ក្នុងពិធីសម្ពោធភាពយន្តរឿង “បង្គោលគ្រាក់វគ្គ2” កាលពីល្ងាចថ្ងៃទី ៩ ឧសភា ឆ្នាំ២០២២ មុននេះ នៅរោងទំនើបនៅបឹងកក់ អ្នកបានទស្សនាភាពយន្តមួយនេះច្រើនណាស់ សុទ្ធតែលាន់មាត់សរសើរថា ស្នាដៃនេះគទាំងរន្ធត់ និង សើចហៀរទឹកភ្នែក ដោយអ្នកទស្សនាច្រើនណាស់ ពោលថារឿងនេះល្អមើល។ នេះជាស្នាដៃរបស់ផលិតកម្ម LD ក្រោមការផលិតរបស់លោក លៀក លីដា តែស្នាដៃវគ្គ២នេះ គឺមានសាច់រឿងល្អមើល និង ទាក់ភ្នែកក្នុងការទស្សនាខ្លាំងជាងវគ្គ១នោះផង ទើបរឿងមួយនេះ ត្រូវបានគេរំពឹងយ៉ាងច្រើន ថានឹងជោគជ័យខ្លាំង ដូចគ្នានឹងវគ្គទី១ ស្របពេលដែលបណ្ដារោងកុន ក៏បើកទទួលភ្ញៀវ១០០ភាគរយដូចដើម។
យ៉ាងណាមិញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម បានសំណូមពរថា បើទោះជារឿងមួយនេះល្អមើលដូចការកោតសរសើរ តែបើបណ្ដារោងកុននៅតែផ្ដល់ម៉ោងបញ្ចាំងអោយតិចជាងរឿងបរទេស ឬ ដាក់ភាពយន្តបរទេសគប់គ្នានឹងភាពយន្តខ្មែរ នោះការគាំទ្រភាពយន្តខ្មែរ នឹងទទួលជោគជ័យមានកម្រិត។ ភាពយន្តនេះ នឹងដាក់សំបុត្រលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី១២ ឧសភា នេះតទៅ ដោយភាពយន្តនេះ ក៏មានគម្រោងយកទៅដាក់បញ្ចាំងនៅបណ្ដារោងនៅក្រៅប្រទេសផងដែរ។ ភាពយន្តនេះក៏ចម្រុះដោយតារាល្បីៗផងដែរ ទើបក្ដីរំពឹងជោគជ័យ គឺមានភាគរយខ្ពស់ ព្រោះតែរឿងទាំងមូលពោរពេញដោយឈុតភ័យរន្ធត់ និង សើចសប្បាយឡើងហៀរទឹកភ្នែក។