តារាច្រើនរូប រួមគ្នាបំផុសពិធីបុណ្យភ្ជុំ នៅថ្ងៃទី៣ តុលា

0

នៅថ្ងៃទី៣ តុលា ខាងមុខ នេះ សមាជិកគ្រួសារតារាកម្ពុជាច្រើនរូប នឹងរួមដៃគ្នាច្រៀងរាំ ដើរម៉ូដ និងតែងប្រែតបំផុសពីព្រឹត្តិការណ៍ភ្ជុំដើម្បីអោយសាធារណៈជនបានឃើញ ដោយកម្មវិធីនេះ ត្រូវបានរៀបចំប្រព័ន្ធផ្សាយបន្តផ្ទាល់លើផេកជាច្រើនព្រមគ្នានោះផង ដើម្បីផ្សព្វផ្សាយខ្លឹមសារកម្មវិធីលើកកម្ពស់បុណ្យភ្ជុំមួយនេះ អោយមានការដឹងឮ។ តារាចាស់ក្មេងល្បីៗ និងរះពន្លកថ្មីច្រើនរូប នឹងបង្ហាញខ្លួនក្នុងវេទិកានេះ ខណៈដែលមានការរំពឹងថាព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»នឹងមានការចាប់អារម្មណ៍។

យោងតាមការប្រកាសលើផេក«គ្រួសារតារាកម្ពុជា» តារាច្រើនរូបដែលនឹងចូលខ្លួនធ្វើកម្មវិធីតែងប្រែតដែលមានឈ្មោះថា«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»កក្រើកនៅថ្ងៃទី៣ តុលានោះ រួមមាន កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន លោកម៉ារ៉ា ប៊ុណ្ណា អ្នកនាងចាន់ ផល្លា កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស លោកនាង វ៉ាងសាន់ ពិធីករហង្សមាស កញ្ញាភីយ៉ា លោកត្រាយ៉ាកូ កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្ដិ៍បាយ័ន លោកស៊ឹម ស៊ីណាត លោក សន សុវណ្ណារ៉ា តារាចម្រៀងកញ្ញា មាស អាលីស លោក សាក់ ស៊ីឌី កញ្ញាភី សម័យ និងតារាៗជាច្រើនរូបនេះ នឹងស្ម័គ្រចិត្តច្រៀងរាំ ដើរម៉ូដ ជាពិសេសគឺតែងប្រែត នៅក្នុងកម្មវិធីដែលគ្រោងបន្តផ្ទាល់លើផេកជាច្រើនចាប់ពីម៉ោង៣រសៀលតទៅ នៅថ្ងៃទី៣ តុលានោះ។ កម្មវិធីនេះ មិនផ្ដោតការទាក់ទាញអោយមានអ្នកចូលរួមកុះករនោះទេ ប៉ុន្តែសម្រាប់អ្នកចង់ចូលរួម ត្រូវស្លៀកពាក់ដូចទៅវត្ត ដើម្បីបំផុសពីប្រពៃណីខែភ្ជុំ។ កម្មវិធីនេះ នឹងមានការសម្ដែងល្ខោនខោល ការដើរម៉ូដទៅវត្ត ការច្រៀងរាំទាក់ទងនឹងបុណ្យភ្ជុំ ការសម្ដែងលើឆាក និងការតែងតួជាប្រែត ដើម្បីរំលឹកអោយឃើញពីមូលហេតុនៃពិធីបុណ្យភ្ជុំជាដើម។

តារាទាំងអស់មិនត្រឹមតែចូលរួមដើម្បីលើកកម្ពស់កម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកស្ទួយប្រពៃណីខែភ្ជុំ និងបានបន្សល់នូវស្នាដៃនៅលើបណ្ដាញយូធូប តាមរយៈការផ្សាយផ្ទាល់លើផេកជាច្រើនព្រមគ្នានោះផងដែរ៕