យោងតាមការបង្ហោះរបស់លោកទីជាស្វាមី និងតារា២រូបដែលមានទំនាក់ទំនងស្និទ្ធស្នាល តារាចម្រៀង និងជាតារាសម្ដែង អ្នកនាង នៅ ណាវីន ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់ប៉ះពាល់ដល់ជីវិត ដោយខាងវេជ្ជបណ្ឌិតថៃ ច្រានចោលមិនហ៊ានព្យាបាលចំពោះអ្នកនាងបន្តនោះផង ។
អ្នកនាងត្រូវប្រឈមវះកាត់ដូរក្រលៀនអោយបានឆាប់ ប្រសិនបើអ្នកនាងចង់រស់នៅបានយូរអង្វែង និងមានសុខភាពល្អ។
លោក ម៉ាដូណា ដែលមិត្តភ័ក្តស្និទ្ធស្នាលអ្នកនាងនៅ ណាវីន បានអះអាងថា អ្នកនាង នៅ ណាវីន មានបញ្ហាគ្រោះថ្នាក់ខូចក្រលៀនមួយរយៈមកហើយ ប៉ុន្តែមកពីពេលកន្លងមកអ្នកនាង និងគ្រួសារប្រឹងប្រែងព្យាបាលទើបអាចបន្តការងារសិល្បៈ និងការងារផ្ទាល់ខ្លួន ដោយមិនមានអ្នកណាចាប់អារម្មណ៍ថាអ្នកនាងមានជំងឺ។ លោកថាអ្នកនាងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃមួយរយៈមួយមកហើយ ដោយខាងពេទ្យថាបានជំរុញអោយបញ្ជូនអ្នកនាងទៅដូរក្រលៀននៅក្នុងប្រទេសឥណ្ឌាអោយបានឆាប់ ទើបលោកថា គ្រួសារលោកឈានដល់អស់លទ្ធភាព។
កញ្ញា សុខ ស្រីម៉ុច តារាសម្ដែង បានថ្លែងប្រាប់ថា សភាពអ្នកនាងនៅ ណាវីន កាន់តែធ្ងន់ធ្ងរ ដោយការវះកាត់ដូរក្រលៀនរបស់អ្នកនាងគឺត្រូវការរហូតដល់រង្វង់៥ម៉ឺនដុល្លារ។ យ៉ាងណាមិញ កញ្ញាថា អ្នកនាង នៅ ណាវីន ក៏មានទ្រព្យរបស់ត្រូវលក់ដូរបានប្រមាណជាង១ម៉ឺនដុល្លារផងដែរ ទើបកញ្ញាទទូចអោយមានការជួយសង្គ្រោះចំពោះអ្នកនាងដើម្បីអោយតារាចម្រៀងរូបនេះ ទទួលបានលទ្ធភាពទៅវះកាត់ដូរក្រលៀន នៅឥណ្ឌា៕