បង្ហាញខ្លួននៅកម្ពុជាភ្លាម តារាសម្ដែងជើងចាស់ ម៉ៅ សុចាន់ធី ប្រកាសដំណឹងល្អភ្លែត

0

បើទោះជាមានដំណឹងបែកបាក់ស្នេហាម្ដងជាពីរដង ក៏អ្នកនាង ម៉ៅ សុចាន់ធី ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងជើងចាស់ នៅតែប្រកាសថាអ្នកនាងនឹងជ្រើសយកបុរសម្នាក់អោយធ្វើជាគូស្នេហ៍នោះដែរ ក្នុងពេលអ្នកនាងចុះមកពីអាមរិក កាលពីរសៀលថ្ងៃទី៥ តុលា មុននេះ។ អ្នកនាងថា ខ្លួននឹងមានដំណឹងភ្ជាប់ពាក្យជាមួយបុរសដែលអ្នកនាងសម្រេចចិត្តជ្រើសយកម្ដងទៀត ប៉ុន្តែបើមានដំណឹងបែកបាក់ជាថ្មី គឺអ្នកនាងនឹងឈប់គិតពីរឿងស្នេហាតែម្ដង ដើម្បីកុំអោយប្រទះតែរឿងមួយនេះម្ដងជាពីរដង។

អ្នកនាងម៉ៅ សុចាន់ធី ថ្លែងភ្លាមក្រោយពីចុះពីលើយន្តហោះថា អ្នកនាងមកលេងស្រុកមួយខែលើកនេះ គឺ ធ្វើបុណ្យក្នុងពេលភ្ជុំបិណ្ឌជួបជុំគ្រួសារ ដោយសារតែអ្នកនាងខកខានធ្វើពិធីឧទ្ទិសកុសលជូនបងប្អូន និងឪពុកម្ដាយដែលបានចែកឋានទៅ តាំងពីសម័យប៉ុលពត ក្នុងពេលភ្ជុំច្រើនឆ្នាំមកហើយ ទើបអ្នកនាងសម្រេចចិត្តចុះមក ដើម្បីបានធ្វើបុណ្យជាមួយប្អូនប្រុសតែម្នាក់របស់អ្នកនាង ដែលមិនព្រមទៅរស់នៅអាមេរិក។ ដំណើរមួយខែនេះ អ្នកនាងក៏មានគម្រោងទៅកម្សាន្តតាមខេត្តពិសេសគឺខេត្តបាត់ដំបង ដែលជាខាតរបស់គូស្នេហ៍ថ្មី ដើម្បីធ្វើពិធីខួបកំណើត និងធ្វើពិធីភ្ជាប់ពាក្យរួមគ្នាអោយបានគគ្រឹកគគ្រេងផងដែរ ដើម្បីអោយមហាជនបានដឹងឮ និងធ្វើសាក្សីថាក្រោយពេលអ្នកនាងសម្រេចចិត្តជ្រើសយកបុរសម្នាក់ថ្មីនោះ តើគេអាចរក្សាស្នេហារបស់អ្នកនាងបានដូចអ្វីដែលបានអះអាង ឬដូចបុរសមុនៗ។

អ្នកនាងថាពិធីភ្ជាប់ពាក្យ នឹងត្រូវធ្វើឡើងនៅខេត្តបាត់ដំបង ដោយអ្នកនាងប្រកាសថាការសម្រេចចិត្តបង្កើតស្នេហាថ្មីនេះ គឺជាស្នេហាចុងក្រោយ ដោយអ្នកនាងនឹងមិនយកអ្នកណាធ្វើជាគូស្នេហ៍ទៀតទេ បើអ្នកនាងប្រទះរឿងបែកបាក់ម្ដងទៀត។ អ្នកនាងថាបុរសដែលអ្នកនាងដាក់ចិត្តស្រឡាញ់ចុងក្រោយនេះ មានឈ្មោះថា លោក រ៉ាម៉ូ គឺជាអ្នកចម្ការនៅខេត្តបបាត់ដំបង តែរវាងអ្នកនាង និងគ្រួសារបុរសនោះ គឺសុទ្ធតែបានស្គាល់គ្នា និងឯកភាពគ្នាទាំងស្រុង។

អ៊ីចឹងហើយទើបក្នុងពេលដែលអ្នកនាងចុះពីយន្ត គេឃើញទាំងបុរសដែលអ្នកនាងស្រឡាញ់ និងឪពុកម្ដាយខាងប្រុស មកទទួលព្រមគ្នា ដែលបង្ហាញយ៉ាងច្បាស់ថាស្នេហាចុងក្រោយ របស់អ្នកនាង មានចំណុចរឹងមាំជាងមុន។ ដោយឡែក លោក រ៉ាម៉ូ ដែលជាគូស្នេហ៍មានអាយុតិចជាងអ្នកនាង បានថ្លែងក្នុងពិធីទទួលអ្នកនាងដល់ព្រមាននោះដែរ លោកនឹងស្ម័គ្រចិត្តយកអ្នកនាងជាភរិយាដោយមិនប្រកាន់វ័យនោះទេ បើទោះជាធ្លាប់បានបែកបាក់ភរិយារួចម្ដង និងធ្លាប់ជាពោះម៉ាយគ្មានកូន។ លោកថាមិនត្រូវតោងអ្នកនាងម៉ៅ សុចាន់ធី ចេញទៅអាមេរិកនោះទេ ប៉ុន្តែអ្វីដែលលោកសម្រេចចិត្តជ្រើសយកអ្នកនាង គឺហេតុអាណិតអ្នកនាង ក្រោយពេលបានដឹងពីដំណើរជីវិត។

អ្នកនាង ម៉ៅ សុចាន់ធី បញ្ជាក់ថា អ្នកនាងនៅតែជាអ្នកសិល្បៈ បើទោះជាអ្នកនាងរស់នៅលើទឹកដីអាមេរិកដែលមានឱកាសត្រឹមតែច្រៀងម្ដងម្កាលក្នុងពេលមានការរៀបចំប្រគំតន្ត្រីម្ដងៗ។

ដោយឡែកសម្រាប់ដំណើរចុះមកមួយខែនេះ អ្នកនាងក៏នឹងបង្ហាញខ្លួនឡើងឆាក ក្នុងកិច្ចសម្ភាសន៍ និងការឡើងច្រៀង តបតាមការអញ្ជើញផងដែរ ប្រសិនបើមានការអញ្ជើញណាមួយ អោយអ្នកនាងបង្ហាញខ្លួន៕