Miss Grand Cambodia ធ្វើអោយឈុតសម័យចេនឡា រស់ឡើងវិញ

0

ពលរដ្ឋខ្មែរតិចណាស់ដែលបានស្គាល់វប្បធម៌អរិយធម៌របស់ខ្មែរ នៅក្នុងសម័យចេនឡា ជាពិសេសគឺសំលៀកបំពាក់ និងគ្រឿងលម្អតែម្ដង ដោយសារតែវប្បធម៌របស់ខ្មែរនៅក្នុងសម័យនោះ មានលក្ខណៈជាឥណ្ឌាភាគច្រើន។ យ៉ាងណាមិញ ក្នុងការប្រកួត Miss Grand International នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងដំណើរការក្នុងប៉ុន្មានថ្ងៃនេះ បេក្ខនារីតំណាងអោយប្រទេសកម្ពុជា បានគ្រងឈុតក្នុងសម័យចេនឡាឡើងវិញ ធ្វើអោយអរិយធម៌របស់ខ្មែរនៅក្នុងសម័យនោះត្រូវបានស្គាល់ បើទោះជាអ្នកខ្វះការស្រាវជ្រាវខ្លះ បានរិះគន់ថាបេក្ខនារីខ្មែរគ្រងឈុតជាតិសាសន៍ផ្សេង ព្រោះតែមិនស្គាល់អរិយធម៌ដើមរបស់ខ្មែរក្នុងសម័យចេនឡាច្បាស់លាស់។

បេក្ខនារីកម្ពុជា ដែលចេញទៅប្រកួត Miss Grand International នោះ គឺកញ្ញា ឌី លីកា ដោយនាងត្រូវបានអ្នកដឹកនាំទៅច្នៃឈុតអោយនាងឆ្លុះបញ្ចាំងពីសម័យកាលចេនឡា ដែលឈុតរបស់នាងគឺមានតែក្នុងរូបចំលាក់ដែលគេឃើញនៅតាមប្រាសាទដូចជាប្រាសាទសំបូរព្រៃគុហ៍ជាដើម តែសម្រាប់អ្នកខ្វះការសិក្សាស្រាវជ្រាវគឺពិតជាយល់ថានោះជាឈុតជនជាតិផ្សេង។ ឈុតដែលនាងគ្រងប្រកួតនោះគឺមានឈ្មោះថា ឈុត«ទេពីស្រ៊ីសួគ៍បវរឥសានបុរៈ» ដែលតំណាងអោយអាណាចក្រខ្មែរក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ន ដែលជាស្ថាបនិកក្រុងឥសានបុរៈ នៅខេត្តកំពង់ធំ។ យ៉ាងណាក៏ដោយក្រោយពីមានការពន្យល់ពីអ្នកឯកទេស បានធ្វើអោយឈុតក្នុងសម័យចេនឡា ដែលបេក្ខនារីរូបនេះយកទៅប្រកួតក្នុងព្រឹត្តិការណ៍ Miss Grand International 2018 នៅភូមា ត្រូវបានគេចាប់អារម្មណ៍ឡើងវិញ ក្នុងពេលដែលក្រោយបញ្ចប់ការរិះគន់ព្រោះតែមានការយល់ច្រលំថាឈុតនោះមិនដឹងស្ថិតក្នុងរចនាបទណា ក៏មានការទទួលស្គាល់ថាអរិយធម៌ខ្មែរកាលពីអតីតកាល ពិតជាសំបូរបែបដែលទាមទារអោយមានការស្វែងយល់ច្រើនថែមទៀត ដើម្បីស្គាល់អស់។

មួយឈុតរបស់កញ្ញា ឌី លីកា បានធ្វើអោយគេនឹកដល់ទេវរូបនៅក្នុងសម័យចេនឡា ហើយបង្ហាញការគាំទ្រចំពោះនាងយ៉ាងខ្លាំង ដោយម្នាក់ៗទទូចអោយមានការចែកចាយ និងបោះឆ្នោតអោយនាង ដើម្បីអោយនាងបានឈ្នះតំណែងជាបេក្ខនារីដែលគ្រងឈុតតំណាងជាតិបានស្អាត និងលេចធ្លោរជាងគេផង។ យ៉ាងណាមិញ មានការប៉ាន់ស្មានថាសំលេងតែមួយពីពលរដ្ឋក្នុងប្រទេសនឹងមិនទាន់គ្រប់គ្រាន់នោះទេ បើគ្មានការគាំទ្របន្ថែមពីបងប្អូនខ្មែរនៅឯក្រៅប្រទេសទេ៕