អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia និង ម្ចាស់ហាងពេជ្រ CSNJ និយាយអ្វីខ្លះជាមួយនឹងគម្រោងឆ្នាំ2022 ក្នុងជំនួបបវរកញ្ញាចក្រវាលកម្ពុជាទាំង4ជំនាន់

0

អត្ថបទ៖ Neath

កាលពីព្រឹកថ្ងៃទី 23 ខែមករា ឆ្នាំ 2022 មុននេះគណៈគ្រប់គ្រងកម្មវិធី Miss Universe Cambodia និង ម្ចាស់ហាងពេជ្រ CSNJ បានរួមគ្នាបង្កើតឱ្យមានកម្មវិធីជួបជុំសំណេះសំណាលជាមួយនឹងបវរកញ្ញាចក្រវាលកម្ពុជាទាំង4ជំនាន់ដើម្បីជជែកសួរនាំពាក់ព័ន្ធទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗក្នុងកំឡុងពេលចេញទៅប្រកួតលើឆាកអន្តរជាតិ។ បន្ទាប់ពីម្ចាស់ជ័យលាភីបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ2021 កញ្ញា ងិន ម៉ារ៉ាឌី ទើបតែវិលត្រឡប់ពីការប្រកួតនាពេលថ្មីៗនេះនៅប្រទេសអ៉ីស្រាអែល។

នៅក្នុងកិច្ចសំណេះសំណាលនេះដែរក៏មានវត្តមានលោក ម៉ែន និមលរត្ន័ ម្ចាស់ក្រុមហ៊ុន CIM និងលោក ចិន សំណាង ដែលជាម្ចាស់ហាងពេជ្រ CSNJ និងជាអ្នកជួយជ្រោមជ្រែងនូវក្នុងកម្មវិធី MUC តែម្ដងព្រមទាំងកញ្ញា រឿន ណាត កញ្ញាឯកឆ្នាំ2018, កញ្ញា សំណាង អេលីណា កញ្ញាឯកឆ្នាំ 2019, កញ្ញា រ៉េត សារីតា កញ្ញាឯកឆ្នាំ 2020 និង ម្ចាស់ជ័យលាភីឆ្នាំ2021 កញ្ញា ងិន ម៉ារ៉ាឌី ក្រោមការជជីកដេញដោលយ៉ាងស្វិតស្វាញពីសំណាក់អ្នកសារព័ត៌មាន និងហ្វេន Page ជាច្រើនដែលបានចូលរួម។

លោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia បានមានប្រសាសន៍ថា ឆ្លងកាត់ការបញ្ជូនបវរកញ្ញាទៅប្រកួតលើឆាកអន្តរជាតិប៉ុន្មានជំនាន់មកនេះ លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះបេក្ខនារីតំណាងឱ្យកម្ពុជាយើងដែលពួកគាត់ពិតជាមានភាពអត់ធ្មត់ខ្ពស់ រាប់បញ្ចូលទាំងការធ្វើដំណើរតាមជើងហោះហើរបើទោះជាវិបត្តិកូវីដធ្វើឱ្យមានភាពរាំងស្ទះ ការតស៊ូព្យាយាមហ្វឹកហាត់ជាមួយអ្នករៀបចំកម្មវិធីនៅក្រៅប្រទេស និងឧបសគ្គខ្លះៗដែលបវរកញ្ញាយើងម្នាក់ៗបានជួបប្រទះក្នុងកំឡុងពេលប្រកួត។

ពិសេសលោកសូមសរសើរដល់បេក្ខនារីតំណាងឱ្យកម្ពុជារបស់យើងគឺពួកគាត់សុទ្ធសឹងតែមានគោលដៅឆន្ទៈពិតប្រាកដយ៉ាងស្វិតស្វាញ និងស្វាហាប់រៀងៗខ្លួនក្នុងការរៀបចំឥរិយាបទ និង បញ្ចេញសម្ថភាពដើម្បីបង្ហាញ បើទោះជាកន្លងមកនេះកម្ពុជានៅមិនទាន់មានឱកាសជាប់ជ័យលាភី ឬឈានចូលដល់វគ្គ Top ណាមួយនៅលើឆាកអន្តរជាតិ។ ហេតុដូច្នេះហើយលោកសង្ឃឹមថាបេក្ខនារីជំនាន់ក្រោយៗមកទៀតនឹងទទួលបាននូវគម្រូពិសេសបទពិសោធន៍ល្អៗជាច្រើនដែលបវរកញ្ញាទាំង4ជំនាន់របស់យើងបានចែករំលែក ដើម្បីឱ្យមានការត្រៀមខ្លួនទុកជាមុន និង ហ្វឹកហាត់អ្វីដែលកម្មវិធីត្រូវការ នឹងត្រូវតែមាន ទាំងសម្រស់ ចំណេះដឹង បទពិសោធន៍ ភាពវ័យឆ្លាត ដើម្បីគ្រងដំណែងបវរកញ្ញាចក្រវាលកម្ពុជាដ៏សាកសមក្នុងការចេញទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកក៏សំណូមពរឱ្យអ្នកគាំទ្រមួយចំនួនបើកចិត្តឱ្យទូលាយ និងធ្វើកការរិះគន់ក្នុងន័យដែលជួយស្ថាបនាដល់កម្មវិធីដើម្បីឱ្យវិស័យបវរកញ្ញាខ្មែរយើងកាន់តែឈានទៅមុន។

លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ និងជាអ្នកជួយជ្រោមជ្រែងក្នុងកម្មវិធី Miss Universe Cambodia បានលើកឡើងថា ថ្វីត្បិតតែរយៈឆ្នាំមុនៗនេះមិនទាន់មានបេក្ខនារីកម្ពុជាយើងណាម្នាក់ទទួលបានឱកាសក្នុងការឈានចូលក្នុងវគ្គ Top ឬក៏ទទួលបាននូវពានរង្វាន់ជ័យលាភីណាមួយនៅលើឆាកអន្តរជាតិនៅឡើយ ក្នុងនាមលោកដែលជាអ្នកឧបត្ថមគាំពាដល់កម្មវិធីមួយរូប លោកនៅមានមានជំនឿចិត្តថាកម្ពុជានឹងទទួលបានឱកាសឈានដល់វគ្គពិសេសៗនៅក្នុងឆ្នាំណាមួយ ខណៈដែលវិស័យបវរកញ្ញាពិសេសបេក្ខភាព Miss Universe ពីមួយជំនាន់ទៅមួយជំនាន់លោកសង្កេតឃើញថាកាន់តែ Update សម្ថភាពអស្ចារ្យរៀងៗខ្លួន ពិសេសគឺមានការទទួលស្គាល់គាំទ្រ និងឱ្យតម្លៃច្រើនពីសំណាក់មហាជន។

អ្វីដែលកាន់តែពិសេសលោកក៏បានបង្ហើបថា ការប្រកួតក្នុងស្រុករបស់កម្មវិធី Miss Universe ក្នុងឆ្នាំ2022 នេះ ក្រៅពីមានការបំពាក់មកុដពេជ្រដែលមានតម្លៃជាង 10ម៉ឺនដុល្លារជូនដល់ម្ចាស់ជ័យលាភីលេខ1 លោកក៏នឹងមានកាដូរលើកទឹកចិត្តជាចិញ្ចៀនពេជ្រម្នាក់1វង់ៗជូនដល់បេក្ខនារីដែលមានឱកាសឈានជើងចូលក្នុងវគ្គ Top20ផងដែរ។ រីឯបេក្ខនារីជាប់ជ័យលាភីឯកក៏នឹងទទួលបាននូវលក្ខខ័ណ្ឌពិសេសៗជាច្រើនដែលលោកនឹងចាត់ចែងធ្វើឱ្យបវរកញ្ញាកម្ពុជាយើងឈានជើងទៅប្រកួតលើឆាកអន្តរជាតិដោយមានទំនុកចិត្ត និងភាពកក់ក្ដៅជាងមុន។ ហើយលោកសង្ឃឹមថាក្នុងឆ្នាំ2022នេះ នឹងមានបេក្ខនារីជើងខ្លាំងជាច្រើនមកដាក់ពាក្យចូលរួមប្រកួតព្រោះលោកសម្លឹងឃើញថាប្រទេសកម្ពុជាយើងសម្បូរទៅដោយអ្នកដែលមានសម្ថភាព ព្រមទាំងសម្រស់ និង ចំណេះដឹង ប៉ុន្តែគ្រាន់តែពួកគេពុំទាន់មានឱកាសក្នុងការឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញា ហើយលោកសង្ឃឹមថាកូនខ្មែរយើងនឹងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការបញ្ចេញសមត្ថភាពដែលខ្លួនមាននៅលើឆាកមួយនេះ និងដើម្បីត្រៀមខ្លួនតំណាងឱ្យកម្ពុជាជាថ្មីបន្តទៅប្រកួតលើឆាកអន្តរជាតិ។