ក្រោយពីមានការទម្លាយថា បេក្ខនារីឈ្មោះ វណ្ណ ណាណា គឺជាកូនស្រីបង្កើតរបស់តារាចម្រៀង លោកវណ្ណា ស័ក្ដ និងជាចៅស្រីបង្កើតរបស់លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងល្បីឈ្មោះ បានធ្វើអោយម្នាក់ៗកាន់តែមានការចាប់អារម្មណ៍ចំពោះបេក្ខនារីវ័យក្មេងរូបនេះយ៉ាងខ្លាំង ដោយសារតែនាងត្រូវគេដឹងថាមានសមត្ថភាពសំឡេងមិនធម្មតាផង។ បទចម្រៀងរបស់នាងត្រូវគេចែកចាយកាន់តែខ្លាំង ដែលធ្វើអោយនាងត្រូវបានគេមើលឃើញថាទទួលបានប្រជាប្រិយភាព និងល្បីរួចស្រេចទៅហើយ ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ដោយសារតែមានជីដូន និងឪពុក សុទ្ធតែជាអ្នកសិល្បៈល្បីឈ្មោះ។
ចម្រៀងមួយបទរបស់នាងក្រោមចំណងជើងថា«បឹងហ្គាវ៉ាន់សូឡូ» ត្រូវគេឃើញចែកចាយយ៉ាងគួរអោយចាប់អារម្មណ៍នៅលើហ្វេសប៊ុកតែម្ដង ដោយសារតែនាងអាចបញ្ចេញសំឡេងពោរពេញដោយទឹកដមពីរោះផ្អែមស្រទន់ ស្របគ្នាដែលនាងក៏ត្រូវគេស្គាល់ថាជាចៅបង្កើតរបស់លោកយាយ ណយ សំណាង និងជាកូនស្រីច្បងរបស់តារាចម្រៀងM លោក វណ្ណា ស័ក្ដ។ នាងត្រូវគេប៉ាន់ស្មានថានឹងខ្លាំងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២នេះ ជាពិសេសនៅពេលដែលនាងចាប់ផ្ដើមផ្ទុះខ្លាំងក្នុងស្រទាប់មហាជនដោយមិនប្រើរយៈពេលវែង ព្រោះតែមានសមត្ថភាព ហើយកន្ត្រាក់បានការចាប់អារម្មណ៍ពីមហាជនភ្លាមៗព្រោះតែចំហាយជីដូន និងឪពុក។ មួយបទ«បឹងហ្គាវ៉ាន់សូឡូ»របស់នាង ទទួលបានការសរសើរយ៉ាងខ្លាំង ដ្បិតថានៅមិនទាន់ដឹងថាតើនាងនឹងមានវាសនាគ្រងពានលំដាប់ពិភពលោកនេះ ឬក៏អត់។
តារាកំប្លែង អ្នកស្រី ណយ សំណាង ធ្លាប់បានទម្លាយថា កូនស្រីច្បងរបស់លោក វណ្ណា ស័ក្ដ មាននិស្ស័យចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ហើយដោយសារតែនាងមានសមត្ថភាពសំឡេងគួរអោយសរសើរនោះផង ទើបអ្នកស្រី និងកូនប្រុសគឺ លោកវណ្ណា ស័ក្ដ ជំរុញបន្ថែម។ អ្នកស្រីថាខ្លួនជិតអស់សមត្ថភាពបន្តការងារសិល្បៈហើយ ទើបមានតែរំពឹងថាចៅស្រីម្នាក់នេះ នឹងអាចស្នងតំណែង ហើយបានក្លាយជាតារាចម្រៀងអាជីពម្នាក់ ដើម្បីរកលុយមកបន្តការសិក្សារបស់ខ្លួនផង និងដើម្បីបានជួយផ្គត់ផ្គត់ដល់គ្រួសារផង៕