កូវីតផ្ទុះខ្លាំង តែ Angelina Jolie បង្ហាញខ្លួននៅអង្គរវត្ត

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថតប៉ុន្មានសន្លឹករបស់តារាហូលីវូត Angelina Jolie បង្ហាញខ្លួននៅប្រាសាទអង្គរវត្តទាំងដែលកូវីតប្រភេទអូមីក្រុង កំពុងផ្ទុះខ្លាំង។ បើទោះជាគ្មានការបញ្ជាក់ថា លោកស្រីមកកម្ពុជាតាំងពីណា តែគេអាចដឹងថានេះគឺជារូបថ្មីៗ នៅទីតាំងប្រាសាទអង្គរវត្ត ដែលបង្ហាញថាលោកស្រីនៅតែស្រលាញ់ប្រាសាទខ្មែរ ហើយប្រហែលជាមានបេសកកម្មសំខាន់ ទើបអ្នកនាងចុះមកស្រុកខ្មែរ ទាំងកូវីតកំពុងរាលដាល។ រូបថតដែលគេប្រមាញ់លោកស្រីបាន ត្រូវបានគេបង្ហោះ ហើយមានការចុះផ្សាយយ៉ាងភ្លូកទឹកភ្លូកដី ដែលនេះក៏ជាមុខមាត់មួយនៃប្រាសាទខ្មែរផងដែរ ដែលបង្ហាញថាអង្គរវត្តនៅតែទាក់ទាញអ្នកល្បីៗ និង អន្តរជាតិ អោយចង់មកកម្សាន្ត បើទោះជាប្រទេសកាន់តែច្រើនខំចម្លងប្រាសាទខ្មែរ ដាក់នៅក្នុងប្រទេសរបស់ខ្លួន។

គួរជម្រាបថា តារាស្រីវ័យ៤៦ឆ្នាំរូបនេះទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏ត្រូវបានព្រះមហាក្សត្រខ្មែរផ្ដល់សញ្ជាតិខ្មែរអោយផងដែរ បន្ទាប់ពីលោកស្រី បានមកធ្វើសកម្មភាពសប្បុរសធម៌ជាច្រើននៅកម្ពុជា និង បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹមធ្វើកូន តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២០ឆ្នាំហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here