បន្ទាប់ពីមានការថ្កោលទោសយ៉ាងពេញទំហឹងឆ្លើយតបទៅនឹងនារីវ័យក្មេងម្នាក់ ដែលបានបង្ហោះពីការសម្លាប់សត្វព្រៃ ពេលនេះអត្តសញ្ញាណរបស់នាងត្រូវបានបង្ហាញហើយ ដោយក្រុមអ្នកលេងហ្វេសប៊ុក បានស្នើអោយមាននាំខ្លួននារីម្នាក់នោះ និងជនពាក់ព័ន្ធមកទទួលខុសត្រូវនោះផង។ យ៉ាងណាមិញ គេមិនទាន់ដឹងថាមន្ត្រីពាក់ព័ន្ធនឹងមានចំណាត់ការយ៉ាងណានោះទេ។
នារីដែលបានបង្ហោះពីការសម្លាប់សត្វព្រៃរហូតមានការរិះគន់យ៉ាងពេញទំហឹងនោះ ត្រូវបានគេអះអាងថាមានឈ្មោះនៅក្នុងគណនីយហ្វេសប៊ុកថា«Ah Lin Tuch» ដោយនាងជាអ្នកភ្នំពេញ ហើយក្រៅពីនាងក៏មានបុរសម្នាក់រួមដៃជាមួយផងដែរ ដែលទំនងជាមិត្តបប្រុស ឬគូស្នេហ៍របស់នាង។ ជាមួយនឹងការបង្ហាញអត្តសញ្ញាណថានាងឈ្មោះ អាលីន ហើយជាអ្នកភ្នំពេញនេះ ក្រុមអ្នកលេងហ្វេសប៊ុកលើកឡើងថាក្រុមន្ត្រីពាក់ព័ន្ធគួរតែរកនាងឃើញ និងយកនាងមកប្រឈមផ្លូវច្បាប់អោយមហាជនអស់ចិត្ត ដើម្បីអោយស្របនឹងការកំណត់ទោសជុំវិញការសម្លាប់សត្វព្រៃ ដែលជាទោសត្រូវបានចែងដោយច្បាប់។ នារីវ័យក្មេងម្នាក់នេះ ត្រូវគេឃើញថតត្រដាងពីការចាប់បានសត្វព្រៃស្ទើរគ្រប់ប្រភេទពីក្នុងព្រៃនៅក្នុងប្រទេសកម្ពុជា ដោយនាងក៏បានបង្ហាញពីការសម្លាប់សត្វទាំងនោះធ្វើជាអាហារ ដោយមិនខ្លាចពីការបំពានច្បាប់នោះទេ។ អ្វីដែលគេកត់សម្គាល់គឺប្រភេទសត្វដែលនាងសម្លាប់ធ្វើជាអាហារសុទ្ធតែជាប្រភេទសត្វព្រៃដ៏កម្រ ជាពិសេសសត្វស្លាប ដែលនាងបានត្រដាងបង្អួតអ្នកលេងហ្វេសប៊ុក។ មកទល់ពេលនេះ គេកំពុងចាំមើលចំណាត់ការថាស្រីស្អាតឈ្មោះអាលីន ដែលជាអ្នកពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរនឹងការសម្លាប់សត្វព្រៃកម្រៗទាំងនោះ តើនឹងត្រូវប្រឈមផ្លូវច្បាប់ក្រោយការរកឃើញអត្តសញ្ញាណ ឬទេ ដើម្បីអោយអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលខំស្រាវជ្រាវអាក់ខោនពិតរបស់នាង យលលាតត្រដាងអស់ចិត្ត៕