តារាចម្រៀងលំដាប់ជួរមុខ លោក ឆាយ វិរៈយុទ្ធ ស្ម័គ្រចិត្តគ្រងតំណែងជា Brand Ambassador ដើម្បីលើកស្ទួយ គាំទ្រវិស័យអប់រំគួរឱ្យសរសើរ

0

ចាត់ទុកថាគឺជាលើកទី១ ដែលតារាល្បីល្បាញលំដាប់យុវវ័យលោក ឆាយ វិរៈយុទ្ធ ត្រូវបានគេអះអាងថា បានស្ម័គ្រចិត្តទទួលធ្វើជាអ្នកតំណាងផ្ដាច់មុខ ដោយមិនគិតប្រាក់កម្រៃជារៀងរហូត ដើម្បីសាលាអន្តរជាតិថ្មីមួយ ទទួលបានការចាប់អារម្មណ៍ បើទោះជាសាលាអន្តរជាតិ ដែលបង្កើតឡើងដោយអាណិកជនអាមេរិក ដែលមានដើមកំណើតជាជនជាតិកូរ៉េនេះគិតកម្រៃក្នុងការសិក្សាជាធម្មតា ដោយមិនមែនបើកសាលាដើម្បីផ្ដល់អោយកូនខ្មែរសិក្សាដោយមិនគិតថ្លៃ។ ចម្ងល់ជាច្រើនកំពុងតែកើតមានឡើងដោយសារតែ លោក ឆាយ វិរៈយុទ្ធ និង ភរិយា មិនជាប់សាច់ញាតិអ្វី នឹងថៅកែជនជាតិកូរ៉េ ដែលរស់នៅអាមេរិក ដែលជាអ្នកបោះទុននេះទេ ហើយបើទោះជាកូនក្មួយរបស់លោក និង ភរិយា ត្រូវគេដឹងមានខ្លះកំពុងសិក្សានៅក្នុងសាលាអន្តរជាតិមួយនេះ តែក៏បង់ថ្លៃសិក្សាដូចគេដូចឯងនោះដែរ ថ្វីដ្បិតតែមានការបញ្ចុះតម្លៃបន្តិច។

មានការចោទសួរថា អ្វីជាចលករដែលជំរុញអោយតារាចម្រៀងល្បីល្បាញរូបនេះ ស្ម័គ្រចិត្តជួយពង្រីកអាជីវកម្មបើកសាលារបស់ជនបរទេសរូបនេះ ហេតុអ្វីបានជាលោកលះបង់ដល់ថ្នាក់មិនគិតប្រាក់កម្រៃក្នុងរយៈពេលវែងជាមួយវិស័យមួយនេះ ទាំងដែលលោក និង ភរិយា មិនទទួលបាននូវអត្ថប្រយោជន៍មួយដែលសមនឹងការលះបង់។ លោក ឆាយ វិរៈយុទ្ធ បានអះអាងក្នុងពិធីតែងតាំងកាលពីព្រឹកថ្ងៃទី១៥ វិវ្ឆិកា ឆ្នាំ២០២១មុននេះថា លោក និង គ្រួសារ អត់មានភាគហ៊ុនជាមួយសាលានេះទេ ហើយលោកក៏មិនទទួលបានភាគរយពីការរីកចំរើនរបស់សាលាអន្តរជាតិមួយនេះ ក្រោយពេលចាប់ដៃផងដែរ ប៉ុន្តែគឺមានហេតុផលធំមួយ ដែលធ្វើអោយលោកសម្រេចចិត្តជួយដល់សាលានេះ និង ជួយដល់ម្ចាស់សាលាដែលជនជាតិបរទេសម្នាក់នោះ គឺដោយសារតែបុរសវ័យចំណាស់ដែលជនជាតិអាមេរិក និង មានសញ្ជាតិដើមជាជនជាតិកូរ៉េនោះ ជាអ្នកជំនួញបរទេសដែលមានឆន្ទៈជួយដល់កូនខ្មែរ ក្នុងការពង្រីក និង ជួយវិស័យអប់រំនៅកម្ពុជា។

លោកថា គម្រោងបើកសាលាអន្តរជាតិ ដែលមានទីតាំងនៅក្បែរផ្សាដីហុយ ក្នុងខណ្ឌសែនសុខនេះ បុរសបរទេសដែលជាថៅកែ មិនមែនដើម្បីចង់បានផលចំណេញ ឬ ចង់ក្លាយជាអ្នកមានពីការបង់ប្រាក់របស់សិស្សដែលចុះឈ្មោះចូលរៀននោះទេ តែគឺដើម្បីតែទប់ទល់ថ្លៃជួលទីតាំង ប្រាក់ខែបុគ្គលិកដើម្បីផ្ដល់ឱកាសការងារដល់កូនខ្មែរ និង ដើម្បីយកមកពង្រឹងគុណភាពសិក្សានៅក្នុងសាលា ក៏ដូចជាដើម្បីអាចបន្តលទ្ធភាពពង្រីកសាខាបន្តបន្ទាប់ នៅតាមទីតាំងផ្សេង និង តាមបណ្ដាខេត្តប៉ុណ្ណោះ ទើបលោកមិនរុញរាក្នុងការសហការ។

លោកថាផ្អែកតាមលទ្ធភាពបុរសជាជនកូរ៉េដែលជាម្ចាស់សាលា គឺដល់វ័យចូលនិវត្តន៍ និង រស់នៅយ៉ាងសោយសុខនៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែក្ដីស្រលាញ់ និង ចង់ជួយពង្រឹងលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាអោយកាន់តែទូលាយ ទើបលោកសុខចិត្តបោះបង់គ្រួសារ និង កន្លែងសើយសុខ ហើយត្រាំត្រែងយកលុយសម្រាប់វ័យចាស់មកបើកសាលាអន្តរជាតិ ដើម្បីជួយដល់កូនខ្មែរ អោយមានលទ្ធភាពទទួលបានការសិក្សាអោយត្រូវស្ដង់ដារ និង ស្ថិតក្នុងតម្លៃសិក្សាសមស្រប ដើម្បីជាប្រយោជន៍កូនខ្មែរ ចុះហេតុអ្វីក្នុងនាមលោកគឺជាកូនខ្មែរមួយរូបដែរ ដែលគ្រាន់តែជួយផ្សព្វផ្សាយអោយសាលាអន្តរជាតិរបស់លោកមានការរីកចំរើននីកម្ពុជា មិនហ៊ានលះបង់ជួយដោយគ្រាន់តែស្ម័គ្រចិត្តជួយជំរុញដល់សាលាមិនគិតកម្រៃនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here