គ្មានអ្នកណាមិនដឹងនោះទេ ថាបទ«អ្នកណាកែចិត្តបង?» ដែលជាបទបទល្បីផ្ទុះខ្លាំង និងមានអ្នកស្ដាប់នៅលើយូធូបរហូតដល់ជិត ២០លានដង គឺជាបទរបស់តារាចម្រៀង កញ្ញា សោភា ទេពី ដែលជាអតីតបេក្ខនារីក្នុងកម្មវិធី Cambodian Idol កាលពីរដូវកាលទី៣។ អ៊ីចឹងហើយទើប ក្រោយចម្រៀងមួយបទនេះ ត្រូវបានផលិតជាMV ក្ដៅៗ នៅក្នុងផលិតកម្ម Zone Production បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា នាងបានកុងត្រាចូលផលិតកម្មមួយនេះហើយ ទើបបទរបស់នាងត្រូវបានគេចំណាយផលិតជាសាច់រឿង។ ពាក់ព័ន្ធនឹងរឿងរសើបនេះ សមីខ្លួន ចេញមុខបដិសេធភ្លាមៗ។
កញ្ញា សោភា ទេពី និយាយថា បទចម្រៀង«អ្នកណាកែប្រែចិត្តបង?» ពិតជាបទរបស់នាងច្រៀងអោយផលិតកម្មZone Production ពិតមែន ប៉ុន្តែជាបទដែលនាងថតច្រៀងអោយតាំងពីនាងមិនទាន់ចូលប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោករបស់ហង្សមាសម្លេះ ដោយការថតច្រៀងពេលនោះក៏ច្រៀងក្នុងលក្ខណ្ឌមិនមានកុងត្រា។ ក្រោយមកដោយសារតែនាងចូលប្រលងក្នុងកម្មវិធី Cambodian Idol រវាង នាង និងផលិតកម្ម Zone Production ក៏កាត់ផ្ដាច់ពីគ្នា បើទោះជាខាងផលិតកម្មបានបញ្ចេញបទ«អ្នកណាកែប្រែចិត្តបង?» ហើយបទនោះក៏មានសន្ទុះខ្លាំង ទន្ទឹមនឹងពេលនាងចូលប្រកួតប្រជែងច្រៀងនៅហង្សមាស។ នាងថាសប្បាយចិត្ត ដែលផលិតកម្ម Zone Productionបានយកបទរបស់នាងផលិតជាMV ប៉ុន្តែមិនមាននន័យថាបានកុងត្រា ឬព្រមព្រៀងធ្វើជាតារាចម្រៀងរបស់ផលិតកម្មមួយនេះទេ ដោយសារតែរវាងនាង និងផលិតកម្ម មិនដែលមានការចចារណាមួយចាប់តាំងពីបានបញ្ចប់ការងារជាមួយគ្នា។ យ៉ាងណាមិញ នាងថាមិនមាគម្រោងកុងត្រាចូលផលិតកម្ម Zone Production ឬ ក៏BN Production ដែលបានសហការផលិតបទនោះឡើយ ដោយសារតែនាងនៅតែចង់ពង្រឹងសមត្ថភាពក្នុងនាមជាតារាចម្រៀងឯករាជ្យ ហើយផលិតបទផ្ទាល់ខ្លួន។
សោភា ទេពី បញ្ជាក់ថាបណ្ដាផលិតកម្មច្រើនឡើងបានទាក់ទងយកនាងកុងត្រា ប៉ុន្តែនាងថាបំណងចង់ចូលតែផលិតកម្មធំ ហើយបើមិនបានចូលគឺសុខចិត្តនៅច្រៀងឯករាជ្យដូចរាល់ថ្ងៃ ទើបនាងមិនទាន់សម្រេចចិត្តចូល។ នាងស្នើអោយបញ្ចប់ការយល់ច្រលំ ពាក់ព័ន្ធនឹងបទ«អ្នកណាកែប្រែចិត្តបង?» ដែលត្រូវបានផលិតជាMV នៅក្នុងផលិតកម្មដែលនាងធ្លាប់ច្រៀង ដោយនាងប្រាប់ថានោះជាសិទ្ធិរបស់ Zone Production ប៉ុណ្ណោះ គឺមិនពាក់ព័ន្ធចំពោះរូបនាងសម្រាប់ការធ្វើអាជីវកម្មលើបទនោះឡើយ៕