ឌួង ហ្សូរីដា ក្លាយជាស្ត្រីខ្មែរតែម្នាក់ ទទួលពានឆ្នើម២ម្នាក់ឯង លើឆាកអន្តរជាតិ

0

កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២២ កន្លងទៅ ពិធីការិនីឆ្នើម និង និយមស្ទីលស្រគត់ស្រគំ កញ្ញា ឌួង ហ្សូរីដា និង ប្អូនស្រី បានដឹកដៃគ្នាឡើងយកពានកម្រិតអន្តរជាតិ ក្នុងនាមជាស្ត្រីជោគជ័យគួរអោយសរសើរ នៅក្នុងទីក្រុងបាងកក។ ក្រៅពីជនជាតិថៃ និង ជនជាតិមកពីប្រទេសផ្សេងៗ ដែលមានឈ្មោះទទួលពានឆ្នើមនៅក្នុងវេទិកានោះ កញ្ញា គឺជាជនជាតិខ្មែរតែម្នាក់គត់ ដែលទទួលបានពាន២ ខណៈដែលប្អូនទាំង២ គឺពិធីការិនី ឌួង ហ្សូរីម៉ា និង កញ្ញា ឌួង កូហ្សូណា ទទួលបានម្នាក់១។ តារាស្រីរូបនេះបញ្ជាក់ថា បណ្ដាម្ចាស់ពានដែលទៅទទួលពានទាំងនេះ គឺសុទ្ធតែជាម្ចាស់ក្រុមហ៊ុនដែលមានស្តង់ដាអន្តរជាតិ មានលេខចុះបញ្ចីការនៅគ្រប់ក្រសួងទទួលស្គាល់។ កញ្ញា ឌួង ហ្សូរីដា ទទួលបានពានចំនួន២ គឺពានអ្នកជំនួញឆ្នើមមួយ និងពានជោគជ័យកម្រិតអាស៊ានមួយ ដែលមានឈ្មោះថា Asian Business Award 2022 ដែលសំដៅលើក្រុមហ៊ុនដែលនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស ហើយជោគជ័យខ្លាំង។ នាងថា៣ឈុតដែលនាង និង ប្អូនស្រីគ្រងទៅ គឺសុទ្ធតែហូលដែលមានគោមជាអក្សរខ្មែរ ហើយបើទោះជាគោមទាំងនោះ គឺជានិមិត្តរូបក្រុមហ៊ុនរបស់នាង ក៏តំណាងអោយអត្តសញ្ញាណខ្មែរ អោយជនបរទេសបានស្គាល់ផងដែរ។ នេះគឺជាការទទួលពានជាលើកទី៣នៅក្នុងប្រទេសថៃនៅក្នុងប្រទេសថៃ ហើយបើរាប់ទាំងការទទួលពានស្រដៀងគ្នានេះ នៅកម្ពុជា គឺឌួង ហ្សូរីដា និង ប្អូនស្រីទទួលពានបានច្រើនលើកមកហើយ។