ក្នុងវីដេអូឃ្លីបមួយថ្មី ដែលបានផ្ញើមកកាន់ផ្ទះតារា អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោម៉ា ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយស្វាមី នៅក្នុងប្រទេសអាឡឺម៉ង់ បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីវីដេអូពីជនជាតិខ្មែរដែលល្បីតាមបណ្ដាញសង្គមជាច្រើន ត្រូវបានចែកចាយនៅសង្គមអឺរ៉ុប។ ថ្វីត្បិតតែនៅកម្ពុជារឿងរ៉ាវទាំងនោះ បានស្ងប់ទៅហើយ តែអ្នកអង្គម្ចាស់ក្សត្រីថា នៅក្នុងក្រសែភ្នែកបរទេស នៅតែបន្តរិះគន់ទង្វើទាំងនោះ។
អ្នកអង្គម្ចាស់ក្សត្រីបានបង្ហាញប្រតិកម្មថា ជនជាតិខ្មែរមិនគួរធ្វើរឿងអវិជ្ជមានព្រោះតែចង់ល្បីល្បាញ ឬ ចង់លក់ដូរតាមបណ្ដាញសង្គមដាច់នោះទេ ដោយសារតែទង្វើ និង សកម្មភាពទាំងនោះ បានជះឥទ្ធិពលដល់ក្រៅប្រទេសដែលគេធ្លាប់តែដឹងថាជនជាតិខ្មែរថ្លៃថ្នូរ។ អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោម៉ា បានបង្ហាញពីជំហរមិនសព្វព្រះទ័យថា តើជារឿងគួរឬទេ ដែលគ្រាន់តែចង់អោយគេចាប់អារម្មណ៍សុខចិត្តធ្វើវីដេអូចង់ស៊ីសត្វទាំងរស់ ជារឿងថ្លៃថ្នូរឬទេ ដែលស្ត្រីខ្មែរ បែរអោបថើបគ្នាពេល Live និង បង្ហាញអ្នកនេះជាសង្សារ អ្នកនោះជាសង្សារ ដោយលែងអៀនខ្មាស់ ដោយយកបណ្ដាញTik Tok និង ហ្វេសប៊ុកជាទីលានបើកបង្ហាញ។ អ្នកអង្គម្ចាស់ក្សត្រីបន្តថា អ្នកខ្លះធ្វើជាឈ្លោះប្ដីប្រពន្ធខ្លួនឯង អ្នកខ្លះឈ្លោះគ្នា អ្នកខ្លះសម្ដែងធ្វើព្រះសង្ឃ ហើយរាំរែកធ្វើអោយខូចតម្លៃសាសនា អ្នកខ្លះធ្វើរឿងផ្សេងៗ ដើម្បីអោយគេចាប់អារម្មណ៍ ដោយស្លៀកពាក់ស៊ិចស៊ី និង ធ្វើរឿងរាប់មិនអស់ផ្សេងទៀត ព្រោះតែចង់អោយគេរិះគន់ និង ចង់ល្បី។
ជាក់ស្ដែងវីដេអូទាំងនោះ អ្នកអង្គម្ចាស់ក្សត្រីមិនដែលបានតាមដាននោះទេ ប៉ុន្តែមានជនបរទេសដែលមានទំនាក់ទំនងជាមួយអ្នកអង្គម្ចាស់ក្សត្រី បានយកវីដេអូទាំងនោះ មកសួរថា តើម្ចាស់វីដេអូជាខ្មែរ ឬ ជាសាសន៍ណា ដែលធ្វើអោយអ្នកអង្គម្ចាស់ក្នុងនាមជាឈាមជ័រម្នាក់ខ្មាស់ជាតិសាសន៍ដទៃ។ អ្នកអង្គម្ចាស់ក្សត្រីមានបន្ទូលថា អ្នកមួយចំនួនតូចនោះ មិនមែនមិនដឹងថា ទាំងនោះជារឿងមិនល្អទេ តែគឺពួកគេសុខចិត្តអោយគេជេរ ដើម្បីបានល្បី ហើយទង្វើនេះ វាកំពុងតែតាមៗគ្នា ជះឥទ្ធិពលដល់យុវវ័យ រហូតមានអ្នកខ្លះយល់ថា បើធ្វើអ្វីមួយដែលគេមិនជេរ គឺគេមិនងាយស្គាល់។ ក្រសួងវប្បធម៌ និង ក្រសួងកិច្ចការនារី គួរតែដើរតួសំខាន់មានប្រតិកម្ម ដើម្បីបង្ហាញពីប្រសិទ្ធភាព ក៏ដូចជាដើម្បីអោយអ្នកអនឡាញផ្សេងទៀត ចេះប្រើវិធីដែលថ្លៃថ្នូរ ដើម្បីកុំអោយបន្តផលិតវីដេអូ នាំអោយរងការរិះគន់។
អ្នកអង្គម្ចាស់ក្សត្រីយ៍បន្តទៀតថា គឺជារឿងមិនយល់ដែលបុគ្គលទាំងនោះធ្វើរឿងអោយគេជេរពេញផ្ទៃប្រទេស ហើយធ្វើជាសុំទោស រួចក៏គ្មានក្រសួងស្ថាប័នណាទប់ស្កាត់កុំអោយមានគំរូក្រោយៗបន្តទាល់តែសោះ ដែលធ្វើអោយបុគ្គលមួយចំនួនមោទនភាពនឹងភាពល្បីល្បាញដែលកើតពីទង្វើមិនល្អ។ រឿងរ៉ាវបង្អាប់តម្លៃជាតិនេះ គួរតែមានការផាកវិន័យ ឬ ព្រមានណាមួយ ដោយមិនគួរបណ្ដោយអោយអ្នកលក់អនឡាញមិនថ្លៃថ្នួរមួយចំនួននោះគ្រាន់តែសុំទោសរួចខ្លួនៗ បង្កើតជាគំរូមិនល្អតគ្នាឡើយ៕