ក្នុងពិធីបិទបញ្ចប់ភាពយន្តភាគរឿង«មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ តុលា តារាសម្ដែងកញ្ញា យ៉ែម ស្រីពេជ្រ ដែលតួឯកក្នុងភាពយន្តនេះ បានទម្លាយអោយដឹងពីមូលហេតុដែលនាំអោយម្ដាយរបស់នាងកោរសក់ ដោយនាងបង្ហើបថាសក់នាងដែលក្រាស់រាល់ថ្ងៃក៏បានពីការយកសក់ម្ដាយមកត និងមកពាក់បន្ថែមផងដែរ។ នាងបានថ្លែងបែបនេះ ក្នុងពេលដែលនាងបានប្រគក់កាដូពិសេសជូនម្ដាយលើឆាក ហើយធ្វើអោយម្ដាយរបស់នាងរំភើបដល់ហូរទឹកភ្នែក។
កញ្ញា យ៉ែម ស្រីពេជ្រ និយាយថា មុនពេលម្ដាយរបស់នាងកោរសក់ គឺអ្នកស្រីមានសក់វែងស្អាត ប៉ុន្តែដោយសារតែអ្នកស្រីមានជំងឺដុំសាច់នៅក្លៀក ហើយបានផ្សងថា បើដុំសាច់នោះជាដុំសាច់ស្លូត នោះអ្នកស្រីនឹងកោរសក់ថ្វាយ ទើបអ្នកស្រីសម្រេចចិត្តកោរសក់ ក្រោយពេលដែលនាងជូនអ្នកស្រីទៅពេទ្យ ហើយរកឃើញថាដុំសាច់នោះជាដុំសាច់ធម្មតា។ កញ្ញាថា ម្ដាយរបស់នាងភ័យរឿងមានដុំសាច់ឡើងឈឺបាយមិនបានសម្រាកមិនបាន អ៊ីចឹងហើយទើបនាងខ្លោចចិត្តអាណិតអ្នកស្រី ហើយបានទិញក្រវិលមួយគូយកពញាក់អារម្មណ៍អោយអ្នកស្រីនៅក្នុងពិធីបិទបញ្ចប់រឿង«មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ ដើម្បីអោយម្ដាយបានសប្បាយចិត្ត។ អ្វីដែលកញ្ញាបានទម្លាយទៀតនោះ គឺសក់ម្ដាយរបស់ដែលបានកោរនោះ កញ្ញាមិនបានបោះចោលនោះទេ គឺបានយកមកតពាក់អោយសក់ខ្លួនក្រាស់ដូចដែលបានឃើញ ដោយនាងបង្ហើបថាបើកុំតែបានសក់ពិតៗរបស់ម្ដាយយកមកត និងពាក់បន្ថែមអោយក្រាស់ និងអោយវែង គឺប្រហែលជាមិនបានសក់ស្អាតបែបហ្នឹងឡើយ។
ជាមួយនឹងការទម្លាយអោយដឹងពាក់ព័ន្ធពីម្ដាយ កញ្ញា យ៉ែម ស្រីពេជ្រ ក៏បានលើកឡើងពីផលវិបាក ដែលទម្រាំតែនាងអាចថតបញ្ចប់ភាពយន្តរឿង«មន្ដស្នេហ៍អនុសេនីយ៍» នេះផងដែរ ដោយសារតែភាពយន្តនេះ គម្រោងចាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥ នៅដើមឆ្នាំ២០១៩ខាងមុខ ដើម្បីដើម្បីទុកពេលកាត់តអោយបានគ្រប់គ្រាន់។ នាងថាក្នុងភាពយន្តនេះ នាងគឺមន្ត្រីកងយោធពលខេមរភូមិន្ទ ហើយនាងក៏ចំណាយពេលបង្វឹកខ្លួនឯងខុសពីរឿងមុនៗផងដែរ ដោយមិនអាចសម្ដែងជាតួទាហានបានស្រួលទេ សម្រាប់មួយរឿងនេះ។ យ៉ាងណាមិញ នាងមិនទាន់រំពឹងថានឹងជោគជ័យគម្រិតណាទេ សម្រាប់ស្នាដៃមួយនេះ ដោយគ្រាន់តែអះអាងថារំពឹងច្រើន៕