាតារាមួយរូបដែលក្រុមហ៊ុននេះពេញចិត្ត។

កញ្ញាជោគជ័យនេះមិនសុទ្ធតែមានចំពោះបេក្ខជនបេក្ខនារីទាំង២៣ប្រទេសដែលបានចូលរួមនោះទេ ទើបកញ្ញាយល់ថាអ្វីដែលលោកឆវ័ន្តទទួលបាន ក៏ជាមោទនភាពមួយ ដែលធ្វើអោយជនបរទេសស្គាល់ពីសមត្ថភាពរបស់តារាខ្មែរបានកាន់តែច្រើន។ ដោយឡែក តារាសម្ដែងលោក អែតវីន កញ្ញា ថាក្រុមបង្ហាញម៉ូដរបស់នាងបានអញ្ជើញអោយទៅទទួលពានក្នុងកម្មវិធី Asian Model Star Award 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េនោះដែរ ក្នុងនាមជាតារាតំណាងអោយប្រទេសកម្ពុជា។ ការទទួលពាននេះ ក៏ជាកិត្តិយសសម្រាប់តារាខ្មែរផងដែរ ទើបកញ្ញាកាន់តែមានកម្លាំងចិត្តក្នុងការដឹកនាំតារាខ្មែរអោយចូលរួមប្រកួត និងបង្ហាញរូបសម្រស់លើឆាកអន្តរជាតិខ្លាំងឡើង បន្ទាប់ពីការដឹកនាំអោយចេញលើឆាកអន្តរជាតិលើកនេះជោគជ័យ។

កញ្ញាសូ អែនណា និយាយថា ក្រោយបញ្ចប់ការប្រកួត និងប្រគល់ពានក្នុងកម្មវិធីទាំង២នៅក្នុងប្រទេសកូរ៉េ កម្ពុជាកាន់តែមានកិត្តិយសនៅក្នុងព្រឹត្តិការណ៍ទាំង២នោះ ខណៈដែលជនបរទេសក៏បានកោតសរសើរពីតារាៗរបស់កម្ពុជា ថាមានសម្រស់ និងគំនិតច្នៃប្រឌិតមិនធម្មតាមិនអន់ជាងតារាៗរបស់បរទេស។

កញ្ញានឹងមានគម្រោងដឹកនាំក្រុមបង្ហាញម៉ូដ«តារារះថ្មី»ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដោយកញ្ញាក៏នឹងស្វែងរកសម្លៀកបំពាក់តំណាងជាតិអោយកាន់តែអស្ចារ្យដើម្បីអោយតារាស្លៀកពាក់បង្ហាញពីអត្តសញ្ញាណរបស់ជាតិ។

កញ្ញាបញ្ជាក់ថាមិនមានអ្វីកិត្តិយសជាងតារាខ្មែរដើរបង្ហាញលើឆាកអន្តរជាតិ ហើយនៅចុងបញ្ចប់ការប្រកួត ក៏មានតារាខ្មែរត្រូវបានប្រកាសអោយទទួលរង្វាន់រង្វាន់នោះ និងទទួលពាននោះទេ ដោយសារតែអ្វីដែលក្រុមនាងទទួលបាន គឺជាមុខមាត់របស់តារានៅកម្ពុជាទាំងមូល។ កញ្ញាបន្តថាការពិតកម្មវិធីដែលបានធ្វើឡើងនៅក្នុងប្រទសកូរ៉េនោះ គឺជាកម្មវិធីតែមួយប៉ុណ្ណោះ ដោយគ្រាន់តែក្រោយបញ្ចប់កម្មវិធីប្រឡងម៉ូដែល ក៏មានការប្រគល់ពានដល់តារាៗមកពីប្រទេសផ្សេងនៅមួយថ្ងៃបន្ទាប់ពីចប់ម៉ូដែលផង៕