លី ណូរ៉ា ថ្ងូរថាគ្មានខ្នងក្នុងសិល្បៈ តែទទួលផ្លែផ្កាមិនគួរជឿ

0

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងកំព្រាម្ដាយកូនកាត់ចិន លោក លី ណូរ៉ា ដែលមានឈ្មោះកំណើតថា លី ឈ័ង កាន់តែទទួលបានផ្កែផ្កានៅក្នុងពិភពសម្ដែង ដោយមានឱកាសសម្ដែងក្នុងបទចម្រៀងរបស់តារាល្បីៗច្រើនឡើងនាពេលចុងក្រោយ ជាពិសេសគឺក្នុងផលិតកម្មថោន។ យ៉ាងណាមិញ លោកអះអាងថា ជំហានដែលខ្លួនទទួលបាន គឺជំហានយឺតយ៉ាវ និងមានឧបសគ្គរាប់មិនអស់ បើធៀបនឹងអ្នកមានខ្នងបង្អែកជ្រោមជ្រែងក្នុងសិល្បៈ។

លោក លី ណូរ៉ា បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីការងារសិល្បៈរបស់លោកកាន់តែមានការទទួលស្គាល់ និងមានការងារថតច្រើន ដោយការសម្ដែងចុងក្រោយ ក៏ធ្វើអោយលោកកញ្ឆក់បានតំណែងតួឯក មិនមែនសម្ដែងក្នុងតំណែងតួរាយរងដូចមុន។ យ៉ាងណាមិញ លោកជំហានដែលខ្លួនបានមកដល់ថ្ងៃនេះ គឺជារឿងលំបាកខ្លាំងណាស់ ដោយត្រូវបានផលិតករមួយចំនួនរើសអើង និងមិនចង់ព្រមផ្ដល់ឱកាស ហើយយល់ថាលោកសម្ដែងជាតួឯក ឬជាតួធំមិនបានរាប់មិនអស់នោះផង។ បើតាមសមត្ថភាពរបស់ខ្លួន លោកថាខ្លួនគួរតែមានឱកាសបានច្រើនជាងនេះ ប៉ុន្តែបណ្ដាលមកពីខ្វះខ្នងបង្អែក ទើបលោកបានត្រឹមតែតំណែងតួឯកក្នុងបទចម្រៀង ហើយសម្រាប់ភាពយន្តនៅមិនទាន់មាន។

ប៉ុន្តែលោកថាខ្លួនក៏បោះបង់ការសម្ដែងភាពយន្តក្នុងតំណែងជាតួល្អៗអស់មិនតិចនោះដែរ ដោយសារតែលោកមិនចង់ប៉ះពាល់ការងារក្នុងក្រុមហ៊ុនមួយ ដែលមិនអាចអោយលោកចេះតែសុំច្បាប់យូរថ្ងៃ អ៊ីចឹងហើយ ទើបជាហេតុផលធ្វើអោយលោកបាត់បង់តំណែងលេចធ្លោក្នុងការសម្ដែងភាពយន្តផងដែរ។

តារាកំព្រាម្ដាយរូបនេះ និយាយថា មុនបោះជំហានមកដល់ថ្ងៃនេះ លោកឆ្លងកាត់ការលំបាករាប់មិនអស់ពីសំណាក់អ្នកជុំវិញខ្លួន ហើយបណ្ដាលមកពីការមាក់ងាយថាលោកមិនអាចធ្វើជាតារាបាន និងមិនអាចជោគជ័យក្នុងមាគ៌ាមួយនេះហ្នឹងហើយ ទើបធ្វើអោយលោកបន្តបោះជំហាន រហូតត្រូវបានមហាជនទទួលស្គាល់ថាជាតារាដែលមានសមត្ថភាព និងមានក្រេឌីតម្នាក់។ លោកថាគិតពិការបោះជំហាន មកទល់នឹងមានការទទួលស្គាល់នេះ លោកប្រើពេលមិនដល់៤ឆ្នាំនោះឡើយ ដោយស្នាដៃសម្ដែងនៅលើយូធូបក៏មានរាប់មិនអស់នោះដែរ មិនថានៅក្នុងផលិតកម្មថោន សាន់ដេ ហង្សមាស និងផលិតកម្មផ្សេងទៀត។ ក្នុងនោះអាជីពចម្រៀង និងអាជីពបើកជំនួញផ្ទាល់ខ្លួន ក៏ធ្វើអោយលោកទទួលបានផ្លែផ្កាមិនតិចដូចគ្នា៕