មិនទាន់លើកយីហោផង សន សុវណ្ណារ៉ា កើបលុយកប់

0

មុខជំនួញមួយថ្មី ពិធីករលោក សន សុវណ្ណារ៉ា មិនទាំងបានប្រកាសថាផង ប៉ុន្តែលោក និងក្រុមការងារបានអះអាងថា កើបលុយរាល់ថ្ងៃទៅហើយ ដោយមានទាំងតារាល្បីៗកុម្ម៉ង់ទិញយកទៅលក់តយ៉ាងសប្បាយដៃនោះផង។ ជាមួយនឹងជោគជ័យលើជំនួញថ្មីនេះ លោកអះអាងថា នឹងលុបចោលគម្រោងធ្វើខួបកំណើតធំដុំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ តុលានេះផង។

លោក សន សុវណ្ណារ៉ា និយាយថា លោកបានបើកជំនួញផលិតផលិតផលថែរក្សាសម្រស់ម្យ៉ាង ដោយប្រើរូបមន្តចាស់ជំនាន់ដើម គឺល្មៀត ពន្លៃ អំបិល និងកាហ្វេ មកធ្វើជាគ្រឿងខាត់ស្បែក ដោយលោកបានកុម្ម៉ង់សំបកដប និងស្លាកយីហោមកវិចខ្ចប់ផលិតផលទាំងនោះ ដែលធ្វើអោយផលិតផលទាំងនោះស្ទើរនឹងច្រលំថាជាផលិតផលបរទេស។ លោកថាផលិតផលទាំងនោះរួមមាន កាហ្វេខាត់ស្បែក ល្មៀតខាត់ស្បែក និង ពន្លៃខាត់ស្បែកជាដើម ដោយរូបមន្តក្នុងការច្នៃ គឺលោកប្រើផលិតផលខ្មែរសុទ្ធ មិនថាពន្លៃ កាកកាហ្វេ និងល្មៀត ដោយមិនប្រើគីមីនោះទេ ពោលគឺលោកប្រើរូបមន្តដូចគ្នានឹងចាស់ពីជំនាន់ដើមប្រើដើម្បីថែរក្សាសម្រស់តែម្ដង។ មុខជំនួញមួយនេះ មិនត្រឹមតែអាចធ្វើអោយរក្សាបានក្បួនខ្នាតក្នុងការថែរក្សារូបមន្តពន្លៃ និងល្មៀតជាដើម ដើម្បីរក្សាសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអោយសហគមន៍មួយក្នុងខេត្តបាត់ដំបង ទទួលបានចំណូលពីមុខរបរនេះផងដែរ។ យ៉ាងណាមិញ លោកថាខ្លួនមិនទាន់ទាំងបានប្រកាសពីមុខរបរនេះផង ស្រាប់តែផលិតផលដែលលោកផលិតបាន មានអ្នកកុម្ម៉ង់ទិញយកគ្មានសល់ ខណៈដែលក្នុងមួយថ្ងៃមានអ្នកកុម្ម៉ង់ទិញរហូតដល់៦០០ដប ដល់ថ្នាក់ផលិតមិនទាន់។

លោក សន សុវណ្ណារ៉ា និយាយថា លោកនឹងប្រកាសជំនួញថ្មីរបស់ខ្លួនក្នុងពេលខាងមុខ ប៉ុន្តែមិនធ្វើធំដុំនោះទេ ដោយសារតែផលិតផលនេះ គ្រាន់តែប្រើការបង្ហោះលើផេក និងអោយក្រុមការងារណែនាំទៅកាន់ភ្ញៀវ ក៏មានអ្នកកុម្ម៉ង់យកស្ទើរមិនសល់សម្រាប់បង្ហាញភ្ញៀវផ្សេងទៀតទៅហើយ។

ក្នុងនោះលោកក៏គម្រោងនឹងជ្រើសតារាល្បីណាម្នាក់ អោយធ្វើជាតំណាងផលិតផលរបស់ខ្លួនផងដែរ ដោយគ្រាន់តែមិនទាន់កំណត់ថាតារារូបណានឹងត្រូវបានជ្រើសយក។ ជាមួយនឹងការបង្ហើបអោយដឹងនេះ គេកត់សម្គាល់ថាលោកទទួលបានជោគជ័យព្រមគ្នា ទាំងក្រុមហ៊ុនពិធីករ អាជីពពិធីករ មុខជំនួញ និងរឿងស្នេហាផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here