អ្នកគ្រូ គង់ ណារី សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ

0

តាំងពីដើមសប្ដាហ៍មកម្ល៉េះ ដែលសាស្រ្តាចារ្យសិល្បៈល្បីឈ្មោះ គឺ អ្នកគ្រូ គង់ ណារី បានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីជំងឺក្រិនថ្លើម និងទឹកក្នុងសួតរបស់អ្នកគ្រូធ្លាក់ដល់ដំណាក់កាលធ្ងន់ធរ។ ប្រភពីអ្នកជំនិតរបស់អ្នកគ្រូបានអះអាងថា អ្នកគ្រូស្ថិតក្នុងការខ្វះខាតលទ្ធភាពយ៉ាងខ្លាំង ដោយសារគ្រប់ការព្យាបាល គឺខាងមន្ទីរពេទ្យតម្រូវអោយអ្នកគ្រូបង់ចំណាយគ្រប់ផ្នែក បើទោះជាអ្នកគ្រូត្រូវគេស្គាល់ថាជាវិរៈសិល្បការិនីមួយរូប ដែលមានស្នាដៃច្រើនជួយដល់សង្គម។

លោក សន សុវណ្ណារ៉ា សមាជិកគ្រួសារតារាកម្ពុជា ដែលត្រូវគេស្គាល់ថាជាសិស្សជំនិតរបស់អ្នកគ្រូគង់ ណារី បានថ្លែងបញ្ជាក់ថា អ្នកគ្រូស្ថិតនៅក្នុងការសង្គ្រោះដោយមន្ទីរពេទ្យលោកសង្ឃ តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍មកម្លេះ ដោយក្នុងពេលនេះអ្នកគ្រូ មានសភាពធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីជំងឺក្រិនថ្លើម និងទឹកចូលសួតរបស់អ្នកគ្រូកាន់តែមានសភាពធ្ងន់។
លោកថាអ្នកគ្រូស្ថិតនៅក្នុងបន្ទប់ G1 G2 ក្នុងអាគារជំងឺទូទៅ ខាងផ្នែកពោះវៀនក្រពះ ដោយប៉ុន្មានថ្ងៃមកនេះ អ្នកគ្រូត្រូវពេទ្យបូបទឹកចេញពីសួតរាល់ថ្ងៃ ដើម្បីការពារកុំអោយជំងឺអ្នកគ្រូកាន់តែធ្ងន់។ យ៉ាងណាក៏ដោយលោកបានសម្ដែងក្ដីបារម្ភពីសភាពជំងឺរបស់អ្នកគ្រូ ដោយលោកប្រកាសថាតម្រូវការក្នុងព្យាបាលជំងឺដែលបានកើតឡើងនេះ ក៏ធ្វើអោយអ្នកគ្រូមិនមានលទ្ធភាពផងដែរ។

លោក សន សុវណ្ណារ៉ា ទទូចអោយមានការបរិច្ចាគជួយដល់អ្នកគ្រូ ដើម្បីអោយអ្នកគ្រូអាចបន្តលទ្ធភាព ក្នុងពេលដែលជំងឺរបស់អ្នកគ្រូ លោកថាមានតែការទៅមុខ នឹងត្រូវការការសង្គ្រោះអោយបានរួសរាន់ ដើម្បីបញ្ចៀសជំងឺធ្ងន់ធ្ងរ។ ជាមួយនឹងការអំពាវនាវអោយមានការចុះសួរសុខទុក្ខដល់អ្នកគ្រូដើម្បីផ្ដល់ជាកម្លាំងចិត្ត លោកក៏ទទូចអោយមានការអន្តរាគមន៍ជួយអោយអ្នកគ្រូបានទទួលការព្យាបាលដោយមិនគិតថ្លៃជាមុន និងស្នើអោយមានការផ្ដល់ជំនួយជួយសង្គ្រោះដល់អ្នកគ្រូនៅក្នុងពេលនេះ។
សូមទំនាក់ផ្ដល់ជំនួយដោយផ្ទាល់ តាមរយៈលេខ 016 83 77 99