ធ្លាប់តែបង្ហាញភាពលេចធ្លោក្នុងកម្មវិធីប្រពៃណីធំៗ ដូចជាអ៊ុទូក និងចូលឆ្នាំ កាលពីយប់ថ្ងៃទី៣ តុលា គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនClip Media ក្រុមហ៊ុនឯកទេសបន្តផ្ទាល់ Best Solution និងក្រុមហ៊ុន DL Cambodia បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរំលេចវប្បធម៌ប្រពៃណី តាមរយៈព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ផងដែរ ដើម្បីអោយតារាខ្មែរបានរួមចំណែកទម្រង់សំលៀកបំពាក់ ក្នុងឱកាសបុណ្យភ្ជុំ។ តារាសិល្បៈច្រើនរូប ត្រូវគេឃើញអណ្ដែតសម្រស់គួរអោយសរសើរ នៅពេលបានគ្រងនូវឈុតប្រពៃណីខ្មែរ ដែលភាគច្រើនជាឈុតដែលខ្មែរនិយមប្រើនៅក្នុងឱកាសបុណ្យភ្ជុំនោះ។
អ្នកទស្សនាតាមការផ្សាយផ្ទាល់ និងការទស្សនាផ្ទាល់ សុទ្ធតែលាន់មាត់ថា ពិតជាស្រស់ស្អាតណាស់ សម្រាប់តារាខ្មែរ ដែលបានគ្រងឈុតស និងទឹកប្រាក់តម្រូវតាមកម្មវិធីទៅវត្តអារ៉ាម ក្នុងអំឡុងរដូវភ្ជុំ។ សំលៀកបំពាក់ដែលច្នៃចេញពីហូល ផាមួង អាវប៉ាក់ និងអាវបំពង់ បែបខ្មែរ ដែលបានបង្ហាញឡើងដោយគ្រួសារតារាកម្ពុជា ស្ទើរមិនមានការមិនលាន់មាត់សរសើរថាមិនស្រស់ស្អាតនោះ ដោយសារតែឈុតទាំំងនោះ ជាការឆ្លុះបញ្ចាំងនូវវប្បធម៌ និងអរិយរបស់ខ្មែរ ក្នុងឱកាសបុណ្យភ្ជុំ។
ក្នុងនោះបទចម្រៀងដែលបានបកស្រាយពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីមួយនេះពីសំណាក់តារាចម្រៀងគ្រប់រូប ក៏រឹតតែបំប៉ោងអោយព្រឹត្តិការណ៍មួយនេះកក្រើក ក្នុងម៉ោងបន្តផ្ទាល់លើផេកចំនួន៥ធំៗព្រមគ្នា។
តារាដែលបានបង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតនោះ រួមមាន កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន, កញ្ញាប៊េប៊ី លោកមាស មុនីរាជ លោកម៉ារ៉ា ប៊ុណ្ណា, អ្នកនាងចាន់ ផល្លា, កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ, អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស, លោកនាង វ៉ាងសាន់ ពិធីករហង្សមាស, កញ្ញាភីយ៉ា, លោកត្រាយ៉ាកូ, កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្ដិ៍បាយ័ន, កញ្ញា កែវ ពេជ្រកុសុម៉ា, កញ្ញា ច័ន្ទណារី, តារាចម្រៀង លោកស៊ឹម ស៊ីណាត, ពិធីករ លោក សន សុវណ្ណារ៉ា, ម្ចាស់ពានតារាគ្រងឈុតបុរាណស័ក្ដសមប្រចាំឆ្នាំ លោក រុន ណាកូ , តារាចម្រៀង លោក លី ណាកូ, តារាចម្រៀងកញ្ញា មាស អាលីស, និង លោក សាក់ ស៊ីឌី ដោយតារាម្នាក់ៗត្រូវគេឃើញទទួលបានការគាំទ្រយ៉ាងខ្លាំង។