សកម្មភាពថតចូលឆ្នាំរបស់សមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២២ មិនបានបញ្ចប់ដោយភាពរលូនទេ តែបានបន្សល់នូវការរិះគន់ជាច្រើនពីសំណាក់សិល្បករដែលបានចូលរួម។ តារាៗមួយចំនួនបានបង្ហោះពីការគ្រប់គ្រងខ្សោយរបស់កម្មវិធី ខណៈដែលសិល្បករច្រើនណាស់ ដែលសម្ដែងការមិនពេញចិត្តចំពោះការរៀបចំ និង ដឹកនាំ ដោយករណីនេះមិនមែនជាលើកទី១ទេ គឺលិចលឺស្ទើរតែគ្រប់ពេលថតតែម្ដង។
តារាមិនតិចបានបង្ហាញពីការខកចិត្តសម្រាប់ការចូលរួមកម្មវិធីចូលឆ្នាំរបស់សមាគមនៅក្នុងឆ្នាំនេះ ដោយអ្នកទាំងនោះមិនត្រឹមតែត្អូញត្អែរិះគន់តែម្យ៉ាងទេ គឺឈានដល់ការបង្ហោះផង។ ការរិះគន់ដែលបានធ្វើឡើងនេះ គឺសំដៅទៅលើអ្នករៀបចំកម្មវិធី និង អ្នកចាត់ចែងតួ ជុំវិញករណីរញ៉េរញ៉ៃ គ្មានការគ្រប់គ្រងច្បាស់លាស់ បក្សពួកជាមួយតែតួល្បីៗ ហើយចាត់ទុកស្ថាប័ន និង សិល្បករដែលមិនសូវមានឈ្មោះអោយនៅកន្លៀតជញ្ជាំង។ ជាក់ស្ដែងកម្មវិធីដែលបានធ្វើឡើងនោះ គេឃើញពិធីករ និង សិល្បករតំណាងមកពីប៉ុស្តិ៍ខ្លះ មិនត្រូវបានអនុញ្ញាតិអោយឡើងច្រៀង ឬ ឡើងឧទ្ទេសនាមតំណាងអោយស្ថាប័នរបស់ខ្លួននោះទេរហូតដល់ម៉ោងជិត៧យប់ បើទោះជាតំណាងសិល្បករទាំងនោះ បានទៅចូលរួមកម្មវិធីតាំងពីម៉ោង៩ព្រឹក និង បានជម្រាបជូនដល់អ្នករៀបចំកម្មវិធីជាមុន។ នៅជិតបញ្ចប់កម្មវិធីគេឃើញមានផ្ទុះសម្រែកតវ៉ាដាក់គ្នារវាងតំណាងសិល្បករដែលដឹកនាំតួទៅចូលរួមតំណាងសិល្បករ និង អ្នកគ្រប់គ្រងតួនោះផង ដោយសារតែអ្នកគ្រប់គ្រងតារាអោយឡើងថតនៅក្នុងកម្មវិធីរបស់សមាគមក្នុងឆ្នាំនេះ ចេះតែដាក់តួឡើងឆាកដោយគ្មានច្បាស់លាស់ អ្នកគ្មានឈ្មោះក្នុងបញ្ជីក៏ចេះតែដាក់អោយច្រៀងមុន ហើយបណ្ដាលអោយតួជាច្រើនដែលមានឈ្មោះក្នុងបញ្ជី និង បានត្រៀមខ្លួនតាំងពីព្រឹកត្រូវស្កក។
តារាខ្លះមានឈ្មោះក្នុងបញ្ជីត្រូវច្រៀងតែ២បទប៉ុណ្ណោះ តែពេលបានឡើងឆាក គឺក្រាញលើសកំណត់ ហើយមានសភាពខាតពេលខ្លាំង ដោយសារតែតួក្រៅបញ្ជីទាំងនោះ មួយចំនួនគឺយកបទថ្មីមកចាក់ ហើយទម្រាំតែបានចាក់ថតគឺខាតពេលយូរៗ ព្រោះគ្មានការត្រៀមទុកជាមុន។ កម្មវិធីមួយនេះ មានតែក្រដាស់បង្ហាញពីកម្មវិធីបន្តបន្ទាប់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការអនុវត្តន៏ជាក់ស្ដែងត្រូវបានគេរិះគន់ថាបក្សពួក ហើយបើតួដែលរាំនៅក្នុងកម្មវិធីវិញ គឺអ្នកចាត់ចែងតួដែលរងការរិះគន់ស្ទើរតែរាល់លើកនោះ នៅតែខ្វះចំណាត់ការក្នុងការគ្រប់គ្រង ដោយអ្នករាំលើឆាកគឺរាំមិនចុះ អ្នកដែលរាំហើយមិនសូវល្បីឈ្មោះគឺរមែងត្រូវបានបុគ្គលនេះទាញចេញអោយទៅឈរកៀនៗ និង ប្រើសម្ដីមុតៗដល់ពួកគេ រហូតធ្វើអោយតួជាច្រើនចេញមុនកម្មវិធីត្រូវបញ្ចប់ ហើយធ្វើអោយចុងកម្មវិធីស្ទើរតែគ្មសនសិល្បករនៅរាំកំដរឆាក។ កាលពី២ឆ្នាំមុនកម្មវិធីនេះផ្ទុះប្រតិកម្មនឹងអ្នករៀបចំតួក្នុងកម្មវិធីនេះផ្អើលឆាកម្ដងហើយ ដោយសារតែតួដែលអ្នករៀបចំតួនេះមិនស្គាល់ គឺទាញចេញពីឆាក ហើយបើទោះជាតារាដែលគ្មានឈ្មោះក្នុងបញ្ជីក៏ត្រូវបុគ្គលនេះអោយឡើងឆាក បណ្ដាលអោយតួផ្សេងៗត្រូវផ្អឹបចោលព្រោះតែមិនចេះអែនអន ហើយបណ្ដាលអោយប្រតិកម្ម។ អ្នកសិល្បៈមិនតិចទេ ប្រកាសថាបើអ្នកចាត់ចែងតួនៅតែជាបុគ្គលដដែល គឺឆ្នាំក្រោយៗ នឹងបាត់វត្តមានរាំច្រៀងក្នុងកម្មវិធីនេះនោះផង ដោយសារតែបញ្ហាគឺរមែងកើតឡើងច្រំដែល ដោយសារតែអ្នកចាត់ចែងតួ មិនចេះរបៀបគ្រប់គ្រងកម្មវិធីដោយស្មើភាព និង អោយតម្លៃតួអោយស្មើគ្នាដដែលៗ៕