កាលពីល្ងាចថ្ងៃទី៦ តុលា ក្រុមការងារផលិតភាពយន្តភាគ រឿង«មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីបញ្ចប់ការថតរបស់ខ្លួនយ៉ាងអធឹកអធម ដោយធ្វើពិធីជប់លៀងជួបជុំតួសម្ដែង ផលិតករ និងក្រុមការងារនៅភោជនីយដ្ឋានទន្លេបាសាក់២។ ប៉ុន្តែភាពយន្តមួយនេះ បែរជាត្រូវបានប្រកាសថារហូតដល់អំឡុងខែ២ ឆ្នាំ២០១៩ ទើបដាក់ផ្សាយជាផ្លូវការ។
លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា បើទោះជាភាពយន្តរឿង«មន្តស្នេហ៍ អនុសេនីយ៍» ត្រូវបានបញ្ចប់សកម្មភាពក្នុងការថតនៅក្នុងពេលនេះ ក៏តារាងដាក់បញ្ចាំងភាពយន្តនេះនៅប៉ុស្ដិ៍លេខ៥ គឺកំណត់ដាក់ផ្សាយនៅក្នុងម៉ោងមាស រហូតដល់ខែកុម្ភៈក្នុងឆ្នាំក្រោយ ដោយសារតែក្រុមការងារផលិត ត្រូវការកាត់ត និងដំឡើងពន្លឺ ដំឡើងសំឡេង ដោយប្រើរយៈពេលយូរទៀត។ លោកថាភាពយន្តនេះ គឺជារឿងដែលនិយាយស្ទើរទាំងស្រុង ពាក់ព័ន្ធនឹងសកម្មភាពរបស់កងយោធពលខេមរៈភូមិន្ទ ដោយនេះក៏ជាការងារដំបូងរបស់ក្រុមការងារផលិតផងដែរ ដែលត្រូវចំណាយពេលច្រើនថតនៅក្នុងបន្ទាយ ហើយជាការងារដែលធ្វើអោយតួសម្ដែងប្រឈមនឹងការលំបាកបំផុត ជាពិសេសគឺត្រូវចំណាយពេលហ្វឹកហាត់ពាក់ព័ន្ធនឹងទាហាន មុននឹងចេញថត។ លោកកោតសរសើរចំពោះតួសម្ដែង និងក្រុមការងារ ដែលតស៊ូថតបញ្ចប់រឿងនេះបានដោយជោគជ័យ ដោយលោករំពឹងថាក្រោយពេលកាត់តរួចរាល់ គឺប៉ុស្ដិ៍លេខ៥នឹងទទួលបានភាពយន្តមួយដ៏ល្អនៅពេលចាក់ផ្សាយនៅដើមឆ្នាំ២០១៩ខាងមុខ។
នៅក្នុងពិធីជប់លៀងបិទកាមេរ៉ានោះ តារាសម្ដែងភាគច្រើនបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ តែក៏បានបង្ហាញពីផលវិបាកជាច្រើនទម្រាំតែអាចថតបញ្ចប់ភាពយន្តមួយនេះបានដោយជោគជ័យ។ កញ្ញា យ៉ែម ស្រីពេជ្រ លោក បញ្ញា សិដ្ឋ អ្នកនាង សឿន ផាភួង និងតារាសម្ដែងច្រើននាក់ទៀត ដែលជាតួអង្គសំខាន់ៗនៅក្នុងភាពយន្តនោះ សុទ្ធតែអះអាងថា បានថតមួយរឿងនេះ គឺស្គាល់សុះសាច់នូវផលវិបាក ដោយសារតែភាពយន្តនេះ ដ្បិតថាមានឈុតកាច់កុងស្នេហាជារបៀបសិល្បៈ ប៉ុន្តែក៏បង្ហាញពីសកម្មភាពរបស់មន្ត្រីកងយោធពលខេមរភូមិន្ទនៅក្នុងបន្ទាយ និងពេលចេញប្រតិបត្តិការណ៍ភាគច្រើន ទើបធ្វើអោយតារាសម្ដែងទាំំងអស់ចំណាយពេលហ្វឹកហាត់យ៉ាងលំបាកមុនដល់ប្លង់ថត។ ភាពយន្តនេះ រំពឹងថានឹងទទួលបានជោគជ័យខ្ពស់ ជាពិសេសក្នុងពេលក្រុមការងារផលិតក៏មានពេលច្រើនខែ ដើម្បីកាត់ត និងដំឡើងបច្ចេកទេសអោយបានល្អ ទម្រាំដល់ពេលដាក់ផ្សាយនៅដើមឆ្នាំក្រោយ។