គ្រាន់តែបញ្ចប់បុណ្យភ្ជុំភ្លាមក្ដៅៗ តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ ត្រូវរងព្រនុងដោយការជេរប្រមាថពីសំណាក់អ្នកចូលទស្សនាការLive របស់លោកតែម្ដង កាលពីព្រឹកថ្ងៃទី១១ តុលា ដែលទំនងមកពីលើមានការភាន់ច្រលំ លើចំណងជើងកាត់តរបស់យូធូបដែលបានបង្ហោះថា«ហ៊ុនសែនប្រកាសចាប់ខ្លួនជាបន្ទាន់ ម្ចាស់បទ ភ្ជុំបិណ្ឌនឹកស្រុក ខេម ភ័យខ្លួនហើយ»ភ្ជាប់ជាមួយនឹងវិទ្យុអាស៊ីសេរី ហើយបានវាយប្រហារទៅកាន់វិទ្យុមួយនេះ ខណៈដែលព័ត៌មាននៅខាងក្នុង គឺមិនដូចនឹងចំណងជើងកាត់សូម្បីតែបន្តិច។ អ្នកចូលទស្សនាការ Live របស់លោក បានប្រើពាក្យអសុរសជាច្រើន បន្ទាប់ពីបានស្ដាប់ការបកស្រាយទាំំងភាន់ច្រលំរបស់លោក ខណៈដែលអ្នកគាំទ្រទទូចអោយលោកនិយាយសំដៅទៅលើយូធូបដែលកាត់តចំណងផ្ទុយពីការពិត ដើម្បីកុំអោយមានការយល់ច្រលំលើតារាចម្រៀងរបស់ថោន នោះទើបជាការប្រសើរ។
ចាត់ទុកថាជួបរឿងមិនល្អបន្តិច ដែលលោក ករុណា ពេជ្រ ទទួលបានការប្រមាថទាំំងព្រឹកក្រោយបុណ្យភ្ជុំ ដោយសារតែលោកភាន់ច្រលំលើចំណងជើងដែលកាត់តដោយយូធូប នឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី។ ការប្រមាថចំពោះលោក ទំនងជាកើតឡើងដោយសារតែលោកមិនបានស្ដាប់ពីអត្ថន័យខាងក្នុង ដោយគ្រាន់តែឃើញចំណងជើង ហើយដាក់ភ្ជាប់ថាការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ តុលា ក៏ចេញវីដេអូLive វាយប្រហារលើវិទ្យុមួយនេះតែម្ដង។ អ្នកចូលទស្សនាការLive របស់លោកជាច្រើន បានប្រើពាក្យមិនសមរម្យចំពោះលោក ប៉ុន្តែបណ្ដាលមកពីលោករវល់តែបកស្រាយ ហើយមិនបានអានការបញ្ជាក់របស់អ្នកគាំទ្រ ទើបលោកនៅតែនិយាយសំដៅទៅលើវិទ្យុអាស៊ីសេរី បណ្ដាលអោយមានអ្នកជេរច្រើនឡើង។ យ៉ាងណាមិញ ទន្ទឹមនឹងមានការជេរប្រមាថចំពោះលោក ក៏មានអ្នកកាន់ជើងលោកផងដែរ ថាទំនងជាងលោកឆេះដុំដោយគ្រាន់តែឃើញចំណងជើងដែលបានបង្ហោះឡើង ហើយស្មានថាអត្ថន័យដែលនៅខាងក្នុងក៏ដូចគ្នាដែរ ទើបបណ្ដាលអោយលោកវាយប្រហារទៅកាន់ស្ថាប័នមួយទាំងខុស ហើយបណ្ដាលអោយមានការរិះគន់បែបនេះ៕