​បែបនឹងសោះ ទើបរឿង«មិត្តប្ញស្យា»ក្រុងពាលី មិនចាំចប់ភ្ជុំ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសិល្បៈភាគច្រើននៅក្នុងពេលនេះមមាញឹកញឹកនឹងការធ្វើបុណ្យទានជួបជុំក្រុមគ្រួសារ ដោយតារាមួយចំនួនបានទាំងផ្អាកទទួលការងារ ដើម្បីមានឱកាសបានទៅធ្វើបុណ្យជួបជុំក្រុមគ្រួសារនៅតាមទីអារ៉ាមនោះផង។ នៅក្នុងកាលៈទេសៈនេះ ប៉ុស្ដិ៍លេខ៥បែរជាដាក់ថ្ងៃក្រុងពាលីរឿង«មិត្តប្ញស្យា»តែម្ដង កាលពីព្រឹកថ្ងៃទី២ តុលា ដោយអះអាងថា ទោះជាក្នុងរដូវភ្ជុំក៏សម្រុកចេញថត ព្រោះតែមានតម្រូវការភាពយន្តនៅក្នុងម៉ោងមាស។

តំណាងប៉ុស្ដិ៍លេខ៥ បានអះអាងថា បើតាមបរិយាកាសប៉ះចំថ្ងៃភ្ជុំ ក្រុមផលិតករប្រចាំនៅប៉ុស្ដិ៍លេខ៥ ត្រូវទុកភាពយន្តនេះថតក្រោយពេលភ្ជុំឯណោះទេ ប៉ុន្តែបណ្ដាលមកពីនៅប៉ុស្ដិ៍លេខ៥ត្រូវប្រឈមមិនមានរឿងភាគខ្មែរដាក់បញ្ចាំងបើមិនព្រមសម្រុកចេញថតបន្តភ្លាមៗ ទោះក្រុមការងារសម្រេចក្រុងពាលី។ លោក ហួង តារាមុន្នី តំណាងប៉ុស្ដិ៍លេខ៥បញ្ជាក់ថា ភាពយន្តនៅប៉ុស្ដិ៍លេខ៥ទទួលបានការគាំទ្រកាន់តែខ្លាំងនាពេលចុងក្រោយ ដោយសារតែក្នុងមួយយប់ត្រូវបញ្ចាំង២ម៉ោងនៅចន្លោះពីម៉ោង៧ ដល់ម៉ោង៩ ដើម្បីកុំអោយភាពយន្តមួយចំណាយពេលយូរៗ។ ក្រៅពីក្រុមផលិតផ្ទាល់របស់ប៉ុស្ដិ៍ លោកថាផលិតកម្មខាងក្រៅរបស់ប៉ុស្ដិ៍លេខ៥ក៏មានចំនួនច្រើនដែរ ប៉ុន្តែតម្រូវការភាពយន្តសម្រាប់ដាក់បញ្ចាំងគឺនៅតែខ្វះ ទើបមិនអាចសម្រាកទុកពេលចោល ទោះជាក្នុងរដូវភ្ជុំនេះ។

លោក ហួង តារាមុន្នី បន្តថា ភាពយន្តរឿង«មិត្តប្ញស្យា»នឹងត្រូវចចេញថតអោយបានច្រើននៅអំឡុងមុនសម្រាកភ្ជុំ ដោយក្នុងការថតនេះ ក៏កំណត់អោយថតឈុតឆាកទៅវត្តទៅវ៉ា នៅតាមទីអារ៉ា កុំអោយពិបាករៀប ប្លង់។ លោកថាភាពយន្តមួយនេះ នឹងត្រូវផ្សាយបណ្ដើរថតបណ្ដើរ ដោយមិនរង់ចាំទាល់តែថតរឿងចប់ទើបដាក់បញ្ចាំងនោះឡើយ។ ក្នុងពិធីក្រុងពាលីនោះ គេឃើញមានវត្តមានតារាសិល្បៈច្រើននាក់ចូលរួម ដោយក្រោយក្រុងពាលីត្រូវបញ្ចប់ ក៏មានការរៀបចំថតនូវប្លង់មួយចំនួន ដែលក្រុមការងារបញ្ជាក់ថា ជាការសង្កត់រឿងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here