ក្នុងពិធីសម្ពោធសម្អាងការហ្សាណា (Zana Wedding) កាលពីយប់ថ្ងៃទី៣ តុលា ម្ចាស់សម្អាងការនេះ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាសម្ដែង លោក ឃីម ហ្សានីត ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Mr. United Cambodia ដោយគ្រោងនឹងជ្រើសយកលោកជាតារាកុងត្រាផ្ដាច់មុខ ដែលមិនធ្លាប់មានសម្រាប់តារាលើការងារសម្អាងការ។ ភាគីទាំងសងខាត បានទាំំងអះអាងថា ការចរចាគឺនៅសល់តែបញ្ហាតម្លៃខ្លួនប៉ុណ្ណោះ។
កញ្ញា ថៃ ហ្សាណា ម្ចាស់សម្អាងការហ្សាណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យភីផ្នែកផាត់មុខក្នុងកម្មវិធី Revelon ប្រចាំខែ១១ កាលពីឆ្នាំ២០១៧ បានថ្លែងប្រាប់ថា ដោយសារតែ លោក ឃីម ហ្សានីត មានរូបរាងខ្ពស់សង្ហារ មុខមាត់កូនកាត់ ហើយមិនធ្លាប់លេចធ្លោថតផ្សាយអោយសម្អាងការណាមួយមុនឡើងកូដ ទើបកញ្ញាពិចារណាចង់បានលោកជាតារាថតសម្អាងផ្ដាច់មុខ។ កញ្ញាថា ក្រោយពីលោក ឃីម ហ្សានីត ថតម៉ូដអោយសម្អាងការហ្សាណា ដើម្បីដាក់តាំងមុខហាងម្ដង គឺធ្វើអោយកញ្ញាមើលឃើញពីការចង់បានតារារូបនេះ ដើម្បីថតផ្សាយអោយផ្ដាច់មុខតែម្ដង ដោយកញ្ញានឹងគ្រោងជជែកពីរឿងលក្ខណ្ឌជាមួយលោកលម្អិតនៅក្រោយបញ្ចប់បុណ្យភ្ជុំ។ កញ្ញាថាខ្លួនមានសម្អាងតែមួយសាខាប៉ុណ្ណោះ នៅផ្លូវ៣១០ កែងផ្លូវ៦៣ ជាប់មន្ទីរពេទ្យមេគង្គ នៅម្ដុំបឹងកេងកង តែមានជំនាញផាត់មុខ និងសម្អាងយូរឆ្នាំមកហើយ។
លោក ឃីម ហ្សានីត បានថ្លែងប្រាប់ថា មកទល់ពេលនេះ លោកមានសម្អាងការច្រើនគួរសម ទាក់ទងអោយថតម៉ូដសម្អាងការដូចគ្នានឹងការថតម៉ូដអោយសម្អាងការហ្សាណា ដែរ ប៉ុន្តែដោយសារតែលោកស្ថិតក្នុងការរង់ចាំពីការចចាររបស់ កញ្ញា ថៃ ហ្សាណា ទើបលោកដំអក់មិនទទួល ម្យ៉ាងចង់បានកុងត្រាលើការងារសម្អាងការ អោយប្លែកពីតារាដទៃផង។ លោកថាតម្លៃក្នុងការផ្ដាច់មុខ ខ្លួនមិនកាត់ខ្ពស់ពេកទេ ពោលគឺអោយតែបានរង្វង់ពាន់ដុល្លារ គឺលោកនឹងអាចទទួលហើយ៕